(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានអំពាវនាវឲ្យថៃ ឬភាគីពាក់ព័ន្ធ គួរកុំចេះតែធ្វើការសន្និដ្ឋានដោយគ្មានមូលដ្ឋានមុនរកឃើញការពិត ដើម្បីភាពយុត្តិធម៌ទាំងអស់គ្នា និងចៀសវាងការយល់ច្រលំធ្វើឲ្យមានភាពតានតឹងសារជាថ្មី។ ជាមួយគ្នានេះ ក្រសួងការពារជាតិ ក៏បានបញ្ជាក់ឡើងវិញដែរថា កម្ពុជាគឺមិនមានការប្រើប្រាស់គ្រាប់មីនថ្មីជាដាច់ខាត។
នៅថ្ងៃទី12 ខែសីហា ឆ្នាំ2025 ក្រសួងការពារជាតិកម្ពុជា បានបញ្ចេញនូវសេចក្ដីប្រកាសព័ត៌មានមួយ ដោយប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ថាជាស្នាដៃបង្កប់ដោយយោធាកម្ពុជា។
ក្នុងនោះក្រសួងការពារជាតិបានបញ្ជាក់ថា ចាប់តាំងពីក្លាយជារដ្ឋភាគីដែលបានផ្តល់សច្ចាប័នក្នុងឆ្នាំ1999 រហូតមកដល់បច្ចុប្បន្ន កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត ។.jpg)
លើសពីនេះ កម្ពុជាសូមធ្វើការគូសបញ្ជាក់ផងដែរថា មកទល់ពេលនេះ មិនមានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ការពិតនៅឡើយពាក់ព័ន្ធនឹងការដើរជាន់មីនរបស់ទាហានថៃនៅឡើយទេ។ មួយវិញទៀត កម្ពុជាក៏តែងតែបានរំឭកភាគីថៃជាច្រើនលើកច្រើនសារថា តំបន់ទាំងនេះនៅមានគ្រាប់មីនដែលជាសំណល់ពីសង្គ្រាមជាច្រើនគ្រាប់ ហេតុដូចនេះគ្រប់ភាគីពាក់ព័ន្ធគួរចៀសវាង ការធ្វើសេចក្តីសន្និដ្ឋានជាសាធារណណាមួយ មុនពេលរកឃើញការពិត និងផ្តល់យុត្តិធម៌សម្រាប់ទាំងអស់គ្នា ដើម្បីបញ្ចៀសការយល់ច្រឡំ ឈានដល់ការប្រឈមមុខដាក់គ្នានាំឱ្យមានភាពតានតឹងកើតឡើងសាជាថ្មី។
គួរជម្រាបថា បន្ទាប់ពីទាហានរបស់ខ្លួនបានជាន់មីនជាថ្មីម្ដងទៀត កាលពីព្រឹកថ្ងៃទី12 ខែសីហា អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree បានប្រកាសជាសាធារណថា ឧបត្តិហេតុនោះគឺជាស្នាដៃរបស់កម្ពុជាដែលបង្កប់មីនថ្មី ល្មើសសន្ធិសញ្ញាអូតាវ៉ា និងបទឈប់បាញ់ដែលបានចូលជាធរមាន។ លើសពីនេះ ថៃបានប្រកាសថានឹងប្រើប្រាស់សិទ្ធិការពារខ្លួននៅពេលដែលចាំបាច់ ប្រសិនបើកម្ពុជាមិនព្រមឈប់ប្រើប្រាស់មីនប្រឆាំងមនុស្សតាមការអំពាវនាវនោះទេ។
យ៉ាងណាមិញ ការពិតដែលមាននៅពីក្រោយការដើរជាន់មីនផ្ទុះរបស់ទាហានថៃនេះ មានតែថៃខ្លួនឯងទេដែលដឹងច្បាស់ ព្រោះថៃអះអាងថាទាហានរបស់ខ្លួនដើរល្បាតតែនៅតាមគន្លងផ្លូវចាស់ក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែនៅពេលជាន់មីនបេរជាមកចោ.ទកម្ពុជា។ នេះអាចជាចេតនាបង្ករឿង ដើម្បីធ្វើការវាយប្រហារកម្ពុជាជាថ្មី ដោយយកលេសថាប្រើសិទ្ធិការពារខ្លួន៕










