ប្រទេសថៃ ៖ ថ្មីៗនេះ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបាននាំមន្ត្រីគណបក្សភឿថៃទៅប្រជុំនៅស្នាក់ការគណបក្សប្រជាជន ដើម្បីឱ្យគណបក្សនេះគាំទ្រលោក ឆ័យក្សេម និទិស៊ិរិ បេក្ខជនគណបក្សភឿថៃធ្វើជានាយករដ្ឋមន្ត្រីថ្មី ខណៈមុននេះ គណបក្សភូមិចៃថៃក៏ស្នើឱ្យគណបក្សប្រជាជនគាំទ្រលោក អនុថីន ឆាន់វីរៈគូន ធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែគណបក្សប្រជាជនពុំទាន់ជ្រើសរើសបេក្ខជនណាមួយទេ ។ អ្នកនាំពាក្យគណបក្សនេះថា ពុំទុកចិត្តគណបក្សទាំងពីរក្នុងការបង្កើតរដ្ឋាភិបាល និងរង់ចាំការប្រជុំសម្រេចនាពេលបន្ទាប់ ។.png)
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោក ភូមិថាំ នាយករដ្ឋមន្ត្រីស្តីទីនិយាយថា គណបក្សភឿថៃមានអំណាចរំលាយសភា ប៉ុន្តែកំពុងរង់ចាំការឆ្លើយតបពីគណបក្សប្រជាជនថា នឹងជ្រើសរើសយកបេក្ខជនគណបក្សណាធ្វើជានាយករដ្ឋមន្ត្រីថ្មី ។ លោកសួរថា តើគណបក្សភូមិចៃថៃល្អជាងគណបក្សភឿថៃត្រង់ណា ទើបគណបក្សប្រជាជនមិនទុកចិត្តគណបក្សភឿថៃក្នុងការបង្កើតរដ្ឋាភិបាល ។
ក្នុងឋានៈនាយករដ្ឋមន្ត្រីស្តីទី លោក ភូមិថាំ មានអំណាចរំលាយសភា ប៉ុន្តែពុំទាន់ពិភាក្សារឿងរំលាយសភា ពីព្រោះពេលនេះ ជាពេលសហការគ្នា ឬស្ថិតក្នុងដំណាក់កាលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ។ បច្ចុប្បន្ន គណបក្សភឿថៃកំពុងរង់ចាំការឆ្លើយតបពីគណបក្សប្រជាជន តើគណបក្សនេះនឹងគាំទ្របេក្ខជនគណបក្សភឿថៃធ្វើជានាយករដ្ឋមន្ត្រីឬក៏អត់ ។
ចំណែកការលើកឡើងថា គណបក្សភឿថៃពុំគោរពការសន្យាជាមួយគណបក្សកាវក្លៃ គឺពុំពិតទេ ពីព្រោះគណបក្សភឿថៃបានគាំទ្រលោក ភីថា លឹមចារើនរ៉ាត់ ធ្វើជានាយករដ្ឋមន្ត្រី ដែលមានសំឡេងគាំទ្ររហូតដល់ជាង១៤០សំឡេង ប៉ុន្តែការបង្កើតរដ្ឋាភិបាលពេលនោះ បានអញ្ជើញគ្រប់គណបក្សមកជជែកគ្នា ហើយគណបក្សនានាពុំទទួលគណបក្សកាវក្លៃ ។
លោក ភូមិថាំ បាននាំក្រុមមន្ត្រីគណបក្សភឿថៃទៅជជែកជាមួយគណបក្សប្រជាជនដល់ស្នាក់ការដើម្បីសុំសំឡេងគាំទ្របេក្ខជនគណបក្សភឿថៃ គឺលោក ឆ័យក្សេម និទិស៊ិរិ ធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែគណបក្សប្រជាជនពុំទុកចិត្តគណបក្សភឿថៃក្នុងការបង្កើតរដ្ឋាភិបាល ។ ហេតុនេះ លោក ភូមិថាំ សួរថា តើគណបក្សភូមិចៃថៃគួរឱ្យទុកចិត្តត្រង់ណា ពីព្រោះបោះឆ្នោតប្រឆាំងរដ្ឋធម្មនុញ្ញរហូតមក គណបក្សប្រជាជនអាចសហការជាមួយគណបក្សភូមិចៃថៃ ប៉ុន្តែកុំនិយាយថា មិនទុកចិត្តគណបក្សភឿថៃ ។

គួរបញ្ជាក់ថា ក្រោយពីលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ធ្លាក់ពីតំណែងភ្លាម មន្ត្រីគណបក្សភូមិចៃថៃបានទៅសុំសំឡេងគាំទ្រពីគណបក្សប្រជាជន (ឬគណបក្សប្រឆាំង) ដែលមានលោក ណាថាផុង រឿងបញ្ញាវុធ ជាប្រធាន ដើម្បីឱ្យគាំទ្រលោក អនុថីន ឆាន់វីរៈគូន ធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់មក គណបក្សភឿថៃក៏បានសុំឱ្យគណបក្សនេះគាំទ្រលោក ឆ័យក្សេម និទិស៊ិរិ ធ្វើជានាយករដ្ឋមន្ត្រី ។ ប៉ុន្តែគណបក្សប្រជាជនពុំទាន់គាំទ្របេក្ខជនណាមួយទេ ដោយសារពុំចិត្តគណបក្សទាំងពីរ ៕










