ប្រទេសកម្ពុជាបាននាំចេញទុរេនទៅកាន់ទីផ្សាររបស់ប្រទេសចិនជាផ្លូវការចំនួនពីរលើករួចមកហើយ។ លើកទី១ នៅអំឡុងខែកក្កដា ទុរេនដែលដាំដុះក្នុងខេត្តត្បូងឃ្មុំប្រមាណ ១៧តោន ត្រូវបានដឹកជញ្ជូនតាមកប៉ាល់ទៅប្រទេសចិន ឯលើកទី២ គឺនៅអំឡុងខែសីហា នេះ ទុរេនរបស់កសិករខ្មែរចំនួន ២តោនទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះ ទៅលក់នៅខេត្តហឺណាន។

ក្រោយទទួលបានភ្លើងខៀវពីរដ្ឋាភិបាលទីក្រុងប៉េកាំង នាអំឡុងខែឧសភា ឆ្នាំ២០២៥ អនុញ្ញាតឲ្យកម្ពុជានាំផ្លែទុរេនចូលទីផ្សារខ្លួន ដោយបំពេញឲ្យបានទៅតាមការកំណត់នៃច្បាប់នានាពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារនៅប្រទេសចិនរួចមកនោះ កម្ពុជាក៏ផ្តើមដឹកជញ្ជូនទុរេនជើងទី១ នាអំឡុងខែកក្កដាតែម្តង។
ថ្ងៃទី១៧ ខែកក្កដា ទុរេនរបស់ពលរដ្ឋខេត្តត្បូងឃ្មុំ ជាង១៧តោន ត្រូវនាំចេញដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) សហការជាមួយក្រុមហ៊ុននៅប្រទេសចិន។ ក្រុមហ៊ុននេះ គ្រោងវិនិយោគលើដំណាំទុរេន ហើយនាំចេញរាប់សិបតោនទៀតទៅកាន់ទីផ្សាប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សារជាក់ស្តែង។
ឯលើកទី២ គឺនៅថ្ងៃទី៩ ខែសីហា ប្រទេសកម្ពុជា បានចាប់ផ្ដើមសាកល្បងនាំចេញផ្លែទុរេនចំនួន ២តោន ដោយក្រុមហ៊ុន CSNC Agricculture Co., Ltd.ទៅកាន់ខេត្ដហឺណាន ប្រទេសចិន តាមរយៈជើងហោះហើរផ្លូវអាកាស ជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Ari Cambodia)។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានបញ្ជាក់តាមគេទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ឯកឧត្តម នាថ្ងៃទី១២ ខែសីហា កន្លងមកថា ការដឹកជញ្ជូនទុរេនកម្ពុជាតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន អាចរក្សាបាននូវគុណភាពនិងរសជាតិរបស់វា។ ដូច្នេះហើយកសិករដែលដាំដំណាំទុរេនចាត់ទុកវិធីដឹកជញ្ជូនតាមអាកាស ដែលចំណាយពេលត្រឹមតែ ៤ម៉ោង ថាបានផ្តល់អត្ថប្រយោជន៍ដ៏សំខាន់។

ឯកឧត្តម វ៉ាង វិនពីន បានអះអាងថា រហូតបច្ចុប្បន្ននេះ កសិផលកម្ពុជាសរុបចំនួន ១៦មុខ ហើយ ត្រូវបានអនុញ្ញាតិឲ្យនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ កសិផលទាំងនោះរួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការនាំចេញកសិផលទាំងនេះគឺជាសន្ទុះដ៏រឹងមាំ និងជាសមិទ្ធផលផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សូមរម្លឹកថា ទុរេនគឺជាផ្លែឈើស្រស់របស់កម្ពុជាឈរនៅលេខរៀងទី៥ ដែលទទួលបានការនាំចូលទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ បន្ទាប់ពីចេក ស្វាយ មៀន និងដូង។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន គឺទទួលបានការអនុញ្ញាតពីសំណាក់អគ្គរដ្ឋបាលគយចិន។
សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។
ដើម្បីធានានូវគុណភាព និងនិរន្តរភាពនៃការនាំចេញ ក្រសួងកសិកម្ម បានអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារ ដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីដែលហាមឃាត់។
បន្ថែមលើនេះ ម្ចាស់ចម្ការ និងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញដែរ សូមរួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។
បច្ចុប្បន្ន ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនចំនួនប្រមាណជាង ១០ ០០០ ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួនជាង ៧ ០០ហិកតា ដែលអាចទទួលបរិមាណផលប្រមាណជាង ១២០ ០០០តោនក្នុង១ឆ្នាំ៕










