ប្រទេសថៃ ៖ តាំងពីកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បា.ញ់នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាល និងកងទ័ពថៃបានចោទប្រកាន់កម្ពុជាពុំប្រមូលសាកសពកងទ័ពនៅសមរភូមិ និងចោទទៀតថា កម្ពុជាគ្មានមនុស្សធម៌ ពុំទទួលខុសត្រូវសាកសពកងទ័ពដែលបានព.លីជីវិតដើម្បីការពារជាតិ ។ រយៈពេលជាច្រើនថ្ងៃមកនេះ មានសត្វត្មាតជាច្រើនក្បាលប្រមូលផ្តុំនៅព្រំដែនកម្ពុជា-ថៃ ហើយពលរដ្ឋថៃ និងខ្មែរសុរិន្ទសំណូមពរឱ្យរដ្ឋាភិបាលថៃមកប្រមូលសាកសពទៅធ្វើបុណ្យ បើបណ្តោយបែបនេះនឹងមានជំងឺឆ្លងរាតត្បាត ។
ប៉ុន្តែរដ្ឋាភិបាល និងកងទ័ពថៃប្រាប់ទៅពលរដ្ឋរបស់ខ្លួនថា នេះពុំមែនជាសាកសពកងទ័ពថៃទេ គឺជាសាកសពកងទ័ពកម្ពុជាដែលគ្មានការប្រមូល ។ កងទ័ពថៃថែមទាំងនិយាយថា ប្រសិនបើនេះជាសាកសពកងទ័ពថៃមែន ថៃនឹងប្រមូលយកទៅធ្វើបុណ្យតាមប្រពៃណី និងផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារកងទ័ពមិនខាន ។ បើទោះជាកងទ័ពថៃព្យាយាមកុហកបែបនេះក្តី ប៉ុន្តែខ្មែរសុរិន្ទមួយចំនួនពុំជឿទេ និងស្តីបន្ទោសរដ្ឋាភិបាលថៃខ្លាំងៗ ។
បុរសខ្មែរសុរិន្ទម្នាក់បានបង្ហោះវីដេអូស្តីបន្ទោសរដ្ឋាភិបាលថៃក្នុង TikTok ដោយសារទ្រាំលែងបានដែលរដ្ឋាភិបាលថៃបញ្ជូនកងទ័ពមកឈ្លានពានកម្ពុជា ហើយរដ្ឋាភិបាលថៃពុំទទួលខុសត្រូវប្រមូលសាកសពកងទ័ពរបស់ខ្លួនក្នុងសមរភូមិ ទុកឱ្យសត្វក្អែក និងត្មាតហែកស៊ីសាកសពជាអាហារ ហើយរដ្ឋាភិបាលថៃប្រាប់ពលរដ្ឋថា នេះជាសាកសពកងទ័ពកម្ពុជា ។ វីដេអូរបស់បុរសខ្មែរសុរិន្ទត្រូវបានពលរដ្ឋថៃចាប់អារម្មណ៍ និងចែកចាយយ៉ាងច្រើនកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ។
បុរសខ្មែរសុរិន្ទនិយាយថា រដ្ឋាភិបាលថៃបានធ្វើសង្គ្រាមវាយប្រហារមុនមកលើកម្ពុជា ប៉ុន្តែពុំហ៊ានប្រមូលសាកសពកងទ័ពថៃយកទៅធ្វើបុណ្យ ហើយបណ្តោយឱ្យសត្វក្អែក និងត្មាតហែកស៊ីសាកសពជាអាហារ ។ រដ្ឋាភិបាលថៃមានប្រាក់ទិញអាវុធធ្វើសង្គ្រាមឈ្លានពានកម្ពុជា ប៉ុន្តែរដ្ឋាភិបាលថៃពុំទទួលខុសត្រូវក្នុងការទិញថ្នាំពេទ្យមកព្យាបាលកងទ័ពរបស់ខ្លួនដែលរងរបួស ។
រដ្ឋាភិបាលថៃពុំទទួលខុសត្រូវសាកសពកងទ័ព ហើយប្រាប់ឱ្យកម្ពុជាទទួលខុសត្រូវជំនួសវិញ ។ បើកម្ពុជាពុំព្រមទទួលខុសត្រូវសាកសពកងទ័ពថៃដែលស្លាប់នៅព្រំដែនទេ រដ្ឋាភិបាលថៃចោទប្រកាន់ថា កម្ពុជាគ្មានមនុស្សធម៌ ។ ហេតុនេះ ខ្ញុំសូមប្រាប់ទៅបងប្អូនខ្មែរសុរិន្ទបើកចិត្តឱ្យទូលាយថា តើប្រទេសណាដែលគ្មានមនុស្សធម៌? និងឆ្លើយប្រាប់ខ្ញុំត្រង់ៗ សូមបើកភ្នែកមើលផង តើប្រទេសណាគ្មានមនុស្សធម៌ក្នុងការប្រមូលសាកសពនៅសមរភូមិ? នេះបើតាមការលើកឡើងរបស់បុរសខ្មែរសុរិន្ទ ។
គួរបញ្ជាក់ថា រដ្ឋាភិបាល និងកងទ័ពថៃពុំទទួលស្គាល់សាកសពកងទ័ពរបស់ខ្លួននៅសមរភូមិទេ ហើយចោទប្រកាន់ថា គឺជាសាកសពកងទ័ពកម្ពុជា ។ រដ្ឋាភិបាលថៃ និងកងទ័ពថៃនិយាយដដែលៗថា កម្ពុជាពុំទទួលខុសត្រូវប្រមូលសាកសពកងទ័ពដែលពលីជីវិតក្នុងសមរភូមិ និងចោទប្រកាន់ថា ជាទង្វើគ្មានមនុស្សធម៌ ដែលបង្កផលវិបាកដល់កងទ័ពថៃល្បាតនៅព្រំដែន ៕










