លោក ជំទាវ នៅ សូនិតា អនុប្រធានសមាគមសិល្បករខ្មែរប្រកាសមិនទទួលយកការសូមទោសដែលបង្ហាញពីអាកប្បកិរិយា គគ្លើន គ្មានសីលធម៌នៅក្នុងខ្លួនដែលប្រមាថព្រះចេស្តាព្រះករុណាធ្ងន់ធ្ងរដែលមិនអាចលើកលែងទោស។
ដូចមហាជនជ្រាបមកហើយថាអតីតតារាសម្តែងជើងចាស់ សុខ ស្រីមុំ ដែលកំពុងរស់នៅសហរដ្ឋអាម៉េរិកបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរមកកាន់ព្រះមហាក្សត្រនិងហ្លួងម៉ែ ហើយក្រោយមកបានចេញមកសុំព្រះរាជទានទោសវិញ។ ទោះយ៉ាងណាសកម្មភាពសូមទោសរបស់អ្នកស្រី សុខ ស្រីមុំ ហាក់មិនចេញពីចិត្តប៉ុន្មាននោះទេថែមទាំងពាក់មួកថែមទៀតទើបធ្វើឱ្យសាធារណជនហាក់នៅតែមិនអាចទទួលយកបាន។

ជាមួយគ្នានេះលោកជំទាវ នៅ សូនិតា គឺបានបង្ហាញចំៗទៅកាន់អតីតតារាជើងចាស់រូបនេះ។ អនុប្រធានសមាគមសិល្បករខ្មែរបានសរសេរនៅល្ងាចថ្ងៃទី២៧ សីហា ថា «ក្នុងនាមនាងខ្ញុំជាប្រជាជនខ្មែរ ដែលស្ថិតក្រោមល្អងធូលី ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេច ហ្លួងម៉ែ ខ្ញុំមិនទទួលយកការសុំទោសដែលបង្ហាញពីអាកប្បកិរិយា គគ្លើន គ្មានសីលធម៌ក្នុងខ្លួននោះទេ។ ហាហើយមិនអាចខ្ជាក់ សំដីអ៊ំពិតជាមិនបានឆ្លងកាត់អា១គីឡូ២ខាំ អ៊ំប្រមាថព្រះចេស្តាព្រះករុណាធ្ងន់ធ្ងរដែលមិនអាចលើកលែងទោស ហើយរឹតតែមិនទទួលយកនូវចរិតរឹកពាររបស់បែបនេះជាផ្លូវការបាននោះទេ»។
.png)
លោកជំទាវ នៅ សូនិតា បានបន្តទៀតថា «អ៊ំចាកចេញពីប្រទេសកម្ពុជាយូរហើយ ដោយអ៊ំមិនបានជួយអ្វីដែលជាផលប្រយោជន៍ជាតិរួមឡើយ សូម្បីតែប្រទេសកំពុងមានបញ្ហាក៏អ៊ំបែរជាចេញវីដេអូបែបឈ្លើយដោយមិនបានឆ្លងកាត់សាលា មកផុសជាសាធារណៈ អ៊ំនៅស្រុកក្រៅយូរឈ្លក់ទឹកម៉ាស៊ីន ឈ្លក់រហូតលែងដឹងក្បាល ដឹងកន្ទុយ។ គុណតម្លៃអ៊ំមិនស្មើរនឹងក្មេងៗ៣ ៤ឆ្នាំនៅស្រុកខ្មែរដែលចេញវីដេអូអប់រំ និង លើកទឹកចិត្តដល់វិរកងទ័ពដែលយកជីវិតពាំងគ្រាប់នោះទេ ខ្ញុំពិតជាទទួលយកមិនបាន»។.png)
គួរបញ្ជាក់ផងដែរថា បុគ្គលណាក៏ដោយឱ្យតែរកឃើញថាបានប្រមាថព្រះមហាក្សត្រនៃប្រទេសកម្ពុជា នឹងត្រូវទទួលទោស តាមមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌគឺត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល។
អតីតតារាជើងចាស់ សុខ ស្រីមុំ មានអាយុ៥២ឆ្នាំ បានចាកចេញពីកម្ពុជាទៅរស់នៅសហរដ្ឋអាម៉េរិកនៅខែកញ្ញា ឆ្នាំ១៩៩៤។ អ្នកស្រីបានចូលប្រឡូកសិល្បៈភាពយន្តនៅឆ្នាំ១៩៨៩ជាអតីតតារាភាពយន្តដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា កាលពីចុងទសវត្សរ៍ទី៨០និងទសវត្សរ៍ទី៩០៕










