(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្ត ១ម៉ឺនលានដុល្លារ ប្រឆាំងនឹងកាសែត The Wall Street Journal និងមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយដែលជាចាងហ្វាង លោក Rupert Murdoch កាលពីថ្ងៃសុក្រមុន បន្ទាប់ពីកាសែតនេះបានចុះផ្សាយអំពីទំនាក់ទំនងរបស់គាត់ជាមួយលោក Jeffrey Epstein ដែលជាឪយ៉ែមល្បីឈ្មោះម្នាក់នៅក្នុងសង្គមអភិជន។

យោងតាមសារព័ត៌មាន AP បានឲ្យដឹងថា៖ បណ្តឹងដែលដាក់នៅតុលាការសហព័ន្ធរដ្ឋផ្លរីដា មានគោលដៅលើក្រុមហ៊ុនមេរបស់សារព័ត៌មាន Dow Jones, News Corp, Rupert Murdoch និងអ្នកយកព័ត៌មានពីរនាក់។ នៅចំណុចស្នូលនៃសំណុំរឿង គឺទាក់ទងនឹងសំបុត្រកាលពីឆ្នាំ 2003 ដែលត្រូវបានចោ.ទប្រកាន់លោក Trump ថាបានផ្ញើទៅកាន់លោក Jeffrey Epstein ដែលមានការបង្ហាញពីរូបភាពអា.ក្រា.តកាយនិងសារថា “សូមឱ្យរាល់ថ្ងៃក្លាយជាអាថ៌កំបាំងដ៏អស្ចារ្យមួយទៀត” ។
លោក Trump បានសន្យាថានឹងប្តឹងកាសែតនេះ បន្ទាប់ពីការបោះពុម្ពផ្សាយអត្ថបទពណ៌នាអំពីសំបុត្រផ្លូវភេទមួយច្បាប់ខាងលើ។ លោក Trump បានហៅសំបុត្រនោះថាជា “ព័ត៌មានក្លែងក្លាយទាំងស្រុង” ហើយនិយាយថា កាសែតបានធ្វើសកម្មភាព “ព្យាបា.ទ” លោក ដោយមានបំណងបង្ខូចកេរ្តិ៍ឈ្មោះ និងជំហរនយោបាយរបស់គាត់។
គួរជម្រាបថា Jeffrey Epstein គឺជាអ្នកវិនិយោគមួយរូបនៅអាមេរិក ដែលមានទ្រព្យសម្បត្តិមហាសាល និងជាមនុស្សម្នាក់ដែលត្រូវបានគេកាត់ទោសចំពោះបទល្មើសភេ.ទលើអនីតិជន។ គាត់បានក្លាយជាប្រធានបទអន្តរជាតិ ដោយសារការបង្កើតបណ្តាញនៃការជួញដូរផ្លូវភេ.ទលើកុមារ ដែលផ្ដោតសំខាន់ទៅលើអ្នកមានឥទ្ធិពលដូចជា អ្នកនយោបាយ អ្នកជំនួញ និងសមាជិករាជវង្ស។ ទោះជាយ៉ាងណា Jeffrey បានស្លា.ប់នៅក្នុងបន្ទប់ឃុំខ្លួនកាលឆ្នាំ 2019 ខណៈកំពុងរង់ចាំការកាត់ទោស។.jpg)
ការចេញមកបដិសេធ និងគំរាមប្ដឹ.ងរបស់លោក Trump មិនបានធ្វើឲ្យកាសែត The Wall Street Journal ខ្លាចរអា ឬបញ្ឈប់សកម្មភាពនោះទេ។ ផ្ទុយទៅវិញពួកគេបានតម្លើងរូបថតរវាងលោក Trump និង Jeffrey Epstein តាំងលើផ្ទាំងផ្សាយពាណិជ្ជកម្មនានានៅតាមចំណតឈប់រង់ចាំរថយន្តក្រុង ពេញទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស។
យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់បានឲ្យដឹងថា លោក Trump និង Jeffrey Epstein ពិតជាធ្លាប់ស្គាល់គ្នាមែនកាលពីកន្លងមក ប៉ុន្តែទំនាក់ទមនងរបស់អ្នកទាំងពីរ គឺជាជួបគ្នាតាមរយៈផ្លូវសង្គម នៅពេលដែលអ្នកទាំងពីររស់នៅ Florida កំឡុងឆ្នាំ 1990 និង 2000ប៉ុណ្ណោះ។ លើសពីនេះ មិនមានភស្តុតាងណាមួយដែលបង្ហាញថា លោក Trump ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋរបស់ Epstein ឡើយ។ ហើយលោកបានផ្ដាច់ទំនាក់ទំនងជាមួយ Epstein បន្ទាប់ពីលោកបានប្រឡូកក្នុងវិស័យនយោបាយ ព្រមទាំងដោយសារវិវាទអចលនវត្ថុ ចាប់តាំងពីឆ្នាំ 2004 មកម្ល៉េះ៕










