ថ្មីៗនេះ មានពាក្យចចាមអារ៉ាម និងព័ត៌មាន ជាច្រើនបានចេញផ្សាយថា “ជប៉ុនកំពុងផ្តល់ឱ្យថៃនូវដ្រូនចម្បាំង ស្របពេលមានភាពតានតឹងព្រំដែនជាមួយកម្ពុជា”។

ជុំវិញបញ្ហានេះ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា៖”រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់គ្រឿងយន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើបែបនេះពីប្រទេសថៃដែរ”។

បើយោងតាមសារព័ត៌មាន Kyodo របស់ជប៉ុនបានចេញផ្សាយនៅថ្ងៃទី ២១ ខែមិថុនា ថាជប៉ុននឹងផ្គត់ផ្គង់ឧបករណ៍ការពារជាតិទៅឱ្យថៃ ដែលមានយន្តហោះគ្មានមនុស្សបើក ផលិតដោយជប៉ុន ក្នុងគោលបំណងប្រើប្រាស់ក្នុងបេសកកម្មជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិតែប៉ុណ្ណោះ”។

សូមរំលឹកថា ចាប់តាំងពីសង្គ្រាមផ្ទុះឡើង រដ្ឋាភិបាលជប៉ុន ទទូចឱ្យភាគីកម្ពុជា-ថៃ វិលរកតុចរចា និងស្នើឱ្យគោរពកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសទាំងពីរ៕