ថ្មីៗនេះ ទាហានថៃ បានបន្តចូលមកឈ្លានពានទឹកដីកម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវបានពលរដ្ឋកម្ពុជា សាមគ្គីគ្នាបណ្តេញចេញទៅវិញ។
តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម គេឃើញពលរដ្ឋកម្ពុជា បានឈរយ៉ាងរឹងមុាំការពារទឹកដី និងភូមិដ្ឋានពីចោរសៀមឈ្លានពាន។
ជាពិសេសនៅក្នុងវីដេអូ គេប្រទះឃើញមានស្ត្រីម្នាក់ដៃម្ខាងកាន់ដំបង និងម្ខាងទៀតពរកូន ដែលបង្ហាញពីភាពអង់អាចក្លានហានរបស់ស្ត្រីខ្មែរ។
សកម្មភាពនេះ ធ្វើឱ្យគេនឹកដល់ រូបចម្លាក់នៅលើប្រាង្គប្រាសាទខ្មែរមួយ ដែលបានបង្ហាញពី បុរស៣នាក់ និងស្ត្រីម្នាក់ ដៃម្ខាងកាន់លំពែង សម្រាប់ការប្រយុទ្ធ និងការពារខ្លួន ហើយដៃម្ខាងទៀតគឺបីកូន ដែលឆ្លុះបញ្ចាំងអំពីតួនាទីសំខាន់របស់ស្ត្រីនៅក្នុងគ្រួសារ។
គួរបញ្ជាក់ថា នៅសម័យអង្គរ ស្ត្រីត្រូវបានគេចាត់ទុក និងគោរព ឱ្យតម្លៃខ្ពស់ជាង និងពិសិដ្ឋជាងបុរស។ ស្ត្រីជាម្តាយ នៃមនុស្សផងទាំងពួងទាំងការផ្តល់ជីវិត ចិញ្ចឹមបីបាច់ និងការបង្រៀន៕










