ដើម្បីសម្រួលដល់ការទទួលបានការងារធ្វើរបស់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ក្រសួងមិនតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ការស្នើសុំសៀវភៅការងារកម្មករ និយោជិតខ្មែរ និងការចុះបញ្ជីក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឡើយ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ការសម្រេចខាងលើនេះនឹងត្រូវបន្តអនុវត្តន៍រហូតមានការកំណត់សេចក្តីជូនដំណឹងថ្មី។ ក្រសួងការងារបានបញ្ជាក់ថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចជ្រើសរើសពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃឱ្យចូលធ្វើការបាន ដោយប្រើប្រាស់ឯកសារមួយចំនួនជំនួសអត្តសញ្ញាណបណ្ណ។ ឯកសារទំាងនោះរួមមាន សំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (លិខិតធ្វើដំណើរ-TD) ឬលិខិតបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

សូមបញ្ជាក់ថា តាមរយៈកម្មវិធីនាំយកឱកាសការងារផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលទើបត្រលប់មកពីប្រទេសថៃនៅតាមបណ្តាខេត្តមួយចំនួនកាលពីថ្ងៃទី១០ ខែសីហា កន្លងមកថ្មីៗនេះ ពលរដ្ឋរស់នៅឃុំអង្កាញ់ និងឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវបានចុះឈ្មោះរកការងារធ្វើចំនួន ៣៥០នាក់។ 
ឯកម្មវិធី វេទិកាការងារ នាថ្ងៃទី៩ ខែសីហា នៅខេត្តបន្ទាយមានជ័យ ក៏មានពលរដ្ឋពីស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុកចំនួន ២១២នាក់ទៀត បានទទួលឱកាសការងារធ្វើភ្លាមៗពីក្រុមហ៊ុនធំៗផងដែរ។ ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ណឌី ក៏ធ្លាប់អះអាងដែរថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានក្លាយជាឱកាសល្អសម្រាប់អ្នកផលិតក្នុងស្រុកបង្ហាញសមត្ថភាព។ ប៉ុន្តែវិស័យឯកជនក៏ត្រូវមានភាពសកម្មដោយខ្លួនឯង តាមរយ:ខិតខំពង្រីកផលិតកម្មដើម្បីចាប់ឱកាស និងបង្កើតការងារសម្រាប់ពលករ ជាពិសេស ពលរដ្ឋត្រឡប់មកពីប្រទេសថៃ។
.jpg)
ការផ្គត់ផ្គង់វត្ថុធាតុដើម ការកែច្នៃ រហូតដល់សេវាកម្មឡូជីស្ទិក ព្រមទាំងការធានានូវគុណភាព និងលទ្ធភាពនាំចូលមានភាពចាំបាច់ណាស់សម្រាប់កម្ពុជា ខណ:បច្ចុប្បន្នរដ្ឋាភិបាលកំពុងចាត់វិធានការកែសម្រួលច្បាប់ បទប្បញ្ញត្តិ និងផ្តល់ការលើកលែងផ្សេងៗ រួមបញ្ចូលទាំងអត្ថប្រយោជន៍។ 
នៅក្នុងកិច្ចពិភាក្សាស្តីពីការពង្រឹងប្រព័ន្ធឧស្សាហកម្មផលិតកម្មក្នុងប្រទេសកម្ពុជា “តួនាទីនៃការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ និងបច្ចេកវិទ្យាជំនាន់ថ្មីក្នុងខ្សែច្រវាក់ផលិតកម្ម” ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានលើកឡើងថា មានគន្លឹះមួយចំនួនដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយនៅអាស៊ីអាគ្នេយ៍។ គន្លឹះទាំងនោះ មានដូចជាកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេង និងមានជំនាញ ការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយបណ្ដាប្រទេសមួយចំនួន និងក្នុងតំបន់ជាដើម៕










