(ភ្នំពេញ)៖ នៅថ្ងៃទី1 ខែសីហា ឆ្នាំ2025 សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់អាមេរិក ពី49% មកនៅត្រឹម 19% ក្រោយផ្ដួចផ្ដើមឱ្យមានបទឈប់បា.ញ់រវាងកម្ពុជា-ថៃ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅលើទំព័រហ្វេសប៊ុកបានឲ្យដឹងថា សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម 19% (ពីអត្រាដំបូង 49% និងបានចុះត្រឹម 36% ជំហានទី1)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
សម្ដេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីអាមេរិកបានប្រាប់ខ្ញុំ កាលពីថ្ងៃទី ២៨ កក្កដាថា នឹងពិនិត្យសម្រេចដោយឯកឧត្តមបានប្រាប់ខ្ញុំថានឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម 19%»។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតីបានសម្ដែងការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ។.jpg)
គួរឲ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី1 ខែសីហា ឆ្នាំ2025 អត្រាពន្ធគយដែលអាមេរិកបានកែប្រែចុងក្រោយថ្មីបំផុតមកលើប្រទេសអាស៊ានទាំង10 រួមមាន៖ ប្រទេសសិង្ហបុរីស្ថិតនៅលំដាប់ទី1 ដែលមានអត្រាពន្ធទាបជាងគេក្នុងកម្រិត10%, លំដាប់ទី2 គឺកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និង ហ្វីលីពីន ដែលមានអត្រាពន្ធ 19%, លំដាប់ទី3 វៀតណាម មានអត្រាពន្ធ 20%, លំដាប់ទី4 ព្រុយណេ មានអត្រាពន្ធ 25% និងលំដាប់ទី5 ដែលខ្ពស់ជាងគេបង្អស់គឺ ប្រទេសឡាវ និង មីយ៉ាន់ម៉ា ក្នុងអត្រាពន្ធ 40%។
នេះគឺជាជោគជ័យមួយទៀតសម្រាប់កម្ពុជា ក្នុងចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដើម្បីទទួលបានការបន្ធូបន្ថយអត្រាពន្ធ ពី49% មកនៅត្រឹម 19% ពោលគឺថយចុះសរុបចំនួន 30% ដែលកត្តានេះនឹងជម្រុញឲ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងប្រទេសកាន់តែប្រសើរឡើង៕










