ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃបានប្រាប់ពលរដ្ឋភៀសសឹកកុំទាន់ត្រឡប់ទៅផ្ទះវិញ និងរង់ចាំកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា នៅប្រទេសម៉ាឡេស៊ីបញ្ចប់សិន ទើបពលរដ្ឋអាចត្រឡប់ទៅផ្ទះបាន ។

អ្នកស្រី ឆយិកា វង្សណៈផាចាន់ ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃនិយាយថា ពលរដ្ឋថៃភៀសសឹកកំពុងស្នាក់នៅក្នុងទីជម្រកផ្សេងៗចង់ត្រឡប់ទៅផ្ទះវិញក្រោយពីកម្ពុជា-ថៃចរចាកិច្ចព្រមព្រៀងឈប់បាញ់នៅម៉ាឡេស៊ី ប៉ុន្តែការត្រឡប់ទៅផ្ទះរបស់ពលរដ្ឋភៀសសឹក គឺអាស្រ័យលើការចរចារវាងភាគីទាំងពីរក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ រយៈពេល៤ថ្ងៃនៅម៉ាឡេស៊ីចប់សព្វគ្រប់សិន ។

ក្រោយពីថៃបាននាំក្រុមមន្ត្រីទូតជាច្រើនប្រទេសចុះពិនិត្យមើលទីតាំងខូចខាតរួចហើយ ក្រសួងការបរទេសថៃនឹងប្រកាសនៅថ្ងៃទី៤ ខែសីហា ពីការខូចខាតដោយសារសង្គ្រាមជាមួយកម្ពុជា ប្រាប់ទៅស្ថានទូតនានាប្រចាំប្រទេសថៃ ។ 
ពេលនេះដែរ លោក ម៉ារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេសនឹងប្រជុំតាមអនឡាញជាមួយឯកអគ្គរាជទូតថៃ កុងស៊ុលថៃ និងមន្ត្រីតំណាងថៃនៅប្រទេសនានា ដើម្បីបញ្ជាក់ពីគោលជំហរថៃចំពោះសហគមន៍អន្តរជាតិ ។ ក្រៅពីនេះ ថៃនឹងតទល់ជាមួយព័ត៌មានខាងកម្ពុជា ដោយអ្នកស្រី ឆយិកា ចោទប្រកាន់ថា ជាព័ត៌មានក្លែងក្លាយ បើទោះជាសង្គ្រាមបញ្ចប់ក្តី ប៉ុន្តែការតទល់ព័ត៌មានពុំទាន់បញ្ចប់ ។

ក្រសួងការបរទេសថៃប្រកាន់គោលជំហរការចរចាទ្វេភាគីជាមួយកម្ពុជាតាមរយៈយន្តការផ្សេងៗ ហើយថៃសូមសរសេរប្រទេសជាមិត្តដែលបង្កលក្ខណៈងាយស្រួលឱ្យមានការចរចាឈប់បាញ់រវាងកម្ពុជា-ថៃនៅម៉ាឡេស៊ីក្នុងឋានៈប្រធានអាស៊ាន កាលពីថ្ងៃទី២៨ ខែកក្កដា ។ ការឈប់បាញ់ជាចំណុចចាប់ផ្តើមដ៏សំខាន់ធ្វើឱ្យស្ថានការណ៍ត្រឡប់មករកប្រក្រតី ។
កាលពីថ្ងៃទី១ ខែសីហា ក្រសួងការបរទេសថៃបានអញ្ជើញបណ្តាប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសមានតួនាទីរក្សាសន្តិភាព និងសន្តិសុខលើពិភពលោក ដូចជា ៖ សហរដ្ឋអាមេរិក ចិន និងជប៉ុន រួមទាំងសារព័ត៌មានបរទេស ចំនួន២៣ មកពិនិត្យទីតាំងដែលថៃចោទថាខូចខាតដោយសារសង្គ្រាម ។ ថៃកុហកពិភពលោក និងចោទប្រកាន់កងទ័ពកម្ពុជាវាយប្រហារតំបន់ស៊ីវិល ស្ថានីយប្រេងឥន្ធនៈ ហាងលក់ទំនិញ មន្ទីរពេទ្យ និងសាលារៀន រហូតបណ្តាលឱ្យពលរដ្ឋខ្លួន និងរងរបួស ។
អ្នកស្រី ឆយិកា និយាយបំភ្លឺប្រាប់ពិភពលោកថា កងទ័ពថៃប្រើប្រាស់សិទ្ធិការពារខ្លួន ការពារអធិបតេយ្យ និងពលរដ្ឋពីការឈ្លានពាន ។ ការចរចាសន្តិភាពយូរអង្វែង គឺកម្ពុជា-ថៃត្រូវតែយកការពិតមកចរចា ខណៈការនាំគណៈប្រតិភូការទូតមកមើលទីតាំងប៉ះពាល់កន្លងមក គឺថៃរង់ចាំកងទ័ពវាយតម្លៃសុវត្ថិភាព ដោយសារកាលពីថ្ងៃទី៣១ ខែកក្កដា កងទ័ពថៃបានប្រមូលគ្រាប់មីន និងគ្រាប់កាំភ្លើងធំនៅទីតាំងជាច្រើន ។

គួរបញ្ជាក់ថា ថៃព្យាយាមបំភ្លៃព័ត៌មាន និងកុហកពិភពលោកថា ថៃពុំបានផ្ទុះអាវុធមុន ប្រទេសខ្លួនរងគ្រោះ កងទ័ពថៃគ្រាន់តែប្រើប្រាស់សិទ្ធិការពារខ្លួនពីការឈ្លានពាន និងទម្លាក់កំហុសលើកម្ពុជា ។ តើថៃចោទប្រកាន់កម្ពុជាដល់ពេលណាទៀត ពីព្រោះពិភពលោកដឹងការពិតអស់ហើយថា កងទ័ពថៃឈ្លានពានទឹកដីកម្ពុជា ថៃគ្មានអ្វីដោះសារទេ ៕










