កាលពីល្ងាចថ្ងៃទី២៨ កក្កដា តារារ៉េបល្បីប្រចាំប្រទេសកម្ពុជា ម៉ាន់ វណ្ណដា បានប្រើសំឡេងរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ឋមួយរូបមិនមែនជាសិល្បករបង្ហាញទៅកាន់ពិភពលោកអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ដោយការទទួលខុសត្រូវពីការឈ្លានពានរបស់ថៃហើយចោទមកខាងកម្ពុជាជាអ្នកចាប់ផ្តើមសង្គ្រាមមុន។ មិនត្រឹមតែប៉ុណ្ណោះ វណ្ណដា ក៏បានចោទសំណួរទៅកាន់ប្រជាជនថៃអំពីការបំផ្លិតបំផ្លាញពីកងទ័ពថៃមកលើប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ក្នុងវីដេអូរយៈពេល៥នាទីនិង១៣វិនាទី វណ្ណដា បាននិយាយជាភាសាអង់គ្លេស ដោយអំពាវនាវឱ្យពិភពលោកជឿទៅលើការពិតពីព្រោះតែកម្ពុជាត្រូវបានគេលាបពណ៌ថាជាប្រទេសដែលចាប់ផ្តើមសង្គ្រាមមុនមិនត្រូវការសន្តិភាព។ សិល្បករដ៏ល្បីឈ្មោះរូបនេះបានចោទសួរថាហេតុអ្វីបានជាប្រទេសថៃបដិសេធផ្លូវឆ្ពោះទៅរកសន្តិភាព បដិសេធចោលពីដំណោះស្រាយតុលាការយុត្តិធម៌អន្តរជាតិ(ICJ) អាស៊ាន UN បើសិនជាខ្លួនពិតជាស្អាតស្អំមែននោះ។

ជាមួយគ្នានេះ វណ្ណដា ក៏បានបង្ហាញពីការពិតនូររឿងរ៉ាវដែលបានចាប់ផ្តើមកើតឡើងដោយបង្ហាញថាកាលពីថ្ងៃទី២៨ ខែឧសភា សារព័ត៌មានសាកលធំៗដូចជា រ៉យទ័រ AP បានរាយការណ៍ពីទាហានថៃបានសម្លាប់ទាហានខ្មែរម្នាក់ដែលពិភពលោកដឹងពីបញ្ហានេះ ហើយប្រទេសកម្ពុជាព្យាយាមរកដំណោះស្រាយប្រកបដោយសន្តិវិធីទៅ ICJ ប៉ុន្តែថៃបានច្រាលចោល។ ប្រធានប្តូរវេនអាស៊ានក៏បានជួយសម្របសម្រួលលើបញ្ហាជម្លោះនេះ ប៉ុន្តែថៃនៅតែបដិសេធ។ វណ្ណដា ក៏បានរៀបរាប់ជាបន្តទៀតដែលភាគីថៃនៅតែបដិសេធគេចវេសពីការជួយដោយភាគីទី៣។ ក្នុងនោះតារារ៉េបរូបនេះក៏បានបង្ហាញពីទំហំសេដ្ឋកិច្ចរបស់ប្រទេសថៃដែលធំជាងកម្ពុជា១៣ដង និងមានសព្វាវុធទំនើបមួយចំនួនដែលកម្ពុជាមិនមាននោះទេ និងបានថាហេតុអ្វីកម្ពុជាជាអ្នកចាប់ផ្តើមសង្គ្រាមមុនទាំងដឹងថានឹងមិនឈ្នះនោះ។
.png)
តារារ៉េបរូបនេះបាននិយាយប្រាប់ពិភពលោកថាអ្វីដែលលោកនិយាយគឺបានធ្វើឡើងនៅថ្ងៃទី២៧ កក្កដា ហើយអ្វីដែលនឹកស្មានមិនដល់នោះកងទ័ពថៃបានចាប់ផ្តើមវាយប្រហារបំផ្លាញប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្នុងនោះ វណ្ណដា បាននិយាយទៀតថា ថៃធ្លាប់ទាមទារប្រាសាទព្រះវិហារជារបស់ពួកគេ ប៉ុន្តែក្នុងឆ្នាំ១៩៦២ ICJ បានកាត់ក្តីឱ្យប្រាសាទព្រះវិហារជារបស់ប្រទេសកម្ពុជាហើយការសម្រេចចិត្តនោះបានមកពីតុលាការអព្យាក្រឹតខ្ពស់បំផុតនៅលើផែនដី។ ប៉ុន្តែនៅថ្ងៃទី២៧ កក្កដា ថៃសម្រេចចិត្តបំផ្លាញទាំងពួកគេតែងតែទាមទារថាប្រាសាទព្រះវិហារជារបស់ពួកគេ ហេតុអ្វីបានជាពួកគេបំផ្លាញប្រាសាទដែលអង្គការបានសម្រេចចិត្តដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។.png)
វណ្ណដា ក៏បានលើកឡើងអំពីប្រជាជនថៃបានប្រើអំពើហិង្សាមកលើពលករកម្ពុជា និងបានចោទសួរថាអ្នកណាជាចាប់ផ្តើមមុន នរណាបដិសេធសន្តិភាព ។ វណ្ណដា ថាប្រទេសកម្ពុជាតែងតែជ្រើសរើសសន្តិភាពដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ និយាយអ្វីដែលជាការពិត ហើយប្រទេសកម្ពុជាគឺជាប្រទេសតូចមិនត្រូវការសង្គ្រាមទៀតទេ។ 
សំឡេងរបស់ វណ្ណដា គឺពិតជាជ្រួលជ្រាបយ៉ាងខ្លាំងនិងបានសាយភាយយ៉ាងច្រើនដែលនឹងអាចឱ្យអន្តរជាតិបានដឹងបានយល់នូវការពិត។ មិនត្រឹមតែប៉ុណ្ណោះ សំឡេងដ៏មានឥទ្ធិពលរបស់សិល្បកររូបនេះគឺបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃមួយចំនួនឈឺចិត្តស្អិតទ្រូងមិនខាន និងបានចូលខម្មិនវាយប្រហារមកកាន់ខាង វណ្ណដា ផងដែរ៕










