ប្រទេសអៀរឡង់ ៖ រដ្ឋាភិបាលអៀរឡង់មានគម្រោងចែកប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់ជាង៩ម៉ឺនដុល្លារ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋទៅរស់នៅតាមកោះជាអចិន្ត្រៃយ៍ និងបង្កើនចំនួនពលរដ្ឋលើកោះ ហើយរដ្ឋាភិបាលក៏បានបង្កើតគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ភាពងាយស្រួលផ្សេងៗ ដូចជា ៖ តភ្ជាប់បណ្តាញអ៊ីនធើរណេតល្បឿនលឿន មានទឹកស្អាត និងផ្លូវធ្វើដំណើរ ប៉ុន្តែពលរដ្ឋត្រូវអនុវត្តតាមលក្ខខណ្ឌមួយចំនួន ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ។
ប្រទេសអៀរឡង់មានកោះប្រមាណ៣០ ដែលស្ថិតនៅក្បែរៗគ្នា មានពលរដ្ឋរស់នៅ ហើយកោះនីមួយៗមានស្ពាន និងផ្លូវសម្រាប់តភ្ជាប់ជាមួយកោះធំ ។ រដ្ឋាភិបាលអៀរឡង់ឱ្យដឹងថា កោះនៅឆ្នេរសមុទ្រ និងទីប្រជុំជនលើកោះ គឺជាផ្នែកមួយនៃតំបន់ជនបទរបស់អៀរឡង់ ដែលជាតំបន់បេតិកភណ្ឌវប្បធម៌ដ៏ពិសេស និងសំខាន់របស់ពលរដ្ឋអៀរឡង់ ។
រដ្ឋាភិបាលអៀរបានបង្កើតគម្រោងឈ្មោះ «Our Living Islands» ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋផ្លាស់ប្តូរទីលំនៅទៅរស់នៅតាមកោះឆ្នេរសមុទ្រ ឬកោះនៅក្បែរៗក្នុងគោលបំណងបង្កើនចំនួនពលរដ្ឋលើកោះ តាមរយៈការផ្តល់ប្រាក់ឱ្យពលរដ្ឋក្នុងម្នាក់ជាង៩ម៉ឺនដុល្លារ សម្រាប់ឱ្យពលរដ្ឋទិញលំនៅឋាន និងជួសជុលលំនៅឋានចាស់លើកោះដែលត្រូវបោះបង់ចោល ។ ប៉ុន្តែរដ្ឋាភិបាលបានដាក់លក្ខខណ្ឌមួយចំនួន គឺពលរដ្ឋត្រូវទិញលំនៅឋានសាងសង់នៅមុនឆ្នាំ១៩៩៣ និងត្រូវបោះបង់ចោលរយៈពេលមិនតិចជាង២ឆ្នាំ ។ ក្រៅពីនេះ ពលរដ្ឋត្រូវទិញលំនៅឋានសម្រាប់រស់នៅតែប៉ុណ្ណោះ ពុំអាចធ្វើជាកន្លែងស្នាក់នៅបណ្តោះអាសន្នទេ ។

កាលពីឆ្នាំ២០២៣ លោកស្រី Heather Humphreys អតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិយាយថា ការបង្កើតគម្រោង «Our Living Islands» ដើម្បីគាំទ្រទីប្រជុំជន និងពលរដ្ឋរស់នៅលើកោះឆ្នេរសមុទ្រ ដោយពួកគេអាចកែលម្អ ឬជួសជុលលំនៅឋាន កែលម្អសេវាសុខភាព និងការអប់រំ ។ ពលរដ្ឋនៅលើកោះអាចតភ្ជាប់បណ្តាញអ៊ីនធើរណេតល្បឿនលឿន ហើយរដ្ឋាភិបាលបានផ្តល់ភាពងាយស្រួលគ្រប់បែបយ៉ាងដើម្បីទាក់ទាញ និងបង្កើនចំនួនភ្ញៀវទេសចរ ក៏ដូចជាលើកកម្ពស់និរន្តរភាពសហគមន៍ ។
លោកស្រី Humphreys និយាយថា ៖ «យើងធ្វើឱ្យប្រាកដចិត្តថា កោះរបស់យើងនឹងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ ដូចជា ៖ មានទឹកស្អាតប្រើប្រាស់ ផ្លូវធ្វើដំណើរងាយស្រួល អ៊ីនធើរណេតល្បឿនលឿន និងកំពង់ផែ ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យពលរដ្ឋរស់នៅលើកោះអាចធ្វើការពីចម្ងាយ (Work from Home) ។ យើងត្រូវតែប្រាកដចិត្តធ្វើយ៉ាងណាឱ្យពលរដ្ឋអាចរស់នៅក្នុងសហគមន៍របស់ពួកគេ» ៕










