បន្ទាប់ពីតារាចម្រៀង មាស សុខសោភា ចេញមកលាតត្រដាងចោទប្រកាន់ជាច្រើនទៅកាន់លោក អិត រ៉ាដា ជាអតីតស្វាមីកាលពីកន្លងមកនេះស្រាប់តែអ្នកដឹកនាំការសម្តែង Rith Omega ចេញមកបញ្ជាក់ថាលោក រ៉ាដា ពុំមែនជាមនុស្សប្រុសដូចអ្វីដែលតារាចម្រៀងរូបនេះលើកឡើងឡើយ។ ឃើញ Rith Omega ចេញវីដេអូអំពីខ្លួនបែបនេះលោក រ៉ាដា បានបញ្ជាក់ថា មាស សុខសោភា ជាជនរងគ្រោះដូចលោកដែរហើយពាក្យសម្តីឃោរឃៅគឺមកពី តាសក់ខ្មៅភ្នំត្បែង។
នៅថ្ងៃទី៣ ខែកញ្ញា លោក ឃុន ធារិទ្ធ ហៅ Rith Omega បានចេញវីដេអូមួយជាង៦នាទីដែលនិយាយអំពីតារាចម្រៀង មាស សុខសោភា និង អតីតស្វាមី រួមទាំងតាសក់សភ្នំត្បែង។ អ្នកដឹកនាំការសម្តែងរូបនេះបានអះអាងថាលោកមានការរាប់អានទៅកាន់អ្នកទាំងពីរ ហើយនៅពេលដឹងពីទំនាក់ទំនងរបស់អ្នកនាង មាស សុខសោភា និង តាសក់សភ្នំត្បែងគឺពិតជាពិបាកទទួលយកនិងមានការភ្ញាក់ផ្អើល។ កត្តាដែលចេញវីដេអូនេះ Rith Omega ថាដោយសារតែឃើញអ្នកនាង មាស សុខសោភា ចោទប្រកាន់លោក រ៉ាដា ជាប្តីមិនបានការប្រពន្ធរកស៊ីចិញ្ចឹមជាមនុស្ស GANG ធ្វើឱ្យលោកទើសខ្លាំងព្រោះធ្លាប់យល់អារម្មណ៍ត្រូវគេលាបពណ៌។

Rith Omega បានពន្យល់ថាលោកមិនដឹងរឿងផ្ទៃក្នុងគ្រួសាររបស់អ្នកទាំងពីរយ៉ាងមិចនោះទេ តែលោកនិយាយក្នុងនាមជាអ្នកធ្លាប់ធ្វើការជាមួយគ្នា ហើយលោកមើលមិនឃើញដូចអ្វីដែល មាស សុខសោភា នោះទេ។ លោកមើលឃើញ លោក រ៉ាដា ជាមនុស្សមានសមត្ថភាព ជាអ្នកដឹកនាំមួយរូប នៅពីក្រោយតារាចម្រៀង មាស សុខសោភា គាំទ្រច្រើនក្នុងវិស័សិល្បៈ មិនមែនជាមនុស្សប្រុសឥតប្រយោជន៍ ជាមនុស្សមានចំណេះដឹង ជំនាញ និងជំនួញ។ យ៉ាងណាមិញ Rith Omega អះអាងថា មាស សុខសោភា មិនខុសនោះទេ គឺជាជនរងគ្រោះមួយរូបហើយក៏មិនបានក្បត់ប្តីដែរ ខណៈដើមហេតុដំបូងចាប់ផ្តើមកើតចេញពីការបាក់ទឹកចិត្ត ពីការមិនយល់ចិត្តគ្នាក្នុងគ្រួសារហើយទៅរកគ្រូប៉ុន្តែក៏ប៉ះចំគ្រូលេងមន្តខ្មៅ ឬអាចមកពីមនោគមន៍វិជ្ជា។ ក្នុងនោះ Rith Omega ចង់ឱ្យសិល្បករ សិល្បការិនី ដែលធ្លាប់ធ្វើការជាមួយលោក រ៉ាដា ចេញមកនិយាយការពិតដើម្បីជួយរកយុត្តិធម៌ឱ្យលោក រ៉ាដា ។
ជាមួយនឹងការលើកឡើងរបស់ Rith Omega លោក អិត រ៉ាដា បានចែករំលែកវីដេអូនោះដោយភ្ជាប់មកជាមួយនឹងសម្តីថា «អរគុណមិត្តភ័ក្តិ ខ្ញុំសង្ឃឹមថានឹងមានសិល្បករ និងមនុស្សដែលខ្ញុំធ្លាប់បានធ្វើការជាមួយកាន់តែច្រើន ស្វែងរកភាពក្លាហានក្នុងការនិយាយការពិត។ កុំភ័យខ្លាច។ វាច្បាស់ណាស់ថា ពាក្យឃោរឃៅទាំងនេះគឺមកពី តាសក់ខ្មៅ ភ្នំត្បែង ។ MSP—(មាស សុខសោភា) នាងជាជនរងគ្រោះ ដូចខ្ញុំដែរ។ យើងរួមគ្នាត្រូវតែក្រោកឈរ ហើយបញ្ឈប់សត្វចម្លែកនេះពីការចាប់រំលោភបំពានលើអ្នកដទៃ នឹងអាចមានជនរងគ្រោះបន្តទៀតដោយសារវា ឬក៏ចង់ទុកឱ្យការពិតនៅលាក់ទុកមិនអាចបង្ហាញ?»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅលើបណ្តាញសង្គមហ្វេកប៊ុករបស់ មាស សុខសោភា បានចោ.ទប្រកាន់ទៅអតីតស្វាមីថាបានលួចផិតក្បត់មានស្រី ស្ទើរតែចង់សម្លាប់ខ្លួន ខំច្រៀងរហូតដល់រលូតកូន រកស៊ីចិញ្ចឹមប្តីជាង១០ឆ្នាំ និងរឿងផ្សេងៗទៀត៕.png)










