ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីរៀបចំពាក្យបណ្តឹងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីប្រឆាំងកម្ពុជាទៅកាន់អន្តរជាតិ ដោយលោកចោទប្រកាន់កម្ពុជាចាប់ផ្តើមបា.ញ់ប្រ.ហារថៃមុន ។ លោករំពឹងថា អន្តរជាតិនឹងកាត់ទោសកម្ពុជា និងទាមទារសំណងការខូចខាត ព្រមទាំងប្រគល់តួនាទីឱ្យក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល ទប់ស្កាត់ព័ត៌មានក្លែងក្លាយ ។.png)
នៅថ្ងៃទី៥ ខែសីហា នេះ លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃនិយាយថា នាយករដ្ឋមន្ត្រីស្តីទី លោក ភូមិថាំ វីឆាយ៉ាឆៃ បានបញ្ជាឱ្យគណៈរដ្ឋមន្ត្រីកំណត់វិធានការដូចខាងក្រោម ៖
១-ចាត់វិធានការតាមច្បាប់ករណីកម្ពុជាប្រើប្រាស់កម្លាំងកងទ័ព និងអាវុធឈ្លានពានអធិបតេយ្យថៃ រហូតបណ្តាលឱ្យពលរដ្ឋថៃស្លាប់ និងបាត់បង់ទ្រព្យសម្បត្តិ ក៏ដូចជាបាត់បង់ជីវិតកងទ័ព និងមន្ត្រីរាជការជាច្រើន ។ ស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការផ្នែកច្បាប់ពាក់ព័ន្ធនឹងបណ្តឹងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីទាំងនៅប្រទេសថៃ និងអន្តរជាតិ រួមទាំងច្បាប់ផ្សេងៗ ។

ការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិត្រូវប្រជុំជាមួយសស្ថាប័នរងការខូចខាត ដូចជា ៖ កងទ័ពជើងគោក ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងផ្សេងៗ ដោយអញ្ជើញអគ្គលេខាធិការក្រុមប្រឹក្សារដ្ឋចូលរួមប្រជុំដើម្បីណែនាំផ្លូវច្បាប់ ដើម្បីចាត់វិធានការតាមច្បាប់ឱ្យបានឆាប់បំផុតដើម្បីដាក់ទោសកម្ពុជា និងទាមទារសំណងខូចខាត ព្រមទាំងជូនដំណឹងដល់ពលរដ្ឋថៃឱ្យដឹងពីសិទ្ធិប្តឹងកម្ពុជាទាមទារសំណង ។

២-នៅព្រំដែនកម្ពុជា-ថៃបានឈប់បាញ់គ្នាហើយ ពេលនេះ ប្រទេសទាំងពីរកំពុងប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅម៉ាឡេស៊ី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ប៉ុន្តែមានភារកិច្ចជាច្រើនដែលថៃត្រូវចាត់វិធានការ គឺការដោះគ្រាប់ដែលកងទ័ពកម្ពុជាបាញ់មកសេសសល់នៅទីប្រជុំជន និងបរិវេណលំនៅឋានពលរដ្ឋ ។ សូមឱ្យភ្នាក់ងារដោះគ្រាប់ធ្វើការដោយប្រុងប្រយ័ត្ន និងគិតពីសុវត្ថិភាពខ្លួនឯង រួមទាំងពលរដ្ឋ ។
.png)
៣-ការពារ និងដោះស្រាយបញ្ហាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលកើនឡើង និងផលប៉ះពាល់ខ្លាំង ជាពិសេស ព័ត៌មានក្នុងបណ្តាញសង្គមពេលស្ថានការណ៍ព្រំដែនពុំទាន់មានសន្តិសុខគ្រប់គ្រាន់ ។ លោកចោទប្រកាន់ថា ថៃរងការវាយប្រហារព័ត៌មានក្នុងបណ្តាញសង្គមពីកម្ពុជា ដែលព្យាយាមធ្វើឱ្យបែកបាយក្នុងសង្គមថៃ ។ ក្រៅពីនេះ សូមក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គមដែលមានប្រភពពីក្រៅប្រទេស ដើម្បីកុំឱ្យពលរដ្ឋយល់ខុស ។.png)
គួរបញ្ជាក់ថា បច្ចុប្បន្ន មានសារព័ត៌មានក្លែងក្លាយជាច្រើនក្នុងបណ្តាញសង្គមថៃ ដែលសរសេរចោទប្រកាន់ និងលាបពណ៌កម្ពុជាមិនឈប់ឈរ ។ ក្រៅពីនេះ ក៏មានការផ្សាយព័ត៌មានបំភ្លៃ ដែលមានប្រភពចេញពីសារព័ត៌មាននានារបស់ថៃ ដោយសាររដ្ឋាភិបាលថៃគ្មានវិធានការទប់ស្កាត់ បែរជាមកចោទប្រកាន់កម្ពុជាផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទៅវិញ ។ លើសពីនេះ ថៃរៀបចំដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ និងរដ្ឋប្បវេណីប្រឆាំងកម្ពុជាទៅអន្តរជាតិ ដោយចោទប្រកាន់កម្ពុជាចាប់ផ្តើមបា.ញ់ថៃមុន ៕










