អ្នកលក់អនឡាញដ៏ជោគជ័យមួយរូបគឺ ទីនីន បានលើកឡើងទាក់ទងនឹងផលិតផលក្នុងស្រុកដែលកំពុងទទួលបានការគាំទ្រពីពលរដ្ឋខណៈនាងចង់ឱ្យផលិតទំនិញមានគុណភាពកុំបោកប្រាស់ទឹកចិត្តអតិថិជន។ ក្នុងនោះ ទីនីន ក៏បានលើកឡើងករណីមានការក្លែងបន្លំទិញទំនិញពីប្រទេសផ្សេងប៉ុន្តែចាក់ដបដាក់ Logo ថាជាផលិតផលក្នុងស្រុក។

ចាប់តាំងពីមានជម្លោះព្រំដែនរវាងខ្មែរនិងថៃមក ពលរដ្ឋកម្ពុជាបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញធ្វើឱ្យទំនិញមួយចំនួនដាច់ស្តុករកទិញមិនបាន ចំណែកម្ចាស់សហគ្រាសក៏ចាប់ផ្តើមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនជាងមុន។ ទន្ទឹមនឹងចលនាជាតិនិយមគេក៏ឃើញជនឆ្លៀតឱកាសមួយចំនួនបោកប្រាស់អតិថិជនថាជាផលិតផលក្នុងស្រុកប៉ុន្តែផ្ទុយទៅវិញជាការនាំចូលពីប្រទេសផ្សេង។

ជាមួយនឹងការឆ្លើយតបយ៉ាងច្រើនពីពលរដ្ឋគាំទ្រផលិតផលក្នុងស្រុកអ្នកលក់អនឡាញល្បីឈ្មោះ ទីនីន ក៏បានលើកឡើងនៅលើបណ្តាញសង្គមទាក់ទងនឹងចំណុចខាងលើនេះដូចគ្នា។ នៅថ្ងៃទី២ កញ្ញា ទីនីន បានរៀបរាប់ថា «ផលិតផលក្នុងស្រុក តែសុំដាក់គុណភាពឱ្យល្អៗផង ព្រោះពេលនេះបងប្អូនខ្មែរកំពុងបើកចិត្តទទួលយកផលិតផលក្នុងស្រុក ក្នុងឱកាសនេះទាក់ម៉ូយឱ្យបាន។ ជាពិសេសគឺគុណភាពប្រជែងនឹងផលិតផលពួកសៀមឱ្យបាន ខ្ញុំជឿថាយើងធ្វើបាន»។
ទីនីន បានបន្តទៀតថា «កុំរបៀប ទិញសាប៊ូកាដុង ទិញពីចិន ពីវៀតណាម ចាក់ដាក់ដបវ៉ៃ Logo សាប៊ូដុះខ្លួនកក់សក់ ផលិតក្នុងស្រុកបោកប្រាស់ខ្មែរគ្នាឯង ប្រើមិនកើតគេលែងទុកចិត្ត ដល់ពេលមានអ្នកដែលស្រាវជ្រាវបានផលិតផលល្អពិតៗ ចង់ចេញលក់ ក៏គ្មានអ្នកគាំទ្រទៀត ព្រោះគេមិនទុកចិត្តយើង»។
.png)
ការលើកឡើងរបស់ ទីនីន ក៏មានមនុស្សជាច្រើនគាំទ្រនូវអ្វីដែលនាងនិយាយខាងលើនេះខណៈមានការប្តេជ្ញាចិត្តថានឹងជួយគាំទ្រផលិតផលក្នុងស្រុកឬប្រើប្រាស់ទំនិញពីប្រទេសផ្សេងដោយជៀសវាងពីផលិតផលសៀម៕










