គាំទ្រផលិតផលក្នុងស្រុកមានជាតិនិយមបែរជាទទួលបានសម្តីថាជោរតាមគ្នាតារាស្រី សាន្ត កុសុមៈ បាននិយាយថាអ្នកដែលនិយាយបែបនេះជាមនុស្សភ្លាវខ្លាំង។ កុសុមៈ បានផ្តាំផ្ញើដល់ទស្សនិកជនមុនទិញទំនិញកុំភ្លេចមើលផលិតផលណាដែលមានអក្សរខ្មែរនិងពិនិត្យមើលបាកូដខ្មែរព្រោះនេះជាការទៅមុខរួមគ្នា ស្មារតីខ្មែរតែមួយ។
នៅថ្ងៃទី១៥ សីហា កញ្ញា សាន្ត កុសុមៈ បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយចំណងជើងថា«ខ្ញុំជោរអ៊ីចឹង ខ្ញុំជាតិនិយមអ៊ីចឹង ព្រោះខ្ញុំកើតមកមានសញ្ជាតិជាខ្មែរ ខ្ញុំចេះស្រឡាញ់ ខ្ញុំចង់រក្សាអ្វីដែលខ្ញុំមាន។ពួកយើងទាំងអស់គ្នាមានជម្រើសក្នុងការជ្រើសរើស ដូច្នេះត្រូវជ្រើសរើសជម្រើសដែលល្អសម្រាប់យើងនិងមនុស្សជុំវិញខ្លួន។ ទៅមុខរួមគ្នា ស្មារតីខ្មែរតែមួយ»។ កុសុមៈ បានរៀបរាប់ថាមានអ្នកនិយាយថាជោរម៉េស ម្តេចក៏មានជាតិនិយមខ្លាំងម្ល៉េះ ហើយអ្នកដែលនិយាយបែបនេះ សាន្ត កុសុមៈ ថាជាមនុស្សភ្លាវខ្លាំង កើតមកជាខ្មែរ បែរជាខឹងអ្នកផ្សេងដែលស្រលាញ់ជាតិ ជួយគាំទ្រលើកតម្កើនជាតិ។
តារាសម្តែងរូបនេះបានបន្តទៀតថា នាងទៅទិញអីវ៉ាន់ហើយរកតែរបស់ខ្មែរហើយរបស់ថៃនាងមិនយកទេហើយនៅពេលគិតលុយអ្នកនៅពីមុខនាងគឺបានទិញរបស់ប្រទេសជិតខាងប៉ុន្តែព្យាយាមបិទមិនឱ្យឃើញ ប្រហែលជាដឹងខ្លួនថាខុសប៉ុន្តែនៅតែធ្វើ។
ជាមួយគ្នានេះដែរ សាន្ត កុសុមៈ បានអំពាវនាវដល់ទស្សនិកជននៅពេលទិញផលិតផលកុំភ្លេចមើលផលិតផលណាដែលមានអក្សរខ្មែរព្រមទាំងមើលលេខកូដផង។ តួឯកស្រីរូបនេះបាននិយាយថាប្រសិនជាយើងមិនគាំទ្រផលិតផលខ្មែរតើឱ្យអ្នកណាផ្សេងមកគាំទ្រ ហើយសេដ្ឋកិច្ចជាតិ លុយដែលបានចាយទៅលើផលិតផលរបស់ជាតិកុំតែរត់មករកយើងវិញហើយចាប់ផ្តើមគាំទ្របន្តិចម្តងៗ។
សាន្ត កុសុមៈ ថាតារាស្រុកគេនៅស្ងៀមព្រោះគេសន្តិភាព១០០ឆ្នាំមកហើយ ប៉ុន្តែយើងវិញនៅតិចតួចនៅឡើយដូច្នេះយើងត្រូវតែស្វះស្វែងជាងគេបន្តិចទម្រាំយើងអាចទៅមុខរឹងមាំដូចគេបាន គឺត្រូវការគាំទ្រ។ ការចេញវីដេអូនេះ កុសុមៈ ថានាងគ្រាន់តែចង់រម្លឹកដល់ទស្សនិកជន ហើយនាងក៏ដឹងថាមានពលរដ្ឋជាច្រើនបានដឹងអ្វីដែលគួរធ្វើនិងមិនគួរធ្វើ ហើយក៏មានអ្នកមួយចំនួននៅមើលមិនឃើញគាំទ្រផលិតផលផ្ទះលេខ២៕










