ប្រទេសថៃ ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Better News បានដកស្រង់សម្តីរបស់អ្នកនាំពាក្យគណបក្សថៃសាងថៃថា ពុំទទួលយកបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ពីព្រោះគណបក្សភឿថៃអស់សិទ្ធិបង្កើតរដ្ឋាភិបាលស្របច្បាប់ ប្រទេសថៃត្រូវការនាយករដ្ឋមន្ត្រីថ្មីមកពីគណបក្សផ្សេងដើម្បីដោះស្រាយបញ្ហាសន្តិសុខ និងសេដ្ឋកិច្ច ។ រីឯអតីតសមាជិកសភាតំណាងរាស្ត្ររបស់គណបក្សកាវក្លៃ ប្រកាសពុំទទួលយកបេក្ខជនគណបក្សភឿថៃដាច់ខាត ពីព្រោះធ្លាប់ក្រឡាស់សម្តីជាមួយគណបក្សកាវក្លៃកន្លងមក ។

លោក ប៉ារិយ៉ត អាំងគូនគិទិ អ្នកនាំពាក្យគណបក្សថៃសាងថៃ បាននិយាយកាលពីថ្ងៃទី៣១ ខែសីហា អំពីតុលាការធម្មនុញ្ញដកតំណែងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ជាកូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដោយសារលោកស្រីខុសក្រមសីលធម៌រដ្ឋមន្មនុញ្ញថៃក្នុងសារសំឡេងបែកធ្លាយជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។ នេះបង្ហាញយ៉ាងច្បាស់ថា គណបក្សភឿថៃអស់សិទ្ធិបង្កើតរដ្ឋាភិបាលដោយស្របច្បាប់ទៀតហើយ ។.jpg)
អ្នកនាំពាក្យគណបក្សថៃសាងថៃបញ្ជាក់ថា សន្តិសុខជាបញ្ហាប្រឈមដ៏ធំរបស់ថៃនាពេលនេះ ហើយពេលនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃធ្លាក់ពីតំណែងដោយសារអសមត្ថភាពដឹកនាំប្រទេស គឺគណបក្សភឿថៃពុំអាចបង្កើតរដ្ឋាភិបាលដឹកនាំប្រទេសឱ្យឆ្លងផុតពីវិបត្តិឡើយ ។ ប្រទេសថៃត្រូវការនាយករដ្ឋមន្ត្រីថ្មី រដ្ឋាភិបាលថ្មី ដើម្បីដោះស្រាយបញ្ហាសន្តិសុខ ស្តារសេដ្ឋកិច្ច និងជំរុញជីវភាពពលរដ្ឋ ខណៈគណបក្សថៃសាងថៃបានស្នើដំណោះស្រាយដើម្បីឱ្យថៃបន្តដំណើរឆ្ពោះទៅមុខដោយស្ថិរភាព ។
.jpg)
លោក ប៉ារិយ៉ត អាំងគូនគិទិ ក៏បានដាស់តឿនទៅកាន់អ្នកនយោបាយគ្រប់គណបក្សថា ត្រូវតែគិតពីផលប្រយោជន៍ជាតិ កុំគិតតែចង់បានតំណែងនាយករដ្ឋមន្ត្រីមុនការរំលាយសភា ពីព្រោះបើខ្វះភាពស្មោះត្រង់ និងពុំធ្វើអ្វីដើម្បីពលរដ្ឋ គឺពលរដ្ឋនឹងពុំអភ័យទោសឱ្យអ្នកនយោបាយទេ ។
ដូចគ្នានេះ អ្នកស្រី អាំម៉ារ៉ាត ឈូកប៉ាមីតគូន អតីតសមាជិកសភាតំណាងរាស្ត្ររបស់គណបក្សកាវក្លៃ បានសរសេរក្នុងហ្វេសប៊ុកឈ្មោះ «Amarat Chokepamitkul» ថា ពុំឯកភាពឱ្យគណបក្សភឿថៃបង្កើតរដ្ឋាភិបាល និងពុំទទួលយកបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃដាច់ខាត ពីព្រោះគណបក្សនេះធ្លាប់ក្រឡាស់សម្តីជាមួយគណបក្សកាវក្លៃកន្លងមក ។
អ្នកស្រីបញ្ជាក់ថា គណបក្សភឿថៃធ្លាប់បំផ្លាញកិច្ចព្រមព្រៀង MOU ជាមួយគណបក្សកាវក្លៃដោយឥតអៀនខ្មាស់ ដែលបន្សល់នូវការឈឺចាប់រហូតដល់បច្ចុប្បន្ន និងបំផ្លាញឱកាសពលរដ្ឋថៃដែលប្រើប្រាស់សិទ្ធិក្នុងការបោះឆ្នោតរំពឹងចង់ផ្លាស់ប្តូរនយោបាយ បែរជាគណបក្សភឿថៃក្បត់ឆន្ទៈពលរដ្ឋ ។ លើសពីនេះ គណបក្សភឿថៃតែងតែវាយប្រហារគណបក្សប្រជាជនជាបន្តបន្ទាប់ និងពុំចាត់ទុកគណបក្សប្រជាជនជាបងប្អូន ។
.png)
លោកស្រីបានជំរុញឱ្យគណបក្សនយោបាយផ្សេងបង្កើតរដ្ឋាភិបាល ទើបអាចដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសជិតខាង ពីព្រោះរដ្ឋាភិបាលគណបក្សភឿថៃពុំអាចដោះស្រាយជម្លោះព្រំដែន និងកាន់តែធ្វើឱ្យស្ថានការណ៍នេះអូសបន្លាយ ។ ភឿថៃ ពុំមែនជាគណបក្សនយោបាយទេ ភឿថៃគ្រាន់តែជាក្រុមហ៊ុនប៉ុណ្ណោះ ដែលសមាជិកគ្រប់រូប គឺជាបុគ្គលិករបស់លោក ថាក់ស៊ីន ។.png)
គួរបញ្ជាក់ថា គណបក្សភឿថៃបានសុំឱ្យគណបក្សប្រជាជន (គណបក្សប្រឆាំង) ជួយគាំទ្របេក្ខជនរបស់ខ្លួន លោក ឆ័យក្សេម និទិសិរិ ធ្វើជានាយករដ្ឋមន្ត្រីថ្មី និងសន្យាទទួលយកសំណើទាំង៣ចំណុចរបស់គណបក្សប្រជាជន ប៉ុន្តែគណបក្សប្រជាជនពុំទាន់ឆ្លើយតបយ៉ាងណាទេ ។ មានសេចក្តីរាយការណ៍ថា កាលពីថ្ងៃទី៣១ ខែសីហា លោក ថាក់ស៊ីន បានខ្នះខ្នែងជជែកជាមួយអ្នកនយោបាយផ្សេងទៀតដើម្បីសុំសំឡេងគាំទ្រគណបក្សភឿថៃបង្កើតរដ្ឋាភិបាល ៕










