ប្រទេសថៃ ៖ ទីក្រុងប៉ាតាយ៉ាដ៏ល្បីល្បាញរបស់ប្រទេសថៃបានរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរក្រោយពីភ្លៀងធ្លាក់ខ្លាំងមិនដល់១ម៉ោង ដែលធ្វើឱ្យពលរដ្ឋថៃត្រូវធ្វើដំណើរកាត់ទឹកលិចត្រឹមចង្កេះ ខណៈកន្លែងខ្លះនៅផ្លូវសុខុមវីដលិចរហូតដល់ត្រឹមក ។ រថយន្ត និងម៉ូតូបើកបរតាមផ្លូវបានលិចទឹករលត់ម៉ាស៊ីន ខូចខាត និងអណ្តែតទឹកជាច្រើនគ្រឿង រីឯម្ចាស់ជាប់ក្នុងរថយន្តរង់ចាំការជួយសង្គ្រោះ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ។
នាវេលាម៉ោង៩យប់ ថ្ងៃទី៧ ខែកញ្ញា សារព័ត៌មានថៃរាយការណ៍ថា នៅទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី មានភ្លៀងធ្លាក់ខ្លាំងមិនដល់១ម៉ោងផង ប៉ុន្តែធ្វើឱ្យទីកន្លែងជាច្រើនក្នុងទីក្រុងនេះលិចទឹកខ្លាំងពិបាកដល់ការធ្វើដំណើររបស់ពលរដ្ឋ ។ ជំនន់ទឹកភ្លៀងបានលិចជ្រៅក្នុងតំបន់ទំនាប ដូចជា ៖ នៅផ្លូវរថភ្លើងម្តុំផ្លូវខោតាឡូ និងផ្លូវជាតិប៉ាតាយ៉ា ដែលធ្វើឱ្យរថយន្ត និងម៉ូតូជាច្រើនគ្រឿងខូចខាត ខណៈរថយន្តខ្លះទៀតពុំអាចបើកបរតាមផ្លូវបាន ។
.jpg)
សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធនៅទីក្រុងប៉ាតាយ៉ា បានលើកផ្ទាំងបដាដាស់តឿនពលរដ្ឋ ដោយបិទផ្លូវនានា និងដោះស្រាយការបង្ហូរទឹកតាមប្រព័ន្ធលូ ពីព្រោះពេលភ្លៀងធ្លាក់ម្តងៗ ប្រព័ន្ធលូចំណាយពេលចាប់ពី១ម៉ោង ទៅ២ម៉ោង ទើបបង្ហូរទឹកអស់ពីទីក្រុង ។ នៅពេលដោះស្រាយបញ្ហាបង្ហូរទឹករួច អាជ្ញាធរក៏បានបើកផ្លូវឱ្យពលរដ្ឋធ្វើដំណើរធម្មតាវិញ ។

ជំនន់ទឹកភ្លៀងនៅទីក្រុងប៉ាតាយ៉ាលើកនេះធ្វើឱ្យរថយន្តបើកបរតាមផ្លូវរលត់ម៉ាស៊ីនអណ្តែតទឹក ខណៈអ្នកបើកបរមួយចំនួនជាប់ក្នុងរថយន្តចេញពុំរួច ។ អាជ្ញាធរបានចាត់កម្លាំងជួយសង្គ្រោះម្ចាស់រថយន្តចេញមកក្រៅដោយសុវត្ថិភាព ហើយគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះមិនមែនទើបតែកើតឡើងនៅទីក្រុងប៉ាតាយ៉ាទេ កន្លងមក ទីក្រុងនេះបានលិចទឹកជាញឹកញាប់ ។.jpg)
ចំណែកខេត្តផ្សេងៗទៀតរបស់ថៃក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិផងដែរ រួមទាំងការបាក់ដី ទឹកហូរលិចស្ពាន និងរន្ទះបាញ់ ដែលធ្វើឱ្យអាជ្ញាធរជូនដំណឹងទៅពលរដ្ឋដើម្បីបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនពីគ្រោះថ្នាក់ ។ ដូចគ្នានេះ នៅទីក្រុងបាងកក និងខេត្តជាច្រើន អាជ្ញាធរបានប្រកាសឱ្យពលរដ្ឋរស់នៅក្បែរទន្លេផ្លាស់ទីជាបន្ទាន់ដើម្បីសុវត្ថិភាព ដោយសារទឹកទន្លេចៅប្រាយ៉ាកើនឡើងកាន់តែខ្ពស់ ។
.jpg)
គួរបញ្ជាក់ថា គ្រោះធម្មជាតិបានវាយប្រហារប្រទេសថៃជាញឹកញាប់ និងខ្លាំងក្លាជាងគេ បើធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ៖ ទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះរញ្ជួយដី ដែលធ្វើឱ្យនាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន ប្តេជ្ញាជួយសង្គ្រោះ និងផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ ៕
		
	









