មានការភ្ញាក់ផ្អើលដោយក្តីហួសចិត្តពន់ពេកព្រោះមិននឹកស្មានថាស្របពេលប្រទេសជាតិជួបទុក្ខលំបាកប្រជាជនគ្រប់ស្រទាប់វណ្ណៈមានការរួបរួមគ្នាយ៉ាងខ្លាំងប៉ុន្តែបែរជាមានជនឆ្លៀតឱកាសដ៏សែនធូរថ្លៃលេបលុយជំនួយដែលសប្បុរជនជួយដល់កងទ័ពជួរមុខ។ 
នៅយប់ថ្ងៃទី៤ ខែកញ្ញា តារាចម្រៀង ជី ដេវីត បានបង្ហោះសំណេរដ៏ភ្ញាក់ផ្អើលមួយថា «មានប្រាំបីលានអត់ហ៊ានផឹកកាហ្វេទេសុខចិត្តឱ្យវាយកទៅជួយបងប្អូននៅខាងមុខ ចុងក្រោយវាបោកអាតិរច្ឆានអើយ កោតវាដាច់ចិត្តស៊ីទៅរួច។ ជីវិតហ្នឹងមិនដឹងរស់ធ្វើស្អីទេអាអើយ ទៅងា-ប់ទៅ ធុញណាស់»។ នៅក្នុងផ្នែកបញ្ចេញមតិយោបល់ ជី ដេវីត បានបង្ហាញរូបភាព Screenshot នៃសារឆ្លើយឆ្លងគ្នារបស់លោកទៅកាន់គណនីមួយ ដោយតារាចម្រៀងជី ដេវីត បានបូកដកគុណចែកទៅលើការចំណាយផ្សេងៗ សរុបទឹកប្រាក់ចំនួន៦៣២០,០០០ រៀល។ គណនីដែលមានការសង្ស័យថាលេបលុយជំនួយនោះមានឈ្មោះថា Sal ។

បន្ទាប់ពីបង្ហើបរឿងនេះរួច ជី ដេវីត បានបង្ហោះសំណេរមួយទៀតថា «តាំងចិត្តមេត្តាថាណ្ហើយចុះ សារនេះផ្តាំចុងក្រោយលុយទាំងអស់ត្រូវទៅដល់ដៃបងប្អូននៅខាងមុខបើមិនដូច្នោះទេទូលទៅ។ បងសង្ឃឹមយ៉ាងខ្លាំងថាប្អូននឹងកែខ្លួនកសាងខ្លួនឡើងវិញ បងនៅតែសង្ឃឹមថាអ៊ីចឹងដោយក្តីមេត្តាលើកនេះ»។
មិនត្រឹមតែតារាចម្រៀង ជី ដេវីត ប៉ុណ្ណោះទេដែលបង្ហើបថាមានអ្នកលេបលុយជំនួញសប្បុរជន ក្នុងនោះអ្នកលក់អនឡាញល្បីឈ្មោះ យូរ៉ា ក៏បានចែករំលែករឿងស្រដៀងគ្នានេះមានអ្នកលេបលុយជំនួយ។
រឿងនេះដែរអ្នកលេងបណ្តាញសង្គមជាច្រើនបានជំរុញឱ្យ ជី ដេវីត កុំបញ្ចប់បញ្ហាត្រឹមនេះគឺចង់ឱ្យមានការប្តឹងស្វែងរកបុគ្គលដែលលេបលុយជំនួយនេះយកមកដាក់ទោសឱ្យសមនឹងទង្វើអមនុស្សធម៌បែបនេះ៕










