«ហូបស្ពឺអត់?» ជាឃ្លាដែលទទួលបានប្រជាប្រិយភាពខ្លាំងណាស់ពីសំណាក់អ្នកលេងបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជានារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ក្រៅអំពីអត្ថន័យដែលសំណាងអោយក្តីស្រលាញ់រវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវពេជ្យ ច័ន្ទមុនី តើអ្នកដឹងទេ ពលរដ្ឋខ្មែរមានជំនឿបែបណាចំពោះ ផ្លែស្ពឺ នេះ? តើស្ពឺ មានអត្ថប្រយោជន៍បែបណាចំពោះសុខភាព?

ស្ពឺ ជាប្រភេទដើមឈើហូបផ្លែ ដែលប្រជាពលរដ្ឋខ្មែរទូទៅនិយមដាំតាមផ្ទះទុកជាលម្អផង និងបរិភោគផង។ ផ្លែមានរាងជ្រុង សាច់ជ្រាយមានទឹក ខ្លះមានរសជាតិជូរ ខ្លះផ្អែមលាយជូរ អ្នកស្រុកតែងហូបផ្លែស្ពឺ ធ្វើជាអាហារកំដរមាត់ជាមួយគ្រឿងជ្រលក់ច្រើនប្រភេទតាមចំណង់ចិត្ត ឬច្នៃស្ពឺជាអាហារ ពិសេសប្រើជាគ្រឿងអន្លក់ជាមួយទឹកគ្រឿង ប្រហុក ផ្អក និងណែមនឿងជាដើម។.png)
នៅក្នុងជំនឿខ្មែរ ពលរដ្ឋមួយចំនួនជឿថា ស្ពឺជាប្រភេទរុក្ខជាតិបន្សាប ដូចគ្នានឹងដើមរាំងសាបដែរ គឺអ្នកដែលប្រើខ្សែកថា ឬខ្សែចង្កេះ ប្រើកន្សែងយន្ត ឬយន្តនានា គេនឹងមិនទទួលទានផ្លែស្ពឺ ឬដើរក្រោមដើមស្ពឺឡើយ ព្រោះអាចសាបមន្តអាគមលែងពូកែដូចគ្រាមុន។ ប៉ុន្តែស្ពឺ ផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព។ 
ទី១ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រឆាំងការរលាក ព្រោះសម្បូរវីតាមីន C ដែលប្រឆាំងអុកស៊ីតកម្ម ជួយប្រឆាំងនឹងមេរោគបាក់តេរី ហើយមានផ្ទុកសារធាតុប្រឆាំងនឹងការរលាក។ ទី២ ជំនួយដល់ការគេង និងកាត់បន្ថយភាពតានតឹង ព្រោះស្ពឺមានផ្ទុកសារធាតុ Saponins និង Flavonoids ដែលជួយធ្វើឱ្យចិត្តស្ងប់។ ទី៣ ជួយដល់ប្រព័ន្ធរំលាយអាហារ ព្រោះជាផ្លែឈើមានជាតិសរសៃខ្ពស់ ជួយសម្រួលដល់ចលនាពោះវៀន និងការពារការទល់លាមក។
ទី៤ ជួយដល់សុខភាពបេះដូង ដោយសារសារធាតុ Potassium និងជាតិសរសៃដែលផ្លែស្ពឺមាន ជួយគ្រប់គ្រងសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុល ហើយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងសរសៃឈាម។ ទី៥ ផ្តល់ថាមពល និងជួយសម្រកទម្ងន់ ស្ពឺមានកាឡូរីទាប ប៉ុន្តែសម្បូរទៅដោយជាតិសរសៃ និងកាបូអ៊ីដ្រាតដែលផ្តល់ថាមពល។ ជាតិសរសៃជួយឱ្យអ្នកឆ្អែតបានយូរ ហើយជួយដល់ការគ្រប់គ្រងទម្ងន់បានល្អ។ ទី៦ ជំនួយសុខភាពស្បែក ព្រោះសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែស្ពឺជួយការពារកោសិកាស្បែកពីការបំផ្លាញដោយរ៉ាឌីកាល់សេរី ការពារភាពចាស់មុនវ័យ។ 
ទោះផ្លែស្ពឺមានអត្ថប្រយោជន៍ច្រើនក្តី តែអ្នកជំងឺតម្រងនោម គួរទទួលទានដោយប្រុងប្រយ័ត្ន។ សារធាតុ oxalic acid ដែលមានក្នុងស្ពឺ អាចបង្កជាបញ្ហាសម្រាប់អ្នកជំងឺតម្រងនោមមួយចំនួន៕










