ប្រទេសថៃ ៖ ថៃតែងតែយកបញ្ហាកងទ័ពខ្លួនជាន់មីនរងរបួស និងដាច់ជើងនៅព្រំដែនមកចោទប្រកាន់កម្ពុជាដោយគ្មានមូលដ្ឋានម្តងហើយម្តងទៀត បើទោះជាកម្ពុជាពុំបានបង្កប់មីនក្តី ។ កន្លងមក កងទ័ពថៃបានបង្កសង្គ្រាមឈ្លានពាន និងបា.ញ់មុនមកលើកម្ពុជា ដោយយកលេសកងទ័ពខ្លួនដាច់មីនពេលដើរល្បាត រហូតមកដល់ពេលនេះ ថៃនៅតែលើកយកបញ្ហាមីនមកចោទប្រកាន់កម្ពុជាដដែលៗ និងលាបពណ៌ប្រាប់ទៅពិភពលោក ដើម្បីឱ្យពិភពលោកជឿតាមការញុះញង់ និងបោកប្រាស់របស់ខ្លួន ។
កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Top News រាយការណ៍ថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង ដែលជាបុគ្គលពូកែបង្កជម្លោះជាមួយកម្ពុជា បានបញ្ជាឱ្យកងទ័ពខ្លួនបា.ញ់កងទ័ពខ្មែរភ្លាមៗបើឃើញបង្កប់មីនក្នុងទឹកដីថៃ ហើយលោកសង្ស័យកងទ័ពខ្មែរនឹងបង្កប់មីនថែមទៀត ។ ការបញ្ជាឱ្យបាញ់ គឺក្រោយពីកងទ័ពថៃដើរល្បាតខុសផ្លូវនៅព្រំដែនបណ្តាលឱ្យរងរបួស និងដាច់ជើងម្នាក់នៅបរិវេណប្រាសាទតាក្របីនាពេលថ្មីៗនេះ ដែលថៃបានចោទប្រកាន់កងទ័ពខ្មែរបង្កប់មីនដូចមុន ។
នារសៀលថ្ងៃទី២៨ ខែសីហា នៅជំរំស៊ុណារី កងទ័ពភូមិភាគ២ ស្រុកមឿង ខេត្តនគរាជសីម៉ា លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បានទទួលសម្ភារៈ និងស្បៀងអាហារពីស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងពលរដ្ឋថៃ ដើម្បីយកមកចែកឱ្យកងទ័ពឈរជើងនៅព្រំដែនកម្ពុជា-ថៃ ។ បន្ទាប់ពីទទួលសម្ភារៈ និងស្បៀងអាហាររួច លោក ប៊ុនស៊ីន ក៏បានអរគុណក្រុមអ្នកយកសម្ភារៈមកប្រគល់ឱ្យ និងនិយាយពីស្ថានការណ៍ព្រំដែនបច្ចុប្បន្នថា កងទ័ពភូមិភាគ២នៅតែពង្រឹងកម្លាំងដោយប្រុងប្រយ័ត្ន ។
ចំណែកហេតុការណ៍កងទ័ពថៃជាន់មីនដាច់ជើង គឺលោកពុំចង់ឱ្យកើតឡើងទេ ប៉ុន្តែកងទ័ពថៃបានបំពេញតួនាទីល្អហើយ ។ លោក ប៊ុនស៊ីន បានចោទប្រកាន់ថា នេះជាមីនថ្មីដែលកងទ័ពកម្ពុជាបង្កប់ក្នុងទឹកដីថៃ ហើយលោកចោទទៀតថា កងទ័ពខ្មែរអាចនឹងបង្កប់មីនថែមទៀត ថៃមិនត្រូវធ្វេសប្រហែសឡើយ ។
លោកបានបញ្ជាឱ្យកងទ័ពថៃបាញ់កងទ័ពខ្មែរភ្លាមៗ បើឃើញបង្កប់មីនក្នុងទឹកដីថៃ ពីព្រោះថៃចាត់ទុកជាការល្មើសអធិបតេយ្យ ។ ក្រោយកិច្ចប្រជុំវិសាមញ្ញគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) គឺថៃនឹងដោះស្រាយបញ្ហាមីនក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) លំដាប់រដ្ឋមន្ត្រីក្រសួងការពារជាតិនាដើមខែកញ្ញានេះ ខណៈកងទ័ពថៃបានរៀបចំផែនការរួចហើយ ។

ចាប់ពីពេលនេះ លោកនឹងកែសម្រួលផែនការល្បាតរបស់កងទ័ព គឺកងទ័ពនឹងល្បាតដោយប្រើប្រាស់កាមេរ៉ា និងដ្រូន ។ បើចាំបាច់ ត្រូវតែពង្រាយមន្ត្រីជំនាញល្បាត ឬប្រើប្រាស់ឧបករណ៍ជំនួយ ។ ទោះជាលោកត្រូវចូលនិវត្តន៍នៅចុងខែកញ្ញា ឆ្នាំ២០២៥ ប៉ុន្តែលោកនៅតែជួយផ្តល់យោបល់ទៅកាន់មេបញ្ជាការយោធភូមិភាគ២ថ្មី រីឯការបើកព្រំដែនកម្ពុជា-ថៃ គឺអាស្រ័យលើរដ្ឋាភិបាល ខណៈកងទ័ពពុំឯកភាពឱ្យបើកព្រំដែនទេ ពីព្រោះស្ថានការណ៍ពុំទាន់ធូរស្រាល ។
ក្រោយពីថៃនៅតែបន្តចោទប្រកាន់ ក្រសួងការពារជាតិកម្ពុជាបញ្ជាក់ថា កម្ពុជាមិនបានប្រើប្រាស់ និងដាក់គ្រាប់មីនថ្មីឡើយ កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាណការប្រើប្រាស់មីនប្រឆាំងមនុស្ស ។ កម្ពុជាធ្លាប់ជម្រាបថៃ និងសហគមន៍អន្តរជាតិជាច្រើនដងរួចមកហើយថា តាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជា គឺនៅមានគ្រាប់មីនជាច្រើនដែលបន្សល់ទុកពីសម័យសង្គ្រាមស៊ីវិល ។
កម្ពុជាសូមអំពាវនាវឱ្យថៃគោរពលក្ខខណ្ឌកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលថា ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួនក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងពេលកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន នៅម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ ៕










