តារាចម្រៀង មាស សុខសោភា បានបង្ហោះសំណេរមួយប៉ុន្តែបង្កឱ្យមានមតិវែកញែកជាថ្មីពីអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកជាពិសេសគឺដៃគូថ្មីរបស់តារាស្រីរូបនេះ។ មាស សុខសោភា បានតបតទៅនឹងមតិរិះគន់ប្តីថ្មីរបស់ខ្លួន ខណៈតារាចម្រៀងរូបនេះថាអ្នកមកបញ្ចេញមតិយោបល់នោះរកតែហ្វេនពិតប្រាកដមួយដែលប្រកបដោយគុណធម៌មិនបាន។

នៅយប់ថ្ងៃទី២០ សីហា តារាចម្រៀង មាស សុខសោភា បានបង្ហោះរូបមួយសន្លឹកអមមកជាមួយខ្លឹមសារបង្ហាញការព្រួយបារម្ភអំពីសុខទុក្ខរបស់ប្រជាជនពេលដែលមានសង្គ្រាមនេះ ខណៈបង្ហាញថាប្រមុខថ្នាក់ដឹកនាំកម្ពុជាកំពុងខ្នះខ្នែងព្យាយាមទប់ស្កាត់មិនចង់ឱ្យកើតមាននៅសង្រ្គាមបំផ្លិចបំផ្លាញដល់អាយុជីវិតមនុស្សលោកឡើយ។ តារាចម្រៀងរូបនេះបានស្នើឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ទុកឱ្យប្រមុខដឹកនាំដោះស្រាយ ហើយត្រូវចេះរួមសាមគ្គីគ្នា ស្រលាញ់គ្នា ទំលាក់ចោលនូវការជេរប្រមាថគ្នា ការយកកំហឹងមកធ្វើជាល្បិចកលដើម្បីដាក់ជាទោស។

តារាចម្រៀង មាស សុខសោភា ថាជាកូនខ្មែរដូចគ្នា មិនមែនជាសត្រូវនឹងគ្នានោះទេ កំហុសទាំងឡាយណាដែលមានគួរតែចេះអត់ឱនដល់គ្នា ចេះជួយអប់រំកែតម្រូវចំណុចខុសដល់គ្នាដោយសេចក្តីថ្លៃថ្នូរស័ក្តិសមជាពូជពង្សអំបូរខ្មែរ។.png)
ទោះយ៉ាងណា ការបង្ហោះរបស់តារាចម្រៀងល្បីឈ្មោះរូបនេះហាក់ទទួលរងនូវការវែកញែកយ៉ាងច្រើនពីទស្សនិកជនដោយអ្នកខ្លះបានផ្លែផ្កានិងចោទប្រកាន់ថានាងសម្ងំមានក្តីសុខជាមួយគូស្នេហ៍ថ្មីទើបឥឡូវមកខ្វល់ពីរឿងប្រទេសជាតិ បើជ្រុលជាស្ងាត់ហើយគួរតែស្ងាត់បន្តទៀត។ មិនត្រឹមតែប៉ុណ្ណោះក៏មានអ្នកលេងបណ្តាញសង្គមខ្លះគឺបានពោលពាក្យមិនសមរម្យមកកាន់ប្តីថ្មីរបស់តារាចម្រៀងរូបនេះផងដែរ។

ជាមួយនឹងមតិរិះគន់ជាច្រើនតារាចម្រៀង មាស សុខសោភា បានឆ្លើយតបថា ទោះគាត់ជាមនុស្សបែបណាក៏ដោយ តែពេលនេះគាត់ជាស្វាមីរបស់នាង គាត់ជាមនុស្សល្អដែលមើលថែការពារនាង បើអ្នកមិនពេញចិត្តអូសរំលងចុះ។ តារាចម្រៀងរូបនេះក៏បាននិយាយពីអ្នកដែលជេរនាងគឺសុទ្ធតែមិនមែនជាអ្នកគាំទ្ររបស់ខ្លួនឡើយ ហើយក៏មិនមែនជាមនុស្សដូចគ្នាព្រោះមានតែសត្វទេដែលស្តាប់ភាសាមនុស្សមិនបានហើយនាងមិនប្រកាន់នឹងសត្វឡើយ។

តារាចម្រៀង មាស សុខសោភា បានសរសេរបន្ថែមនៅក្នុងផ្នែកបញ្ចេញមតិយោបល់ថាមនុស្សភាគច្រើនដែលចូលមកបញ្ចេញមតិនៅលើការបង្ហោះរបស់ខ្លួនប្រហែលជាមិនបានអានអត្ថបទរបស់នាងទើបផ្តល់ចម្លើយចាកប្រធានស្ទើរគ្រប់គ្នាហើយពេលនេះទើបនាងដឹងថាស្ទើតែរកFanពិតប្រាកដមួយដែលប្រកបដោយគុណធម៌មិនបានមែន។ មាស សុខសោភា ថាក្នុងនាមនាងជាអ្នកសិល្បៈគឺតែងតែចូលមកចែករំលែកចំណេះដឹង សេចក្តីនឹករលឹកទៅដល់ហ្វេនពិតប្រាកដដែលបានគាំទ្រសម្លេងច្រៀងរបស់នាង ហើយសំឡេងនាង នៅតែជាឱសថព្យាបាលជំងឺរោគធុញថប់របស់មនុស្សទូទៅមិនអាចជៀសបាន ខណៈនាងនៅតែជាតារាល្បីដដែល៕










