លោក John Sey អ្នក Review ដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជាបានស្នើសុំអ្នកនិយមលេងបណ្តញសង្គមមួយចំនួនកុំយកប្រទេសទី២ ទី៣ មកថែមចូលជម្លោះស្របពេលដែលយើងកំពុងដោះស្រាយជាមួយប្រទេសថៃហើយយើងត្រូវការសន្តិភាព។ លោកស្នើសុំឱ្យបញ្ឈប់ការឌឺដងទៅប្រទេសដទៃដែលកាន់ជើងប្រទេសថៃព្រោះនាំឱ្យប្រឡាក់ភាពស្អាតស្អំរបស់ខ្មែរ។

នាពេលថ្មីៗនេះមានការចែកចាយរូបភាពដែលភាគីថៃបានជួបជាមួយនឹងភាគីប្រទេសផ្សេងហើយអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិប្រតិកម្មយ៉ាងច្រើន។ ឃើញអ្នកប្រើប្រាស់បណ្តាញសង្គមទាញយកប្រទេសដទៃចូលមកថែមក្នុងជម្លោះលោក John Sey ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ឈប់សកម្មភាពនេះ។
នៅថ្ងៃទី៥ សីហា លោក John Sey បានបង្ហោះសំណេរថា «សុំចិត្តបងប្អូនយើងមួយចំនួនត្រង់ៗ មេត្តាកុំយកប្រទេសទី ២ ទី ៣ មកថែមចូលជម្លោះជាមួយទៀតអីដោះស្រាយសៀមតែ ១ សិនទៅ យើងត្រូវការសន្តិភាព »។ លោកក៏បន្ថែមពាក្យពេចន៍ថា «សូមបញ្ឈប់ការទៅបញ្ចេញមតិឌឺដងឱ្យប្រទេសផ្សេងដែលកាន់ជើងសៀមទៅ! ខ្ញុំដឹងថាយើងខឹង តែធ្វើបែបនេះវាកាន់តែនាំឱ្យប្រឡាក់រូបភាពស្អាតស្អំយើងទៅវិញទេ» នៅក្នុងផ្នែកមតិយោបល់ផងដែរ។
គួរបញ្ជាក់ផងដែរថា ស្របពេលប្រទេសកម្ពុជានិងថៃមានបញ្ហាជម្លោះព្រំដែនជាមួយគ្នា មានការកើនឡើងយ៉ាងខ្លាំងអំពីព័ត៌មានក្លែងក្លាយ ដែលមានចរិតបញ្ឆេះកំហឹងប្រជាពលរដ្ឋ ហើយការចែកចាយព័ត៌មានក្លែងក្លាយកំពុងតែរួមចំណែកឱ្យប្រទេសទាំងពីរកាន់តែតានតឹងហើយធ្វើឱ្យបទឈប់បាញ់ផុយស្រួយ អាចបំផ្លាញសន្តិភាពបាន៕










