ប្រទេសថៃ ៖ ក្រោយពីសារព័ត៌មាននានានៅប្រទេសថៃផ្សព្វផ្សាយព័ត៌មានបំភ្លៃថា កងទ័ពថៃទទួលជ័យជម្នះក្នុងសង្គ្រាម និងវាយយកបានប្រាសាទតាក្របីរបស់កម្ពុជា ធ្វើឱ្យពលរដ្ឋថៃនៅទូទាំងប្រទេសអបអរសាទរយ៉ាងខ្លាំង ។ ព័ត៌មានក្លែងក្លាយពីកងទ័ពថៃគ្រប់គ្រងប្រាសាទតាក្របី ត្រូវបានពលរដ្ឋថៃចែកចាយពេញបណ្តាញសង្គម ប៉ុន្តែអ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី បញ្ជាក់ថា កងទ័ពថៃវាយយកប្រាសាទតាក្របីពុំបានទេ ប៉ុន្តែគ្រប់គ្រងតំបន់ច្រើនជាងមុន ដោយសារដល់ពេលកំណត់បទឈប់បា.ញ់ ។

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Mgr Online នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី បានបញ្ជាក់ប្រាប់ទៅពលរដ្ឋថា កងទ័ពថៃវាយយកប្រាសាទតាក្របីរបស់កម្ពុជាពុំបានទេ ប៉ុន្តែអាចគ្រប់គ្រងតំបន់ជាច្រើនមុនពេលប៉ះទង្គិចគ្នា ។ មូលហេតុដែលកងទ័ពថៃពុំអាចវាយយកប្រាសាទតាក្របី គឺលោក វីនឆ័យ សុវ៉ារី ចោទប្រកាន់ថា ដោយសារកងទ័ពកម្ពុជាបង្កប់មីនច្រើនពេកមុនពេលបទឈប់បាញ់ចូលជាធរមាន ។

ក្រោយកម្ពុជា-ថៃអនុវត្តបទឈប់បាញ់នៅតំបន់ព្រំដែនក្រោមការតាមដានពីប្រទេសនានាលើពិភពលោក ពលរដ្ឋថៃបានឃើញសារព័ត៌មានកម្ពុជាបង្ហោះរូបភាពក្នុងហ្វេសប៊ុកពីកងទ័ពកម្ពុជាគ្រប់គ្រងប្រាសាទតាក្របីកាលពីថ្ងៃទី៣០ ខែកក្កដា និងសរសេរថា «កងទ័ពកម្ពុជាគ្រប់គ្រងប្រាសាទតាក្របីទាំងស្រុង» ដែលព័ត៌មាននេះធ្វើឱ្យពលរដ្ឋថៃឆ្ងល់ ។ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាននានារបស់ថៃ គឺកងទ័ពថៃទទួលជ័យជម្នះអាចវាយយកបានប្រាសាទតាក្របី ហេតុអ្វីភាគីកម្ពុជាថា កងទ័ពកម្ពុជាគ្រប់គ្រងប្រាសាទតាក្របីទៅវិញ ។

ជាការឆ្លើយតបទៅកាន់ពលរដ្ឋថៃ អ្នកនាំពាក្យកងទ័ព លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី និយាយថា កងទ័ពថៃពុំអាចវាយយកតួប្រាសាទតាក្របីបាន១០០% ទេ ប៉ុន្តែកងទ័ពថៃបានគ្រប់គ្រងតំបន់ក្បែរៗប្រាសាទតាក្របីតាមគោលដៅ និងអាចគ្រប់គ្រងតំបន់ជាច្រើនមុនពេលការប៉ះទង្គិចគ្នា ។ ថៃគ្រប់គ្រងផ្នែកផ្សេងគ្នាពីកម្ពុជា ដោយសារដល់ម៉ោងកំណត់ឈប់បាញ់ ។

លោកចោទប្រកាន់ថា កងទ័ពកម្ពុជាបានបង្កប់មីនប្រភេទ PMN-2 ជាច្រើននៅជុំវិញប្រាសាទតាក្របី ទើបបណ្តាលឱ្យកងទ័ពថៃដើរជាន់មីនផ្ទុះដាច់ជើងស្តាំ ខណៈកំពុងដើរចូលប្រាសាទ ។ ហេតុនេះ មេបញ្ជាការកងទ័ពនៅសមរភូមិត្រូវតែការពារជីវិតកងទ័ព ដោយសារបានឃើញមីនជាច្រើនកន្លែង ។ លោកថែមទាំងចោទទៀតថា ការបង្កប់មីន PMN-2 គឺល្មើសនឹងអនុសញ្ញាអូតាវ៉ា ។

គួរបញ្ជាក់ថា កងទ័ពកម្ពុជាពិតជាអង់អាចក្លាហានណាស់អាចប្រយុទ្ធវាយបណ្តេញចោរឈ្លានពានថៃចេញពីប្រាសាទតាក្របី ហើយកងទ័ពកម្ពុជាបានឈរជើងគ្រប់គ្រងទាំងស្រុងលើប្រាសាទតាក្របី នៅខេត្តឧត្តរមានជ័យ ។ ចាប់ពីពេលនេះទៅ យើងជាពលរដ្ឋកម្ពុជាត្រូវតែសាមគ្គីគ្នាជាធ្លុងមួយការពារប្រាសាទ និងទឹកដីពីសត្រូវឈ្លានពាន រួមទាំងបណ្តេញសត្រូវឱ្យចេញឆ្ងាយពីមាតុភូមិ ។

ចំណែកពលរដ្ឋថៃសូមកុំជឿជាក់លើការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងព័ត៌មានញុះញង់បង្កជម្លោះជាមួយប្រទេសជិតខាង ពីព្រោះដោយសារព័ត៌មានញុះញង់ជាច្រើននៅប្រទេសថៃ ទើបធ្វើឱ្យពលរដ្ឋថៃយល់ខុស ចងកំហឹងពុំចេះចប់ ។ សារព័ត៌មានថៃស្ទើរទាំងអស់បានបិទពុំឱ្យពលរដ្ឋកម្ពុជាមើលឃើញទេ ដោយសារពួកគេរអៀសខ្លួននិយាយអាក្រក់ពីកម្ពុជា កុហកពលរដ្ឋខ្លួនឯង និងពិភពលោក ៕