រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិនារសៀលថ្ងៃពុធនេះ បានឆ្លើយតបទៅចំពោះបញ្ហាគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដែលបានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនបានជ្រាបអំពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក។
.jpg)
លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា៖ «ការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌ គឺធ្វើឡើងជាប្រចាំតាមផែនការ ដើម្បីជំនួសឱ្យទាហានដែលត្រូវចូលនិវត្តន៍។ ក្នុងនោះផងដែរ សម្រាប់ការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌ យើងមិនមែនធ្វើការជ្រើសរើសតែក្នុងក្របខណ្ឌកងទ័ពជើងគោកប៉ុណ្ណោះទេ ប៉ុន្តែ ក្នុងក្របខ័ណ្ឌកងទ័ពជើងទឹក និងកងទ័ពជើងអាកាស ក៏មានជ្រើសរើសបន្ថែមទ័ពថ្មីដូចគ្នា ទៅតាមផែនការឆ្នាំ២០២៥-២០២៦ នេះផងដែរ»។
គួរជម្រាបថា សម្រាប់លក្ខខណ្ឌ និងលក្ខណសម្បត្តិរបស់យុវជនត្រូវបានកំណត់ដូចខាងក្រោម៖
១. សញ្ជាតិ ខ្មែរ (ភេទប្រុស)
២.អាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ
៣.កម្រិតវប្បធម៌ ចាប់ពីថ្នាក់បឋមភូមិឡើងទៅ
៤ មានកំពស់១៦០សម ឡើងទៅ
៥ មានកាយសម្បទាគ្រប់គ្រាន់ និងសុខភាពល្អតាមតម្រូវការការងារ
៦.មានភក្តិភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ព្រមទាំងគ្មានជាប់ពិរុទ្ធ ឬ បទល្មើសផ្សេងៗ
៧.បេក្ខជនត្រូវពិនិត្យសាវតាជាតិ ដោយកងរាជអាវុធហត្ថលើផ្ទៃប្រទេស
៨.បេក្ខជនមិនស្ថិតក្នុងក្របខ័ណ្ឌរដ្ឋ បើស្ម័គ្រចិត្ត ត្រូវលាលែងពីក្របខ័ណ្ឌដើម
៩.បេក្ខជនត្រូវពិនិត្យសុខភាពមុនពេលពិនិត្យលក្ខណសម្បត្តិ (គ្មានមេរោគថ្លើម អេដស៍ ជំងឺរ៉ាំរ៉ៃ និង ជំងឺសរសៃប្រសាទ)
១០.បេក្ខជនត្រូវត្រួតពិនិត្យរកសាធាតុញៀន ពីគណៈកម្មការ និងអនុគណៈកម្មការ
១១.បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យសុខភាព និងលក្ខណសម្បត្តិ បឋម ពីអនុគណៈកម្មការជ្រើសរើស យុវជនស្ម័គ្រចិត្ត បើមានសង្ស័យ ឬ មិនច្បាស់លាស់ពីអាការៈជម្ងឺ ត្រូវបន្តពិនិត្យវាយតម្លៃពី មន្ទីព្រះកេតុមាលា
១២.បេក្ខជនត្រូវឆ្លងកាត់ការត្រួតពិនិត្យលក្ខណសម្បត្តិ ពីគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត
១៣.ត្រូវបានផ្តល់អាទិភាពចំពោះ សាច់ញាតិរបស់យោធិន ឬអតីតយុទ្ធជន ឬយោធិនពលី-ពិការ ដោយ ផ្អែកទៅតាមលក្ខខណ្ឌ និងលក្ខណសម្បត្តិខាងលើ៕









