ពិតជាពូកែមិនធម្មតា! យុវតីនៅជំរុំជនភៀសសឹកម្នាក់ ដែលចេះនិយាយបាន4ភាសា ដោយគ្រាន់តែរៀនតាមកម្មវិធីនៅលើទូរស័ព្ទដៃ ពេលនេះមានភ័ព្វសំណាងអាចផ្លាស់ប្ដូរជោគវាសនាបានហើយ ក្រោយក្រុមហ៊ុនភេសជ្ជៈ អាយដល (Idol) ផ្ដល់ការឧបត្ថមជាអាហាររូបករណ៍100% សម្រាប់ការសិក្សានៅមហាវិទ្យាល័យរហូតដល់ចប់ចុងចប់ដើម។
យុវតី គីមហួយ ឬមានឈ្មោះហៅក្រៅថា Nelly កំពុងទទួលបានការកោតសរសើយ៉ាងខ្លាំងពីសំណាក់មហាជនទូទាំងប្រទេសកម្ពុជា បន្ទាប់ពីវីដេអូសន្ទនាជាភាសាអង់គ្លេសរបស់យុវតីរូបនេះជាមួយអ្នកយកព័ត៌មានអន្តរជាតិ ត្រូវបានគេចែកចាយពេញបណ្ដាញសង្គមកាលពីថ្មីៗនេះ។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយអ្នកយកព័ត៌មានជនជាតិចិន មកពីសារព័ត៌មាន China Mac TV ក្មេងស្រីអាយុ 15ឆ្នាំម្នាក់នេះ បានធ្វើការរៀបរាប់ពីជំរុំភៀសខ្លួនរបស់នាងជាភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ ក្រោយមកវីដេអូនៃការសម្ភាសន៍នោះ ក៏ត្រូវបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គម និងទទួលបានចំណាប់អារម្មណ៍មហាជនច្រើនលើសលប់ ក៏ព្រោះតែការនិយាយនិងការបញ្ចេញតង់សំនៀងជាភាសាអង់គ្លេសរបស់នាងល្អខ្លាំងពេក ដែលសឹងតែមិនគួរឲ្យជឿថាក្មេងស្រីរស់នៅជនបទ និងមិនទទួលបានការសិក្សានៅសាលាថ្លៃម្នាក់អាចធ្វើបាន។
ក្រោយមក មានអ្នកយកព័ត៌មានក្នុងស្រុកជាបន្តបន្ទាប់ទៅសម្ភាសន៍ពីជីវប្រវត្តិរបស់Nelly ហើយក៏បានដឹងមកថា៖ Nelly កើតនៅក្នុងគ្រួសារមួយដែលមានកូនរហូតដល់ 10នាក់ ដែលនាងគឺជាកូនពៅ។ នៅពេលដែលឪពុកធ្លាក់ខ្លួនឈឺ និងទទួលមរណភាព គីមហួយ បានបោះបង់ការសិក្សាចោលត្រឹមថ្នាក់ទី8 ព្រោះតែជីវភាពក្រខ្សត់ខ្លាំងពេក។
ការមិនបានទៅរៀននៅសាលា មិនបានបញ្ឈប់នាងពីស្វែងរកចំណេះដឹងដើម្បីអភិវឌ្ឍខ្លួននោះទេ។ Nelly បានចាប់ផ្ដើមប្រើប្រាស់កម្មវិធីរៀនភាសានៅលើទូរស័ព្ទដៃ ដែលមានឈ្មោះថា HelloTalk និងបានព្យាយាមអនុវត្តការនិយាយតាមកម្មវិធីនោះ រហូតមានមិត្តភ័ក្តិជនជាតិបរទេសជាច្រើននៅលើកម្មវិធីនោះ។ យុវតីឆ្នើមរូបនេះ បានប្រាប់អ្នកសម្ភាសន៍ថា បច្ចុប្បន្ននាងចេះភាសាអង់គ្លេស ឥណ្ឌូណេសុី និងកំពុងខិតខំរៀនភាសាចិនបន្ថែម។
ដោយសម្លឹងឃើញពីការប្រឹងប្រែង មិនបណ្ដែតបណ្ដោយវាសនាទៅតាមជីវភាព និងស្ថានភាពជីវិតដូចនេះ អ្នកមានធនធានមួយចំនួនបានផ្ដល់ជំនួយជាថវិការ ក៏ដូចជាសម្ភារៈខ្លះជូនដល់ Nelly និងគ្រួសាររបស់នាង។ អ្វីដែលកាន់តែគួរឲ្យរំភើប នាងទទួលបានអាហាររូបករណ៍ពេញ 100% សម្រាប់ការសិក្សានៅមហាវិទ្យាល័យនូវមុខជំនាញដែលនាងស្រលាញ់រហូតដល់ចប់ ពីក្រុមហ៊ុន អាយដល ផងដែរ។
ការជួយជ្រោមជ្រែងពីសំណាក់សប្បុរសជនទាំងនេះ នឹងជួយដុសខាត់សមត្ថភាពយុវតីម្នាក់នេះឲ្យកាន់តែប្រសើរឡើងថែមទៀត ក៏ដូចជាបានផ្លាស់ប្ដូរស្ថានភាពគ្រួសាររបស់នាងផងដែរ។ នេះសបញ្ចាក់ឲ្យឃើញយ៉ាងច្បាស់ថា ការតស៊ូព្យាយាមដែលចេញពីចិត្តនឹងផ្ដល់មកវិញនូវលទ្ធផលវិជ្ចមានយ៉ាងពិតប្រាកដ៕










