រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការអនុវត្តអត្រាពន្ធគយ ០% លើគ្រប់មុខទំនិញទាំងអស់ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក និង នាំចូលមកកម្ពុជាពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះតទៅ។
បើតាមអនុក្រឹត្យនេះ ការអនុវត្តអត្រា០ភាគរយ មិនអនុវត្តចំពោះទំនិញប្រើរួចហើយនោះទេ។
កម្ពុជាបានសម្រេចទម្លាក់ពន្ធមក០ភាគរយ លើទំនិញអាមេរិកទាំងអស់ ដើម្បីជាថ្នូរនឹងការចរចាយកបានអត្រាពន្ធដែលអាមេរិកដាក់លើកម្ពុជាមកត្រឹម ១៩ភាគរយ។
បើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា៖” មានបន្ទាត់ទំនិញចំនួន ១១ ៤១៤បន្ទាត់ ដែលកម្ពុជាបានបញ្ចុះអត្រាពន្ធពី ៣៥ភាគរយ ពី៥ភាគរយ និង ពី៧ភាគរយ មកត្រឹមអត្រា ០ភាគរយ ដល់អាមេរិក”។
ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានសង្កត់ធ្ងន់ទៀតថា៖”រាជរដ្ឋាភិបាល នឹងនៅតែបន្តរកវិធីកាត់បន្ថយនីតិផ្សេងៗ ដើម្បីឱ្យកាន់តែងាយស្រួលសម្រាប់អ្នកវិនិយោគនៅកម្ពុជា”៕










