ប្រទេសឥណ្ឌូណេស៊ី ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា រដ្ឋាភិបាលឥណ្ឌូណេស៊ីមានគម្រោងបង្កើនចំនួនអាកាសយានដ្ឋានអន្តរជាតិទ្វេដងដើម្បីជំរុញវិស័យទេសចរណ៍ កំណើនសេដ្ឋកិច្ច និងទាក់ទាញវិនិយោគិន ដែលស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Prabowo Subianto ។ វាជាការផ្លាស់ប្តូរគោលនយោបាយរបស់រដ្ឋាភិបាលអាណត្តិមុនរបស់លោកប្រធានាធិបតី Joko Widodo ដែលបានកាត់បន្ថយចំនួនអាកាសយានដ្ឋានដើម្បីសន្សំសំចៃការចំណាយថវិកាជាតិ ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់ឱ្យអាកាសយានដ្ឋានចំនួន៤០កន្លែងក្លាយជាអាកាសយានដ្ឋានអន្តរជាតិ ដែលចំនួននេះជាការបង្កើនពីចំនួនអាកាសយានដ្ឋានចាស់ត្រឹមតែ២២កន្លែង ។ ការបង្កើនចំនួនអាកាសយានដ្ឋានអន្តរជាតិលើកនេះបានគ្របដណ្តប់ទៅលើការបង្កើនចំនួនអាកាសយានដ្ឋាននៅខេត្តភាគខាងកើតដែលមានពលរដ្ឋរស់នៅយ៉ាងច្រើន និងក្នុងតំបន់ឧស្សាហកម្មសំខាន់ៗ ដូចជា ៖ តំបន់ឧស្សាហកម្ម Weda Bay និង Morowali គឺជាមជ្ឈមណ្ឌលផលិតសារធាតុគីមីនីកែលដ៏សំខាន់របស់ឥណ្ឌូណេស៊ី ។
.jpg)
លោក Lukman F. Laisa អគ្គនាយកនៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលក្រសួងដឹកជញ្ជូននិយាយថា សម្រាប់អាកាសយានដ្ឋានអន្តរជាតិត្រូវតែផ្តល់ជូនសេវាអន្តោប្រវេសន៍ត្រួតពិនិត្យអ្នកដំណើរចេញ-ចូល សេវាគយ ពិនិត្យមេរោគ និងអនុវត្តវិធានការសុវត្ថិភាពតាមស្តង់ដារអន្តរជាតិឱ្យបានរួចរាល់មុនពេលអនុញ្ញាតឱ្យយន្តហោះអន្តរជាតិចុះចត ។ លោកយល់ថា លក្ខណៈរបស់អាកាសយានដ្ឋានអន្តរជាតិពុំមែនជារឿងតូចតាចនោះទេ ។
.jpg)
កាលពីឆ្នាំ២០២៤ រដ្ឋាភិបាលឥណ្ឌូណេស៊ីអាណត្តិមុនរបស់លោកប្រធានាធិបតី Joko Widodo បានកាត់បន្ថយចំនួនអាកាសយានដ្ឋានមកស្មើត្រឹមតែ១៧កន្លែងប៉ុណ្ណោះ ដើម្បីសន្សំសំចៃការចំណាយថវិកាជាតិ ហើយមានអាកាសយានដ្ឋានតែ៥កន្លែងប៉ុណ្ណោះដែលមានជើងហោះហើរទៅប្រទេសផ្សេងៗជាប្រចាំ រួមទាំងអាកាសយានដ្ឋាននៅទីក្រុងហ្សាកាតា និងកោះបាលី ។ រីឯអាកាសយានដ្ឋាននៅសេសសល់ គឺចំនួនការហោះហើរឆ្លងប្រទេសមានកំណត់ ឬអាកាសយានដ្ឋានខ្លះគ្មានការហោះហើរឆ្លងប្រទេសសោះ ។
ការបង្កើនចំនួនអាកាសយានដ្ឋានអន្តរជាតិនេះជាការព្យាយាមមួយយ៉ាងសំខាន់ដើម្បីជំរុញវិស័យទេសចរណ៍ និងការអភិវឌ្ឍអាជីវកម្មតាមតំបន់របស់ឥណ្ឌូណេស៊ី ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីមានគោលដៅផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅក្រៅប្រទេសឱ្យកាន់តែច្រើន ក៏ដូចជាជំរុញដំណើរកម្សាន្តក្នុងស្រុកទៅកាន់តំបន់ទេសចរណ៍ផ្សេងៗដែលភ្ញៀវទេសចរពុំសូវស្គាល់ ប៉ុន្តែមានទេសភាពស្រស់ស្អាតពុំចាញ់កោះបាលី ។ លើសពីនេះ អាកាសយានដ្ឋានអន្តរជាតិនឹងទាក់ទាញវិនិយោគិន និងផ្តល់ភាពងាយស្រួលដល់ផ្នែកពាណិជ្ជកម្មក្នុងវិស័យសំខាន់ៗ ៕










