ឈៀងម៉ៃ៖ សោ.កនាដកម្មបាក់ដីដ៏រន្ធត់ដែលបង្កឡើងដោយព្យុះត្រូពិច Kajiki បានវា.យប្រហារលើភូមិមួយនៅខេត្តឈៀងម៉ៃ ប្រទេសថៃ បណ្ដាលមនុស្សម្នាក់បានបាត់បង់ជីវីត 10នាក់រងរបួស និងមានមនុស្សម្នាក់ទៀតបាត់ខ្លួន កំពុងត្រូវបានក្រុមជួយសង្រ្គោះតាមស្វែងរក។ នេះបើយោងតាមសារព័ត៌មាន Khaosod។

នៅវេលាម៉ោង 2 និង 50 នាទីយប់ ឈានចូលថ្ងៃទី 27 ខែសីហា ឆ្នាំ 2025 ហេតុការណ៍បាក់ស្រុតដីល្បាប់ពីលើភ្នំ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា រួមជាមួយខ្យល់កន្រ្តាក់ បានគ្របសង្កត់ពីលើភូមិ Pang Ung ឃុំ Mae Suek ស្រុក Mae Chaem ខេត្ត Chiang Mai ប្រទេសថៃ។ 
លោក Dusit Phongsapipat ប្រធានការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តឈៀងម៉ៃ បានប្រាប់ឲ្យដឹងថា ហេតុការណ៍នេះបានបំផ្លាញផ្ទះប្រជាពលរដ្ឋយ៉ាងតិច៥ខ្នង ធ្វើឲ្យមនុស្សរងរបួស10នាក់ ដែលកំពុងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យឃុនយាន និងមន្ទីរពេទ្យ Mae Chaem ។ ក្រៅពីនេះ ក្រុមជួយសង្រ្គោះបានរកឃើញថា មានមនុស្សម្នាក់បានស្លា.ប់ និងមានម្នាក់ទៀតបានបាត់ខ្លួន។
.jpg)
គួរបញ្ជាក់ថា ភ្លៀងធ្លាក់យ៉ាងគំហុកឥតឈប់ឈរដែលបង្កឡើងដោយឥទ្ធិពលព្យុះ Kajiki បានបណ្តាលឱ្យតំបន់ជាច្រើនក្នុងខេត្ត Chiang Mai ប្រទេសថៃ ទទួលរងការជន់លិចភ្លាមៗ និងបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ បន្ថែមពីនេះ ព្យុះ Kajiki បានវាយប្រហារខេត្តចំនួន៥៨ នៅភាគខាងជើង ឦសាន កណ្តាល និងខាងត្បូងប្រទេសថៃផងដែរ ដែលបណ្តាលឲ្យមានទឹកជំនន់ បំណាក់ដី និងបាតុភូតរន្ទះបាញ់ លាយលំនឹងខ្យល់កន្រ្តាក់យ៉ាងគួរឲ្យខ្លាច។ 
ជាមួយគ្នានេះ ប្រទេសឡាវ និងវៀតណាម ក៏ទទួលរងឥទ្ធិពលរបស់ព្យុះនេះខ្លាំងក្លាផងដែរ ដោយបាននាំមកនូវទឹកជំនន់ជន់លិចខេត្ត-ក្រុងជាច្រើនរបស់ប្រទេសទាំងពីរនេះ។ ឥទ្ធិពលរបស់វា ក៏បានសាយភាយមកដល់កម្ពុជាខ្លះៗផងដែរ ដែលបង្កឲ្យមានភ្លៀងធ្លាក់មធ្យមនៅក្រុងភ្នំពេញ និងខេត្តមួយចំនួន ព្រមទាំងភ្លៀងធ្លាក់ខ្លាំងនៅតំបន់ផ្សេងទៀតដែលជាប់ព្រំដែន ប៉ុន្តែពុំបង្ហាញពីកម្រិតហានិភ័យដែលគួរឲ្យព្រួយបារម្ភឡើយ៕










