បន្ទាប់ពីតារាសម្តែង វ៉ាង ស្រីណូ បង្ហាញឈ្មោះចំៗទៅកាន់ហាងពេជ្រមួយកន្លែងនៅម្តុំផ្សារថ្មីមានឈ្មោះថា គួង ហុង បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គម។ ចំណែកឯតារាសម្តែង ប៉ូគឹមថេង សុតធីតា វិញក៏បង្ហាញថានាងបានទិញគ្រឿងពេជ្រនៅទីនេះដូចគ្នាអស់ជិត២០០០ដុល្លារប៉ុន្តែនាងថាតិចឬច្រើនមិនសំខាន់ សំខាន់គេបោកនៅនឹងភ្នែកស្រស់ៗ។
នៅយប់ថ្ងៃទី២២ សីហា បវរកញ្ញា និងជាតារាសម្តែង ប៉ូគឹមថេង សុតធីតា បានចេញវីដេអូខ្លីមួយទាំងយប់បន្ទាប់ពីទើបបញ្ចប់ការងារបញ្ជូលសំឡេងភាពយន្តរបស់ខ្លួន។ តារាស្រីរូបនេះបាននិយាយថាពេលបើកហ្វេកប៊ុកទៅឃើញគេផ្អើលរឿងហាងពេជ្រលក់ចេញតែមិនទិញចូល។ សុតធីតា ក៏បានបង្ហាញថង់ក្រហមដែលមានឈ្មោះហាងពេជ្រ គួង ហុង ដែលកំពុងល្បី ខណៈនាងបានបញ្ជាក់ថាខ្សែកដែលនាងបានទិញនៅហាងនេះមានតម្លៃជិត២០០០ដុល្លារ។ បន្ទាប់ពីបង្ហាញហើយ ប៉ូគឹមថេង សុតធីតា គ្មានពាក្យអ្វីនិយាយតក្រៅពីការដកដង្ហើបធំឡើយ។.png)
ភ្ជាប់ជាមួយនឹងការចេញវីដេអូខ្លីខាងលើនេះ ប៉ូគឹមថេង សុតធីតា បានបញ្ចេញអារម្មណ៍បន្ថែមទៀតនៅក្នុងផ្នែកបញ្ចេញមតិយោបល់ថាទឹកប្រាក់តិចឬច្រើនមិនសំខាន់ សំខាន់គឺត្រូវបានម្ចាស់ហាងបោកនៅនឹងភ្នែកស្រស់ៗ។ សុតធីតា សរសេរថា «ខ្ញុំទិញជាង១ឆ្នាំហើយ ឥឡូវឮថាម្ចាស់ហាងរត់ទៅស្រុកគេបាត់ហើយ តិចច្រើនមិនសំខាន់ទេ តែសំខាន់គេបោកស្រស់ៗឈឺចិត្ត»។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២២ ខែសីហា វ៉ាង ស្រីណូ បានចេញវីដេអូអំពីហាងពេជ្រគួង ហុង បោកប្រាស់អតិថិជនគ្មានទទួលខុសត្រូវ ខណៈនាងបានទិញគ្រឿងអលង្ការនៅក្នុងហាងនេះអស់រាប់សែនដុល្លារ ដោយអីវ៉ាន់ដែលទិញនៅហាងនេះហើយមិនទទួលទិញចូលវិញ។ ក្រៅពី វ៉ាង ស្រីណូ នៅមានពលរដ្ឋផ្សេងទៀតបានបង្ហាញថាក៏បានត្អូញត្អែរឈឺចិត្តស្អិតទ្រូងត្រូវហាងនេះបោកប្រាស់ដូចគ្នា៕










