ពូត្រារ៉ាយ៉ា៖ លោកឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar អគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិម៉ាឡេសុី បានស្នើសុំនាយករដ្ឋមន្រ្តី Datuk Seri Anwar Ibrahim ទំនាក់ទំនងជាផ្លូវការជាមួយនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និង ថៃដើម្បីអនុញ្ញាតឱ្យទាហានម៉ាឡេស៊ីអាចចូលទៅសង្កេតដោយផ្ទាល់ក្នុងតំបន់ជម្លោះរវាងប្រទេសទាំងពីរជាមួយនឹងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BERNAMA។

នៅល្ងាចថ្ងៃទី14 ខែសីហា ឆ្នាំ2025 លោកឧត្តមសេនីយ៍ Tan បាននិយាយថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មានតំណាងមកពីរដ្ឋសមាជិកអាស៊ាន ហើយនឹងត្រូវបានដាក់ពង្រាយជាបន្តបន្ទាប់នៅលើមូលដ្ឋាន ដើម្បីធានា និងត្រួតពិនិត្យថាមិនមានការរំលោ.ភលើបទឈប់បាញ់នោះទេ។ លោកថា “នេះគឺជាកិច្ចការដ៏ធ្ងន់មួយ ពីព្រោះព្រំដែនដែលមានប្រវែងប្រហែល 840 គីឡូម៉ែត្រ ដែលយើងត្រូវត្រួតពិនិត្យ។ លោកបញ្ជាក់ថា៖ សម្រាប់កិច្ចការនេះ យើងកំពុងទទួលបានការគាំទ្រផ្នែកដឹកជញ្ជូនពីសហរដ្ឋអាមេរិក”។
លោកបានបន្ថែមទៀតថា៖ បន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ភាគីពាក់ព័ន្ធបានព្រមព្រៀងគ្នា ក្រោមកិច្ចព្រមព្រៀងឈប់បា.ញ់ដើម្បីបង្កើតក្រុមសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដែលរួមមានអនុព័ន្ធការពារមកពីបណ្តាប្រទេសអាស៊ាន។
គួរជម្រាបថា កាលពីម្សិលមិញថ្ងៃទី 14 ខែសីហា អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា លោក Nazlee Bin Abdul Rahim បានដឹកនាំអនុព័ន្ធយោធាបរទេសតំណាង 7 ប្រទេស ចុះធ្វើការត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងដែលទាហានឈុតប៉ារាថៃបានរាយបន្លាលួស បិទផ្លូវ និងព័ទ្ធផ្ទះប្រជាពលរដ្ឋដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា។
នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំប្រទេសម៉ាឡេសុី ក្នុងការជំរុញឲ្យបទឈប់បា.ញ់ និងកិច្ចព្រមព្រៀងរវាងកម្ពុជា.ថៃ មានប្រសិទ្ធភាពតាមរយៈការបញ្ជូនក្រុមសង្កេតការណ៍មកជាបន្តបន្ទាប់ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក៕










