ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅខេត្តនានារបស់ថៃជារៀងរាល់ថ្ងៃ ជាពិសេស នៅទីក្រុងបាងកក មានភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងជាមួយសំឡេងផ្គរលាន់ ដែលធ្វើឱ្យការធ្វើដំណើរតាមផ្លូវជាច្រើនកន្លែងក្នុងទីក្រុងស្ទះចរាចរណ៍ខ្លាំង ។ លើសពីនេះ លំនៅឋានពលរដ្ឋជាច្រើនខ្នងបានលិចលង់ និងខូចខាតទ្រព្យសម្បត្តិ ដោយម្ចាស់លំនៅឋានគ្មានវិធីដោះស្រាយក្រៅពីរង់ចាំឱ្យទឹកស្រកដោយខ្លួនឯង ។
តាមការលើកឡើងរបស់ពលរដ្ឋ គឺកាលពីថ្ងៃទី៦ ខែកញ្ញា កន្លងមក ភ្លៀងបានធ្លាក់យ៉ាងខ្លាំងធ្វើឱ្យទឹកហូរធ្លាក់ទៅតាមផ្លូវផ្សេងៗក្នុងភូមិលាយឡំជាមួយទឹកលូ ។ ហេតុនេះ ពលរដ្ឋបានសំណូមពរទៅអភិបាលក្រុងបាងកក លោក Chadchart Sittipunt ទទួលខុសត្រូវ និងជួយដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងលិចលំនៅឋានពលរដ្ឋជាបន្ទាន់ ពីព្រោះពេលមានភ្លៀងធ្លាក់ម្តងៗ តែងតែមានទឹកជំនន់គ្រប់ពេល ។

តំបន់នានាក្នុងទីក្រុងបាងកកបានលិចលង់ដោយសារភ្លៀងធ្លាក់ជាច្រើនម៉ោង ខណៈនៅផ្លូវឈូកឆ័យស៊ីឡាតប្រាវ និងផ្លូវផាត់តាណាកាន ក៏មានទឹកលិចផ្លូវខ្ពស់ដូចគ្នា ។ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ការធ្វើដំណើរតាមផ្លូវក្នុងទីក្រុងបាងកកបានស្ទះចរាចរណ៍ខ្លាំងជាងមុន ។
ចំណែកតំបន់នៅជុំវិញទីក្រុងបាងកកមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ដែលបណ្តាលឱ្យទឹកលិចផ្លូវពិបាកដល់ការធ្វើដំណើររបស់ពលរដ្ឋ ។ ជាក់ស្តែង កាលពីថ្ងៃទី៦ ខែកញ្ញា ក្រោយពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់រ៉ាមកំផែង បណ្តាលឱ្យទឹកជំនន់មានកម្ពស់ចាប់ពី៣០សង់ទីម៉ែត្រ ទៅ៤០សង់ទីម៉ែត្រ រថយន្តតូចៗបើកបរនៅតាមផ្លូវខូចខាតជាច្រើនគ្រឿង ។
អភិបាលក្រុងបាងកក លោក Chadchart Sittipunt និងភ្នាក់ងារបង្ហូរទឹកបានចុះពិនិត្យមើលក្នុងតំបន់រ៉ាជដាំណឺនដែលមានទឹកលិចខ្លាំង ជាពិសេស នៅកន្លែងសាងសង់ផ្លូវរថភ្លើងអាកាសពណ៌ស្វាយ កាលពីថ្ងៃទី៦ ខែកញ្ញា ។ លោកថា រយៈពេល៣ឆ្នាំមកនេះដែលលោកកាន់តំណែងជាអភិបាលក្រុងបាងកក ផ្លូវនៅតំបន់រ៉ាជដាំណឺនពុំធ្លាប់លិចលង់បែបនេះទេ ។
វាអាចបណ្តាលមកពីការសាងសង់ផ្លូវរថភ្លើងអាកាសក្នុងតំបន់នេះ ទើបលោកជំរុញឱ្យក្រុមហ៊ុនសាងសង់ផ្លូវរថភ្លើងអាកាសស្វែងរកមូលហេតុ និងការពារកុំឱ្យទឹកលិចខ្លាំងទៀត ។ ក្រៅពីនេះ លោកបានបញ្ជាឱ្យមន្ត្រីយកម៉ាស៊ីនបូមទឹកមកកាន់តំបន់លិចទឹកដើម្បីដោះស្រាយបញ្ហាឱ្យពលរដ្ឋ ។
គួរបញ្ជាក់ថា ទីក្រុងបាងកករបស់ថៃប្រឈមនឹងបញ្ហាទឹកលិចយូរមកហើយ ដោយសារការចោលសំរាមពាសវាលពាសកាលបណ្តាលឱ្យស្ទះប្រព័ន្ធលូបង្ហូរទឹក ។ បើតាមអ្នកជំនាញ គឺទីក្រុងបាងកកប្រឈមនឹងការលិចទឹកនាថ្ងៃអនាគត ទើបអ្នកជំនឿស្នើឱ្យរដ្ឋាភិបាលថៃពិចារណាបង្កើតទីក្រុងថ្មីនៅតំបន់ខ្ពង់រាបដើម្បីកុំឱ្យទឹកជំនន់លិចទីក្រុង ៕
		
	









