ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub ប្រាប់ឱ្យជ.នជាតិថៃរួមគ្នា Report លើ YouTube ខ្មែរណាដែលប្រើប្រាស់បច្ចេកវិទ្យា AI ។ លោកចោទប្រកាន់ថា YouTube របស់ខ្មែរបង្កើតជាសំឡេងជនបរទេសមើ.លងា.យថៃ រិះគ.ន់វិស័យទេសចរណ៍ បង្កើតការបែកបាក់ និងបំផ្លា.ញមុខមាត់ប្រទេសថៃ ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub និយាយថា ជាក់ស្តែង YouTube មួយឈ្មោះ «Carl Reed – Your Thailand Guide» ដែលប្រើប្រាស់ឈ្មោះ និងរូបភាពជាជនបរទេស ប៉ុន្តែតាមការត្រួតពិនិត្យ គឺ YouTube នេះជារបស់ខ្មែរដែលប្រើប្រាស់បច្ចេកវិទ្យា AI បង្កើតសំឡេងឱ្យដូចជនបរទេស ។ YouTube នេះមានគោលបំណងបំភ្លៃការពិតពីប្រទេសថៃ បង្កជម្លោះ និងមានចេតនារិះគន់វិស័យទេសចរណ៍ថៃ ។
លោកបន្តថា YouTube នេះបានមើលងាយជនជាតិថៃ និងឥណ្ឌា ហើយឈានទៅបង្កការស្អប់ខ្ពើម បង្កការបែកបាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ី ។ ហេតុនេះ សូមពលរដ្ឋថៃរួមគ្នា Report លើ YouTube ឈ្មោះនេះ ដើម្បីឱ្យខាង YouTube ត្រួតពិនិត្យ និងផ្អាកការប្រើប្រាស់យ៉ាងឆាប់រហ័ស ។
លោកប្រាប់ឱ្យពលរដ្ឋថៃចុច Report User និងផ្តល់ហេតុផលថា YouTube នេះធ្វើឱ្យមានការយល់ខុស ឬបន្លំជាអ្នកផ្សេង (Misleading or impersonation) បន្ទាប់មក ពលរដ្ឋត្រូវសរសេរបកស្រាយថា ដោយសារ YouTube នេះជារបស់ខ្មែរដែលប្រើប្រាស់ AI បន្លំជាសំឡេងជនបរទេសរិះគន់ប្រទេសថៃ និងនិយាយអាក្រក់ពីពលរដ្ឋនៅតំបន់អាស៊ី ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃថា ៖ «សូមជនជាតិថៃជួយគ្នា Report តាមអ្វីដែលខ្ញុំប្រាប់ កុំបណ្តោយឱ្យខ្មែរបង្ហោះអ្វីមើលងាយថៃដើម្បីការពារមុខមាត់ប្រទេសថៃ ។ បើពលរដ្ឋថៃប្រទះឃើញបណ្តាញសង្គមផ្សេងទៀតមានលក្ខណៈបែបនេះ ឬបង្ហោះអ្វីពាក់ព័ន្ធនឹងការបំផ្លាញកិត្តិយសថៃ សូម Report ជាបន្ទាន់ដើម្បីការពារខ្លួន និងលុបបំបាត់ព័ត៌មានក្លែងក្លាយ» ។
គួរបញ្ជាក់ថា បច្ចុប្បន្ន មានព័ត៌មានក្លែងក្លាយជាច្រើនដែលប្រើប្រាស់ AI ផ្សព្វផ្សាយមិនល្អពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនៅក្នុងបណ្តាញសង្គមថៃ ក្នុងគោលបំណងបង្កការញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ។ ហេតុអ្វីថៃពុំព្យាយាមទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងប្រទេសខ្លួនឯង ហើយមកចោទប្រកាន់ពលរដ្ឋខ្មែរទៅវិញ?










