ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យអ្នកម៉ៅការពន្លឿនក្នុងការសាងសង់ “ឆ្នេរតេជោសន្តិភាពកែប” ធ្វើយ៉ាងណាអាចឱ្យប្រជាពលរដ្ឋចូលលេងកម្សាន្តបានក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

យោងតាម លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី បានលើកឡើងថា៖” នៅរាជធានីភ្នំពេញនឹងផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដូចនេះតាមបណ្តាខេត្តនឹងក្លាយជាទិសដៅនៃការធ្វើដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសខេត្តតំបន់សមុទ្រ ហេតុនេះការពន្លឿនអនុវត្តគម្រោងឆ្នេរតេជោសន្តិភាពកែប ជាការបើកបង្ហាញសមិទ្ធផលថ្មីជូនពលរដ្ឋបានស្គាល់ ក៏ដូចជាការជួយទាក់ទាញអ្នកទេសចរចូលមកលេងខេត្តកែបកាន់តែច្រើនផងដែរ”។
គម្រោងរមណីយដ្ឋានឆ្នេរខ្សាច់នេះ មានបណ្តោយប្រវែង ២៧០០ម៉ែត្រ ទទឹងប្រវែង៣០ម៉ែត្រ និងមានផ្លូវជិះកង់ចំនួន២គន្លង មានទទឹងប្រវែង ៣ម៉ែត្រ ស្របតាមបណ្តោយឆ្នេរសមុទ្រ។

បន្ថែមពីនេះ ក៏មានរង្វង់មូលគយគន់ទេសភាពចំនួន ២កន្លែង ក្នុងនោះរង្វង់មូលទី១ មានអង្កត់ផ្ចិតប្រវែង៩៩ម៉ែត្រ ស្ថិតនៅចុងវិថីចូលឆ្នេរសមុទ្រទី១ ដែលគ្រោងតម្កល់នូវរូបចម្លាក់លោកយាយជំទាវម៉ៅផងដែរ៕










