ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បានបញ្ជាឱ្យអភិបាលខេត្តទូទាំងប្រទេសតាមដានស្ថានការណ៍ខ្យល់ព្យុះកាជិគិយ៉ាងដិតដល់ ។ បើការវាយតម្លៃស្ថានការណ៍បង្ហាញថា ខ្យល់ព្យុះកាន់តែអាក្រក់ខ្លាំងក្នុងតំបន់ណាមួយ អភិបាលខេត្តត្រូវបញ្ជាទៅអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋានអនុវត្តតាមផែនការជម្លៀសពលរដ្ឋទៅកន្លែងសុវត្ថិភាព និងផ្តល់ស្បៀងអាហារដល់ពលរដ្ឋ ។

លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីថៃ និងជាប្រធានការពារ និងកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយកាលពីថ្ងៃទី២៤ ខែសីហា ថា ពេលនេះ ខ្យល់ព្យុះកាជិគិ (Kajiki) នៅតំបន់សមុទ្រចិនខាងត្បូង ដែលស្ថិតនៅឆ្ងាយពីទីក្រុងដងណយ ប្រទេសវៀតណាម ប្រមាណ៥៧០គីឡូម៉ែត្រ កំពុងផ្លាស់ទីទៅភាគខាងលិចក្នុងល្បឿន២០គីឡូម៉ែត្រក្នុង១ម៉ោង ។

ខ្យល់ព្យុះអាចផ្លាស់ទីក្នុងល្បឿនលឿនជាងនេះពេលវាមកដល់ឈូងសមុទ្រតុងកឹង និងខ្សោយកម្លាំងជាបន្តបន្ទាប់ក្រោយពីមកដល់ឆ្នេរសមុទ្រខាងជើងប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា ។ ដូច្នេះ ប្រទេសថៃមានភ្លៀងធ្លាក់ខ្លាំងជាច្រើនតំបន់ដោយសារឥទ្ធិពលខ្យល់ព្យុះកាជិគិ ព្រមទាំងមានខ្យល់កន្ត្រាក់នៅខេត្តភាគឦសាន ខាងជើង ខាងត្បូង កណ្តាល ខាងកើត ខាងលិច រួមទាំងទីក្រុងបាងកក ក៏ដូចជាតំបន់ជុំវិញ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែសីហា ។

លោក ភូមិថាំ បានបញ្ជាទៅអភិបាលខេត្តចំនួន៧៦ រួមទាំងទីក្រុងបាងកក ឱ្យតាមដានស្ថានការណ៍ខ្យល់ព្យុះដោយសហការជាមួយនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយយ៉ាងដិតដល់ដើម្បីវាយតម្លៃស្ថានការណ៍អាកាសធាតុ ។ បើការវាយតម្លៃស្ថានការណ៍បង្ហាញថា ខ្យល់ព្យុះកាន់តែអាក្រក់ខ្លាំងក្នុងតំបន់ណាមួយ គឺអភិបាលខេត្តត្រូវបញ្ជាទៅអភិបាលស្រុក និងអាជ្ញាធរមូលដ្ឋានអនុវត្តតាមផែនការជម្លៀសពលរដ្ឋទៅកន្លែងសុវត្ថិភាព និងផ្តល់ស្បៀងដល់ពលរដ្ឋ ។

តំបន់ដែលរងគ្រោះដោយទឹកជំនន់ញឹកញាប់ត្រូវជីកប្រឡាយ និងកាយកាកសំណល់ដែលធ្វើឱ្យស្ទះផ្លូវទឹក ។ ក្រៅពីនេះ ត្រូវត្រួតពិនិត្យស្លាកសញ្ញាធំៗ ឬស្លាកមានកម្ពស់ខ្ពស់នៅតាមផ្លូវឱ្យមានភាពរឹងមាំ បើស្លាកសញ្ញាធំៗងាយនឹងបាក់រលំបង្កគ្រោះថ្នាក់ដល់ពលរដ្ឋត្រូវរុះរើចេញជាបន្ទាន់ ។ អាជ្ញាធរមូលដ្ឋានគួរជូនដំណឹងទៅពលរដ្ឋពីភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យមានទឹកជំនន់ភ្លាមៗ និងទឹកហូរពីតំបន់ព្រៃភ្នំដើម្បីឱ្យពលរដ្ឋត្រៀមខ្លួន និងអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល ។

ចំណែកខេត្តនៅជាប់សមុទ្រអាន់ដាម៉ាន់ និងឈូងសមុទ្រថៃ ត្រូវតាមដានស្ថានការណ៍យ៉ាងដិតដល់ បើទឹករលកសមុទ្រមានកម្ពស់ខ្ពស់ត្រូវអនុវត្តផែនការការពារគ្រោះមហន្តរាយ ព្រមទាំងដាក់ទង់និមិត្តសញ្ញាហាមភ្ញៀវទេសចរ និងពលរដ្ឋចុះលេងទឹកសមុទ្រ ជិះទូក និងនេសាទ ។ ក្រសួងមហាផ្ទៃបានសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងតំបន់ថែទាំពលរដ្ឋរយៈពេល២៤ម៉ោង ៕