ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ខេត្តពេជ្រឆាប៊ូនរបស់ថៃកំពុងតែលិចទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៥ឆ្នាំ ដោយសាររងឥទ្ធិពលខ្យល់ព្យុះត្រូនិកណងហ្វា ។ ភ្លៀងបានធ្លាក់យ៉ាងខ្លាំងជាប់ៗគ្នា និងទឹកហូរពីតំបន់ព្រៃភ្នំបណ្តាលឱ្យលិចលង់ស្រុកចំនួន៣ រួមមាន ៖ ស្រុកឡុមកៅ ស្រុកណាមណាវ និងស្រុកឡុមឡាក់ ។

ក្នុងចំណោមស្រុកទាំង៣ គឺទឹកជំនន់បានលិចស្រុកឡុមកៅ ខ្លាំងជាងគេ ក្នុងនោះឃុំចំនួន២ ដែលមានពលរដ្ឋរស់នៅជាង៥០០គ្រួសារ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ គឺកម្រិតទឹកជំនន់ជាមធ្យម ចាប់ពី៥០សង់ទីម៉ែត្រ ទៅ៨០សង់ទីម៉ែត្រ ។ ហេតុនេះ ធ្វើឱ្យផ្ទះពលរដ្ឋជាច្រើនខ្នងលិចក្នុងទឹក ខណៈហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗខូចខាតធ្ងន់ធ្ងរ ផ្លូវធំៗ និងស្ពាន ត្រូវបានទឹកហូរកាត់ផ្តាច់ពុំអាចឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ ។
ចៅហ្វាយស្រុកឡុមកៅ លោក ឆាន់ឆ័យផាកថាគូន បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធក្នុងតំបន់ និងក្រុមសង្គ្រោះស្ម័គ្រចិត្តសហការគ្នាជួយជម្លៀសពលរដ្ឋ រួមទាំងកុមារ មនុស្សចាស់ និងអ្នកជំងឺចេញពីផ្ទះជាបន្ទាន់ ជាពិសេស ជួយពលរដ្ឋក្នុងទឹកតំបន់មានទឹកជំនន់ខ្លាំង ។.jpg)
តាមសេចក្តីរាយការណ៍របស់មេឃុំតាកក្លយ លោក ផនសាក់ គុនក្រៀង គឺទឹកជំនន់បានលិចផ្ទះពលរដ្ឋរហូតដល់ជាង២០០ខ្នង ស្ថិតក្នុងភូមិចំនួន៦ បរិមាណទឹកជំនន់លើកនេះច្រើនខ្លាំងណាស់ និងហូរខ្លាំងទៀតផង ។ បើគ្មានភ្លៀងធ្លាក់ជាប់ៗគ្នាទេ ស្ថានការណ៍ទឹកជំនន់អាចធូរស្រាល លោកក៏បានផ្តាំផ្ញើទៅពលរដ្ឋឱ្យត្រៀមខ្លួនទប់ទល់ទឹកជំនន់ ។.jpg)
របាយការណ៍របស់មជ្ឈមណ្ឌលបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តពេជ្រឆាប៊ូន គឺភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃធ្វើឱ្យតំបន់ជាច្រើនរងផលប៉ះពាល់ ផ្ទះពលរដ្ឋខូចខាតចំនួន៥២ខ្នង ខណៈភូមិជាច្រើនត្រូវបានទឹកជំនន់ហូរកាត់ផ្តាច់ផ្លូវធ្វើដំណើរ ។ អាជ្ញាធរបានវាយតម្លៃការខូចខាតទ្រព្យសម្បត្តិផ្សេងៗដោយសារទឹកជំនន់ ប៉ុន្តែពុំមានពលរដ្ឋថៃរងរបួស ឬស្លាប់ទេ ។

អភិបាលខេត្តពេជ្រឆាប៊ូន លោក សារ៉ាន់យូ មីថងខាំ បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធ រួមទាំងក្រុមសង្គ្រោះស្ម័គ្រចិត្ត ប្រមូលកម្លាំង និងប្រើប្រាស់ឧបករណ៍ជួយសង្គ្រោះពលរដ្ឋទាំងយប់ ទាំងថ្ងៃ ។ ក្រៅពីនេះ ត្រូវប្រុងប្រយ័ត្នស្ថានការណ៍ទឹកជំនន់ និងជូនដំណឹងទៅពលរដ្ឋជាបន្តបន្ទាប់ រហូតដល់ទឹកជំនន់ស្រកចុះ ៕










