តូក្យូ៖ ក្រុមហ៊ុនផលិតបង្គន់ដ៏ល្បី ឈ្មោះ TOTO នៃប្រទេសជប៉ុន បានបើកដំណើរការសេវាកម្មថ្មីមួយ កាលពីខែសីហា ថ្មីៗនេះ ដែលជំនួសឲ្យការឈររង់ជាយូរៗ ទម្រាំបានចូលបន្ទប់ទឹក គឺអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចស្កែន QR code តាមទូរស័ព្ទដៃ ដើម្បីស្វែងរកទីតាំងបន្ទប់ទឹកសាធារណៈ និងងាចពិនិត្យមើលថាតើមានមនុស្សចូលច្រើនឬអត់ទៀតផង។

ជប៉ុនក៏ដូចជាប្រទេសផ្សេងៗជាច្រើនទៀតដែរ ដែលមានបញ្ហាតម្រង់ជួរនៅខាងក្រៅបន្ទប់ទឹកសាធារណៈ ដើម្បីបានប្រើប្រាស់បង្គន់ ជាពិសេសសម្រាប់ស្ត្រី នៅតាមស្ថានីយរថភ្លើង និងកន្លែងសាធារណៈជាច្រើនទៀត។
.png)
បន្ថែមលើនេះ សេវាកម្មថ្មីៗរបស់ក្រុមហ៊ុន TOTO ដែលល្បីដោយសារមានបង្គន់បាញ់ទឹកស្វ័យប្រវិត្ត និងមានតន្ត្រីកំដរអារម្មណ៍នៅក្នុងបង្គន់ ដែលអាចភ្ជាប់ទៅនឹងប្រព័ន្ធគ្រប់គ្រងបង្គន់តាមអ៊ីនធឺណិត។ ប្រព័ន្ធនេះអាចជូនដំណឹងស្វ័យប្រវត្តិទៅកាន់បុគ្គលិកថែទាំ នៅពេលបង្គន់មានភាពកខ្វក់ ឬត្រូវបានប្រើប្រាស់យូរពេក។
លោក Tasuku Miyazaki អ្នកនាំពាក្យក្រុមហ៊ុន TOTO បានប្រាប់សារព័ត៌មាន AFP ថា ក្នុងបង្គន់ក៏មានដាក់ QR code ផងដែរ ដែលអាចអោយអ្នកប្រើប្រាស់រាយការណ៍បញ្ហាដូចជា មិនអាចប្រើទឹកបាន ឬឧបករណ៍ខូច។ពិសេសជាងនេះ សេវាកម្មនេះមានបកប្រែជាភាសាជាច្រើន រួមទាំង អង់គ្លេស ចិន និងកូរ៉េផងដែរ ដើម្បីងាយស្រួលសម្រាប់ភ្ញៀវទេសអន្តរជាតិ។
យ៉ាងណាមិញ នៅសិង្ហបុរី និងចិន ក៏មានកម្មវិធីឆ្លាតវៃសម្រាប់ស្វែងរកបន្ទប់ទឹកផងដែរ តែភាគច្រើនការរាយការណ៍ពីអ្នកប្រើប្រាស់ មិនមានទិន្នន័យជាក់លាក់ ដូចជាប្រព័ន្ធថ្មីរបស់ជប៉ុនទេ។ ខណៈនៅអាមេរិក និងអឺរ៉ុប ក៏មានកម្មវិធី toilet locator apps ដែរ ប៉ុន្តែមិនទាន់អាចបង្ហាញភាពមមាញឹកជាក់ស្តែងឡើយ។ នេះបានធ្វើឱ្យប្រទេសជប៉ុនក្លាយជាប្រទេសដំបូងដែលអនុវត្តសេវាកម្មបង្គន់ឆ្លាតវៃជាផ្លូវការ និងទូលំទូលាយជាងគេ។
.png)
ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនក៏កំពុងពិចារណាដោះស្រាយបញ្ហាជួរវែងៗសម្រាប់ស្ត្រីផងដែរ ដោយក្រសួងដឹកជញ្ជូនកំពុងស្នើសុំថវិកាបន្ថែមសម្រាប់ឆ្នាំហិរញ្ញវត្ថុក្រោយ ដើម្បីដំឡើងអេក្រង់ឌីជីថល និងជញ្ជាំងបង្គន់ចល័ត ដែលអាចបន្ថែមចំនួនបង្គន់សម្រាប់ស្ត្រី តាមការរាយការណ៍របស់សារព័ត៌មានក្នុងស្រុក៕










