ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មាន BBC រាយការណ៍ថា រដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តច្បាប់ហាមកូនសិស្សប្រើប្រាស់ទូរស័ព្ទដៃនៅសាលារៀនទូទាំងប្រទេស ដោយសារបារម្ភពីផលប៉ះពាល់ការសិក្សារបស់កូនសិស្ស និងការញៀនបណ្តាញសង្គម ។ ការអនុម័តច្បាប់នេះធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសចុងក្រោយលើពិភពលោក ដែលហាមកូនសិស្ស និងយុវជនប្រើប្រាស់ទូរស័ព្ទ ។

ការអនុម័តច្បាប់ហាមប្រើប្រាស់ទូរស័ព្ទនៅសាលារៀនរបស់រដ្ឋសភាកូរ៉េខាងត្បូងបានធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ដែលទទួលបានការគាំទ្រ១១៥សំឡេង ក្នុងចំណោម១៦៣សំឡេង ដោយច្បាប់នេះអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២៦ ជាពេលបើកបវសនកាលថ្មី ។ រដ្ឋសភាកូរ៉េខាងត្បូងអនុម័តច្បាប់ក្រោយពីការព្យាយាមរួមគ្នាក្នុងការបញ្ឈប់កូនសិស្សប្រើប្រាស់ទូរស័ព្ទ ដោយសារការស្រាវជ្រាវង្ហាញពីផលប៉ះពាល់កាន់តែខ្លាំងពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ។ សមាជិកសភា អាណាព្យាបាលសិស្ស និងគ្រូបង្រៀននិយាយថា ការប្រើប្រាស់ស្មាតហ្វូនប៉ះពាល់ដល់ការសិក្សា និងខាតពេលវេលាសិក្សារបស់យុវជជន ។

បច្ចុប្បន្ន មិនមែនមានតែយុវជនកូរ៉េខាងត្បូងទេដែលញៀនទូរស័ព្ទ ប៉ុន្តែពលរដ្ឋកូរ៉េខាងត្បូងម្នាក់ក្នុងចំណោម៤នាក់ នៃចំនួនពលរដ្ឋនៅទូទាំងប្រទេសប្រមាណ៥១លាននាក់ បានចំណាយពេលយ៉ាងច្រើនលេងទូរស័ព្ទ ។ តាមលទ្ធផលការសិក្សារបស់រដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីឆ្នាំ២០២៤ បង្ហាញថា ពលរដ្ឋអាយុពី១០ឆ្នាំ ទៅ១៩ឆ្នាំ លេងទូរស័ព្ទដៃបានកើនឡើងទ្វេដង ស្មើ៤៣% ហើយចំនួននេះកើនឡើងជាបន្តបន្ទាប់ ។

ការអនុម័តច្បាប់ហាមកូនសិស្សប្រើប្រាស់ទូរស័ព្ទនេះធ្វើឱ្យពលរដ្ឋមួយចំនួនមានចម្ងល់ រួមទាំងយុវជនផងដែរថា តើវានឹងទទួលបានលទ្ធផលដែរឬទេ ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងនឹងអាចដោះស្រាយបញ្ហាការផលិតស្មាតហ្វូនបានឬអត់ ពីព្រោះកំណើនការផលិតស្មាតហ្វូនជាបញ្ហាធ្វើឱ្យយុវជនប្រើប្រាស់ស្មាតហ្វូនកាន់តែខ្លាំង ។
សាលារៀនជាច្រើននៅកូរ៉េខាងត្បូងបានអនុវត្តវិធានការហាមប្រើប្រាស់ទូរស័ព្ទដៃរួចហើយ ហើយកូរ៉េខាងត្បូងពុំមែនជាប្រទេសដំបូងគេដែលហាមប្រើប្រាស់ទូរស័ព្ទនៅសាលារៀនទេ មុននេះ ប្រទេសហ្វាំងឡង់ និងបារាំង បានហាមកុមារតូចៗប្រើប្រាស់ទូរស័ព្ទដៃ ខណៈអ៊ីតាលី ហូឡង់ និងចិន រឹតបន្តឹងការប្រើប្រាស់ទូរស័ព្ទគ្រប់សាលារៀន។.png)
រដ្ឋាភិបាលកូរ៉េខាងត្បូងមានគោលដៅកាត់បន្ថយការញៀនបណ្តាញសង្គមរបស់យុវជន ព្រមទាំងជំរុញឱ្យយុវជនផ្តោតអារម្មណ៍លើការសិក្សា និងចូលរួមសកម្មភាពផ្សេងៗក្នុងសង្គម ។ ក្រៅពីនេះ វានឹងអាចទប់ស្កាត់ផលប៉ះពាល់ដោយសារការប្រើប្រាស់បច្ចេកវិទ្យាពុំសមរម្យក្នុងវ័យសិក្សា ជាពិសេស ប៉ះពាល់សុខភាពផ្លូវចិត្ត ៕










