(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានថ្លែងការកោតសរសើកម្ពុជាលើការចូលរួមក្នុងការបញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) ធ្វើឲ្យកម្ពុជាទទួលបានការវា.យតម្លៃល្អនៅទូទាំងពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ3 នៅតំបន់អាស៊ាន។ 
បើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក វ៉ាន វិនពីន កាលពីយប់ថ្ងៃទី18 ខែសីហា ឆ្នាំ2025 បានថ្លែងថា៖ លោកសូមសម្ដែងគារវកិច្ចដល់កម្ពុជា ដែលបានបញ្ជូនកងទ័ពរក្សាសន្តិភាពសរុប 9,199 នាក់ ទៅកាន់ប្រទេសផ្សេងៗ ដើម្បីចូលរួមក្នុងការរក្សាសន្តិភាពជាមួយយុទ្ធនាការរបស់អង្គការសហប្រជាជាតិ (UN)។
ជាមួយគ្នានេះ លោក វិនពីន បានគូសបញ្ជាក់ឲ្យឃើញពីសមត្ថភាពកម្ពុជា និង កិត្តិយសដែលកម្ពុជាទទួលបានលើឆាកអន្តរជាតិយ៉ាងដូច្នេះថា៖ កម្ពុជាជាប់ចំណាត់ថ្នាក់ទី 27 ក្នុងចំណោមប្រទេសចំនួន 119ទូទាំងពិភពលោក ដែលបានបញ្ជូនកងទ័ពទៅបំពេញបេសកកម្មនៅក្រៅប្រទេស និងជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងចំណោមបណ្ដារប្រទេសអាស៊ានផងដែរ។
គួរឲ្យដឹងផងដែរថា ក្រៅពីការលើកសរសើ កន្លងមកចិនក៏ធ្លាប់ផ្ដល់ជំនួយជាថវិការសម្រាប់គាំទ្រកម្ពុជាក្នុងសកម្មភាពលុបបំបាត់មីនផងដែរ។ ជាមួយគ្នានេះ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថា ក្រោមការផ្តល់ជំនួយដោយចិន ដីចម្ការមីនទំហំ 150 គីឡូម៉ែត្រក្រឡាត្រូ វបានបោសសម្អាតឲ្យមានសុវត្ថិភាព ដោយគ្រាប់មីនចំនួន 82,844 គ្រាប់ត្រូវបានបំផ្លាញចន្លោះឆ្នាំ 2018 ដល់ 2024។

លើសពីនេះ បើតាមគម្រោងរបស់អង្គភាពសុីម៉ាក់បានបញ្ជាក់ថា កម្ពុជាមានគោលដៅលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះចេញពីដីឱ្យបានអស់ពេញលេញនៅឆ្នាំ2030ខាងមុខ បន្ទាប់ពីជម្លោះជាច្រើនទសវត្សរ៍បានបន្សល់ទុកនូវគ្រឿងផ្ទុះរាប់លានគ្រាប់នៅទូទាំងប្រទេស។
ចំណុចដែលបានលើកឡើងទាំងអស់ខាងលើនេះ គឺជាឧទាហរណ៍ដែលមានស្រាប់ក្នុងការបញ្ជាក់បានថា កម្ពុជាគឺជាប្រទេសស្រលាញ់សន្តិភាព គាំទ្រជានិច្ចរាល់សកម្មភាពនានាក្នុងការដោះស្រាយវិបត្តិជាតិផ្ទុះដែលសល់ពីសម័យសង្រ្កា.ម និងបេជ្ញាចិត្តមុតមាំក្នុងការមិនប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សថ្មីៗជាដាច់ខាត៕










