ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា អ្នកនាំពាក្យគណបក្សផ្លាំងប្រាឆារ៉ាត់បានស្នើឱ្យរដ្ឋាភិបាលខ្លួនលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ដោយសារបារម្ភខ្លាចថៃបាត់បង់ទឹកដី និងដែនទឹកនៅកោះគុត ពីព្រោះមានអតីតអ្នកនយោបាយថៃចុះហត្ថលេខាទទួលស្គាល់ផែនទីដែលខុសគ្នាពីផែនទីរបស់ថៃ ។
អ្នកនាំពាក្យគណបក្សផ្លាំងប្រាឆារ៉ាត់ លោក ពិយៈ តាវិឆៃ បាននិយាយកាលពីថ្ងៃទី៧ ខែសីហា អំពីគោលជំហររបស់គណបក្សចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា ស្ថានការណ៍ពេលនេះ ប្រទេសថៃចាំបាច់ត្រូវមានកម្លាំងសាមគ្គី និងរក្សាទឹកដី ។ គណបក្សផ្លាំងប្រាឆារ៉ាត់មើលឃើញថា ថៃត្រូវតែលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ពីព្រោះកិច្ចព្រមព្រៀងនេះអាចធ្វើឱ្យថៃបាត់បង់ទឹកដីបន្ថែមទៀត ។
លោកនិយាយថា មានអតីតអ្នកនយោបាយថៃបានចុះហត្ថលេខាលើឯកសារទទួលស្គាល់ផែនទី ដែលខុសគ្នាពីផែនទីរបស់ថៃដែលប្រើប្រាស់នាពេលបច្ចុប្បន្ន ។ បើថៃនៅតែទទួលស្គាល់កិច្ចព្រមព្រៀងទាំង២ ថៃនឹងបាត់បង់ទឹកដីលើកទី១៦ ។ ក្រៅពីនេះ កិច្ចព្រមព្រៀងឆ្នាំ២០០១ នឹងធ្វើឱ្យថៃប្រឈមការបាត់បង់ដែនទឹកនៅកោះគុត និងបាត់បង់ដែនទឹកមួយផ្នែកក្នុងឈូងសមុទ្រថៃ ។
បញ្ហាសំខាន់ គឺកិច្ចព្រមព្រៀងឆ្នាំ២០០១ ផ្ទុយនឹងការប្រកាសក្នុងរាជកិច្ចឆ្នាំ១៩៧៣ សម័យព្រះមហាក្សត្រថៃរជ្ជកាលទី៩ ។ ព្រះមហាក្សត្រថៃសម័យនោះបានប្រកាសកំណត់ព្រំដែនឈូងសមុទ្រថៃដោយយោងតាមច្បាប់សមុទ្រអន្តរជាតិ និងអនុសញ្ញានៅទីក្រុងហ្សឺណែវ ស្តីពីដែនសមុទ្រ និងតំបន់ជាប់គ្នា ។
នេះជាការកំណត់ច្បាស់លាស់នៃព្រំដែនសមុទ្ររបស់ថៃ ហើយកិច្ចព្រមព្រៀងទាំង២ ជាពិសេស កិច្ចព្រមព្រៀងឆ្នាំ២០០១ បានប៉ះពាល់ដល់ទឹកដីថៃ ។ ការលុបចោលកិច្ចព្រមព្រៀងនេះត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា ប៉ុន្តែបច្ចុប្បន្ន រដ្ឋសភាពុំទាន់អនុម័ត ។ គណបក្សផ្លាំងប្រាឆារ៉ាត់មានគោលជំហរច្បាស់លាស់សូមស្នើរដ្ឋាភិបាលថៃលុបចោលកិច្ចព្រមព្រៀងទាំង២ គឺកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ។
ផ្ទុយទៅវិញ លោក រ៉ាត់ ឆាលីចាន់ អតីតឯកអគ្គរាជទូត និងជាជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសថៃបានផ្តល់បទសម្ភាសន៍ពិសេសថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្នផុយស្រួយ ហើយគណបក្សនយោបាយមួយស្នើរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ លោកថា ការលុបចោលកិច្ចព្រមព្រៀងនឹងធ្វើឱ្យថៃចាញ់ប្រៀប ហើយកម្ពុជាទទួលបានប្រយោជន៍ ។
វាគួរឱ្យភ្ញាក់ផ្អើលដែលគណបក្សនយោបាយមួយស្នើឱ្យលុបចោលកិច្ចព្រមព្រៀងទាំង២ ខណៈគណបក្សនេះធ្លាប់ចូលរួមជាមួយរដ្ឋាភិបាលអាណត្តិមុនអស់រយៈពេលជាច្រើនឆ្នាំ ហើយពុំធ្លាប់ជំទាស់នឹងកិច្ចព្រមព្រៀង ប៉ុន្តែពេលនេះ បែរជាផ្លាស់ប្តូរគោលជំហរធ្វើឱ្យមានការសង្ស័យពីចេតនា និងភាពស្មោះត្រង់ ។ នេះបើតាមលោក រ៉ាត់ ឆាលីចាន់ ៕










