ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី បានច្រានចោលព័ត៌មានកងទ័ពថៃជម្លៀសពលដ្ឋរស់នៅព្រំដែនកម្ពុជា-ថៃ ដើម្បីបើកការឈ្លានពានកម្ពុជាជាថ្មី មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ។ លោកថា ជាព័ត៌មានមិនពិត កងទ័ពថៃគ្រាន់តែត្រៀមខ្លួនប៉ុណ្ណោះ ករណីកម្ពុជាបង្កើនកម្លាំងទ័ព និងអាវុ.ធតាមព្រំដែន ។
ព័ត៌មានផ្សព្វផ្សាយកាលពីថ្ងៃទី៣ ខែសីហា ថា កងទ័ពថៃបានជម្លៀសពលរដ្ឋនៅខេត្តសុរិន្ទ ទៅកាន់ជម្រកបណ្តោះអាសន្ន ដោយសារត្រៀមឈ្លានពានកម្ពុជាជាថ្មីនៅតាមព្រំដែន ចាប់ពីប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហារ រហូតដល់តំបន់អានសេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី គឺពុំមែនជាការពិតឡើយ ខណៈមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានច្រានចោលព័ត៌មាននេះភ្លាមៗ ។
អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី និយាយថា ព័ត៌មាននេះពុំពិតទេ បច្ចុប្បន្ន កងទ័ពថៃពុំបានជម្លៀសពលរដ្ឋចេញពីលំនៅឋានទេ សូមពលរដ្ឋថៃជឿជាក់ព័ត៌មានពីប្រភពផ្លូវការ និងកុំជឿជាក់ព័ត៌មានក្រៅផ្លូវការដែលធ្វើឱ្យជ្រួលច្របល់ក្នុងសង្គម ។ កងទ័ពថៃគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងម៉ឺងម៉ាត់ ប៉ុន្តែកងទ័ពថៃត្រៀមខ្លួនទប់ទល់ស្ថានការណ៍មិននឹកស្មានដល់ ប្រសិនបើកម្ពុជាបំពានបទឈប់បាញ់ញឹកញាប់ ឬកម្ពុជាបង្កើនកម្លាំងទ័ព និងអាវុធតាមព្រំដែន ។.png)
ដូចគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មាធិការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ លោក ជិរ៉ាយុ ហួងសាប់ និយាយថា ថៃគ្មានការជម្លៀសពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជា-ថៃដើម្បីឈ្លានពានកម្ពុជាទេកាលពីថ្ងៃទី៣ ខែសីហា ពីព្រោះថៃពុំល្មើសអធិបតេយ្យប្រទេសជិតខាងមុន ។ 
បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃកាលពីថ្ងៃទី៣ ខែសីហា ឱ្យដឹងថា កងទ័ពអាកាស កងទ័ពជើងគោក និងកងទ័ពជើងទឹកថៃ បានត្រៀមខ្លួនប្រយុទ្ធនៅតាមព្រំដែនកម្ពុជា-ថៃរយៈពេល២៤ម៉ោង ដោយកងទ័ពថៃចោទប្រកាន់កម្ពុជាបង្កើនកម្លាំងទ័ពជាបន្តបន្ទាប់ ។ 
មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានហៅអភិបាលខេត្តចំនួន២០ នៅភាគឦសានប្រជុំជាបន្ទាន់កាលពីថ្ងៃទី៣ ខែសីហា ស្តីពីការបង្ហោះដ្រូនលើដែនអាកាស ។ លោកបានបញ្ជាឱ្យអភិបាលខេត្តទាំងអស់ត្រួតពិនិត្យទីតាំងសំខាន់ៗ រួមមាន ៖ សាលាក្រុង ពហុកីឡដ្ឋាន ឃ្លាំងអាវុធ ស្ថានីយប៉ូលិស ស្ថានីយដឹកអ្នកដំណើរ និងអាកាសយានដ្ឋាន រួមទាំងស្វែងរកឧបករណ៍ការពារដ្រូនមកប្រើប្រាស់ ។

ក្រៅពីនេះ លោកបានបញ្ជាឱ្យសង្កេតមើលមនុស្សប្លែកមុខ ឬមនុស្សពុំរស់នៅក្នុងតំបន់ បើរកឃើញថា ជននោះពាក់ព័ន្ធនឹងបទល្មើស ឬជាអ្នកស៊ើបការណ៍សម្ងាត់ គឺត្រូវចាត់វិធានការជននោះតាមច្បាប់ គឺដាក់ទោសប្រហារជីវិត ។ ក្រៅពីនេះ ត្រូវស៊ើបអង្កេតរឿងរ៉ាវទាំងអស់ និងហាមដោះលែងអ្នកស៊ើបការណ៍សម្ងាត់ដាច់ខាត ៕










