ប្រទេសថៃ ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Top News រាយការណ៍ថា លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃសោកស្តាយដែលកងទ័ពថៃចំនួន៣នាក់ បានជាន់មីនបណ្តាលឱ្យរងរបួសនៅថ្ងៃនេះ (ថ្ងៃទី៩ ខែសីហា) ។ លោកនឹងស្នើឱ្យកម្ពុជាដោះមីន PMN-2 ក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នាខែកញ្ញា ខាងមុខ ។.jpg)
លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយនៅថ្ងៃទី៩ ខែសីហា ពីកងទ័ពថៃចំនួន៣នាក់រងរបួសដោយសារដើរជាន់មីន ក្នុងនោះកងទ័ពថៃម្នាក់ដាច់កជើងឆ្វេង ក្នុងពេលពង្រាយកម្លាំងល្បាតតាមផ្លូវដើម្បីដាក់លួសបន្លាការពារនៅឃុំគ្រុង ស្រុកកាន់ថៈរៈឡាក ខេត្តស៊ីសាកេត (បរិវេណភ្នំទ្រព្យ) ហើយលោករង់ចាំសេចក្តីរាយការណ៍បន្ថែមថា តើមីនដែលកងទ័ពថៃដើរជាន់នោះជាមីនប្រភេទអ្វី ។
វិធានការដំបូងរបស់ថៃក្រោយពីកងទ័ពខ្លួនជាន់មីន គឺថៃនឹងតវ៉ា ពីព្រោះថៃបានស្នើឱ្យកម្ពុជាដោះមីនក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅម៉ាឡេស៊ីកន្លងមក ប៉ុន្តែកម្ពុជាពុំទទួលយកការស្នើសុំនេះ ។ ដូច្នេះ កិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅខែកញ្ញា ខាងមុខ ថៃនឹងស្នើឱ្យកម្ពុជាដោះមីនម្តងទៀត ពីព្រោះបើពុំដោះមីនទេ កងទ័ពថៃនឹងដើរជាន់រងរបួសទៀត ។ នេះបើតាមការលើកឡើងរបស់លោក ណាត់ថាផុង ។
ចំណែកហ្វេសប៊ុកផេកកងទ័ពជើងគោកថៃ «กองทัพบก ทันกระแส» បានសរសេរថា កងទ័ពភូមិភាគ៣ បានសហការជាមួយកងទ័ពភូមិភាគ២ ក្នុងការបោសសម្អាតនៅសមរភូមិបរិវេណភ្នំទ្រព្យ ហើយកងទ័ពថៃចោទប្រកាន់ថា ពេលពួកគេកំពុងតែសម្អាតសមភូមិនេះ ស្រាប់តែឃើញអាវុធមួយចំនួនធំរបស់កម្ពុជា ជាពិសេស មីនប្រភេទ PMN-2 ។.jpg)
គួរបញ្ជាក់ថា ថៃតែងតែចោទប្រកាន់កម្ពុជាបង្កប់មីនក្នុងទឹកដីរបស់ខ្លួនបណ្តាលឱ្យកងទ័ពខ្លួនរងរបួសជាបន្តបន្ទាប់ និងថា កម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា ។ ការចោទប្រកាន់ពីសំណាក់ភាគីថៃគ្មានមូលដ្ឋានច្បាស់លាស់ ពីព្រោះកងទ័ពកម្ពុជាពុំធ្លាប់ដាក់មីនថ្មីក្នុងទឹកដីថៃដែលមានការយាមល្បាតយ៉ាងតឹងរ៉ឹងនោះទេ ការបង្កប់មីននេះមានតែថៃខ្លួនឯងប៉ុណ្ណោះដែលដឹងច្បាស់ ។
កម្ពុជាបានអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជាចង់បានសុខសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្នើឱ្យថៃឈប់ចោទប្រកាន់ ទម្លាក់កំហុស និងលាបពណ៌កម្ពុជាបន្តទៀត ។ បច្ចុប្បន្ន ប្រទេសនានាលើពិភពលោក កំពុងផ្តោតការចាប់អារម្មណ៍ថា តើថៃអាចអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានឬអត់?










