ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ថា នាយករដ្ឋមន្ត្រីថៃស្តីទី លោក ភូមិថាំ វីឆាយ៉ាឆៃ នឹងបញ្ជូនប៉ូលិសសណ្តាប់ធ្នាប់មកជួយកងទ័ពរបស់ខ្លួននៅប្រាសាទតាមាន់ធំ ក្រោយពេលឃើញពលរដ្ឋខ្មែរមកលេងច្រើន និងចោទប្រកាន់ថា ពលរដ្ឋខ្មែរបង្កបញ្ហា ។ រីឯបញ្ហាកងទ័ពថៃ៣នាក់ជាន់មីនដាច់ជើង និងរងរបួស លោកបានបញ្ជូនឯកសារទៅក្រសួងការបរទេសដើម្បីតវ៉ា ប្រសិនបើស្ថានការណ៍នៅតែពុំធូរស្រាល លោកនឹងហៅឧបទូតថៃពីកម្ពុជាត្រឡប់ទៅថៃវិញ ។
នៅថ្ងៃទី២១ ខែកក្កដា លោក ភូមិថាំ វីឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី្ក្រសួងមហាផ្ទៃ មានឋានៈជានាយករដ្ឋមន្ត្រីថៃស្តីទី បាននិយាយពីវិធានការតទល់ជាមួយកម្ពុជា ក្រោយពីកងទ័ពថៃ៣នាក់ជាន់មីនដាច់ជើង និងរងរបួសនៅតំបន់មុំ៣ ថា រដ្ឋាភិបាលថៃបាននិយាយពីគោលជំហររបស់ខ្លួនជាច្រើនលើករួចហើយ គឺថៃរក្សាអធិបតេយ្យ និងពុំព្រមឱ្យរំលោភអធិបតេយ្យ ។

ថៃនឹងព្យាយាមការពារមិនឱ្យមានអំពើហិង្សា ឬឈានទៅសង្គ្រាម និងចៀសវាងសង្គ្រាម ប៉ុន្តែបើមានការឈ្លានពានរំលោភអធិបតេយ្យ គឺថៃពុំព្រមទេ ។ កងទ័ពភូមិភាគ២ និងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានជូនដំណឹងរួចហើយ ខណៈលោកទទួលដំណឹងថា កាលពីថ្ងៃទី២០ ខែកក្កដា កម្ពុជាបានដឹកពលរដ្ឋខ្លួនចំនួន២៣រថយន្តក្រុង មកលេងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ។ ហេតុនេះ ថៃនឹងត្រៀមវិធានការការពារកុំឱ្យបញ្ហារាលដាលដល់អង្គការអន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ។
ចំណែកបញ្ហាមីន ថៃបានពិនិត្យច្បាស់លាស់ វាជាមីនថ្មីទើបផលិត និងបង្កប់ក្នុងដីនាពេលថ្មីៗ ។ នេះជាការល្មើសនឹងកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិ ថៃបានប្រមូលភស្តុតាង ហើយលោកបានបញ្ជូនឯកសារទៅក្រសួងការបរទេសដើម្បីតវ៉ា ។ បើរកឃើញមូលហេតុការដាក់មីនច្រើនជាងនេះ ថៃអាចដកឧបទូតពីកម្ពុជាឱ្យត្រឡប់ទៅថៃវិញ គឺត្រូវមើលស្ថានការណ៍ ។

លោកប្រុងប្រយ័ត្នរឿងពលរដ្ឋខ្មែរទៅលេងប្រាសាទតាមាន់ធំ ដោយលោកបានជជែកជាមួយកងទ័ព និងមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងទំនាក់ទំនងទៅស្នងការនគរបាលជាតិដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដើម្បីឱ្យអង្គការអន្តរជាតិ និងសហគមន៍ពិភពលោកមើលឃើញថា ថៃពុំចង់ប្រើប្រាស់ហិង្សា ។ លោកនឹងបញ្ជូនប៉ូលិសសណ្តាប់ធ្នាប់២ក្រុមទៅប្រាសាទតាមាន់ធំ ដោយត្រូវសហការជាមួយកងទ័ព រួមទាំងបញ្ជូនឧបករណ៍បង្ក្រាបចលាចលពីទីក្រុងបាងកក ដាក់ពង្រាយនៅផ្នែកខាងក្រោយ ខណៈកងទ័ពការពារអធិបតេយ្យដូចមុន ។

លោកថា ៖ «ករណីមានហេតុការណ៍កើតឡើង បើយើងហៅសមត្ថកិច្ច គឺយូរណាស់ ទើបយើងត្រៀមប៉ូលិសសណ្តាប់ធ្នាប់ទប់ទល់ជាមួយពលរដ្ឋខ្មែរ ។ វាជាគោលការណ៍អន្តរជាតិ និងបង្កើនទាហានឈុតខ្មៅនារី លើកលែងតែមានការបង្កើនកម្លាំងចូលមក វាជារឿងមួយទៀត» ។.png)
លោកបញ្ជាក់ពីគោលជំហរជាថ្មីថា លោកព្យាយាមដោះស្រាយបញ្ហាអធិបតេយ្យ ចៀសវាងការប៉ះទង្គិចកុំឱ្យកម្ពុជាចោទប្រកាន់ ឬហៅថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ។ ថៃពុំចង់ទៅ ICJ ទេ ពីព្រោះថៃបានប្រកាសពីគោលជំហរច្បាស់លាស់ថា មិនទទួលស្គាល់អំណាច ICJ ។ ថៃពុំខ្លាចសង្គ្រាមទេ ប៉ុន្តែពុំចង់ឃើញការបាត់បង់ដូចសង្គ្រាមនៅអ៊ុយក្រែន ។ បច្ចុប្បន្ន ការប្រយុទ្ធប្រើប្រាស់អាវុធទំនើបៗ គេពុំកាន់ដាវកាប់គ្នា ឬកាន់កាំភ្លើងវែងបាញ់គ្នាទេ ប៉ុន្តែគេបាញ់អាវុធទាន់សម័យពីចម្ងាយឆ្ងាយរហូតខូចខាត ។
ចំណែកការចរចាគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ គឺថៃប្រកាន់យកគោលជំហរដដែល ខណៈកម្ពុជាប្រើប្រាស់វិធានការញុះញង់ចង់ឱ្យកើតហេតុការណ៍ ។ ហេតុនេះ ថៃត្រូវប្រកាន់គោលជំហរចាស់ និងរក្សាទឹកដីរបស់ខ្លួន ដូចជា ៖ ប្រាសាទតាមាន់ធំ ហើយថៃនឹងអត់ធ្មត់ជាមួយការរំលោភអធិបតេយ្យ។ នេះបើតាមការលើកឡើងរបស់លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីថៃស្តីទី ៕










