ប្រទេសថៃ ៖ មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានស្នើឱ្យភ្ញៀវទេសចរខ្មែរទៅលេងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ដែលស្ថិតនៅលើទឹកដីកម្ពុជាត្រូវតែគោរពច្បាប់ថៃ ហើយលោកនឹងប្រើប្រាស់វិធានការពីស្រាលទៅធ្ងន់ ប្រសិនបើភ្ញៀវទេសចរខ្មែរបង្កចលាចល ។ លោកបញ្ជាក់ថា ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជាប្រាសាទបុរាណរបស់ប្រទេសថៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ PPTV កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី២០ ខែកក្កដា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បាននិយាយពីភ្ញៀវទេសចរខ្មែរជិះរថយន្តក្រុងជាច្រើនមកលេងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីថា លោករីករាយ និងសូមស្វាគមន៍ភ្ញៀវទេសចរខ្មែរ និងភ្ញៀវទេសចរមកពីប្រទេសផ្សេងៗ ដែលមកកម្សាន្តនៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីរបស់ថៃ ។ ប៉ុន្តែភ្ញៀវទេសចរគ្រប់រូបត្រូវតែគោរពតាមច្បាប់ដែលកងទ័ពភូមិភាគ២ បានកំណត់ ។
.jpg)
លោកបានចាត់តាំងក្រុមផ្តល់ភាពងាយស្រួល និងមើលថែភ្ញៀវទេសចរដើម្បីឱ្យភ្ញៀវទេសចរគោរពច្បាប់ថៃ ពុំបង្កចលាចល ។ ដូច្នេះ ភ្ញៀវទេសចរគ្រប់រូបនឹងអាចដើរមើលប្រាសាទតាមធម្មតា ។

លោកបន្តថា ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជាប្រាសាទបុរាណដ៏សំខាន់របស់ថៃ និងមានប្រវត្តិសាស្ត្រយូរលង់ បើភ្ញៀវទេសចរណាម្នាក់បង្កបញ្ហា គឺអាជ្ញាធរថៃនឹងចាត់វិធានការពីស្រាលទៅធ្ងន់ ។ ហេតុនេះ សូមភ្ញៀវទេសចរកុំបង្កបញ្ហា ពីព្រោះភ្ញៀវទេសចរគ្រប់រូបមកមើលប្រាសាទបុរាណរបស់ថៃ ត្រូវតែគោរពច្បាប់ថៃ ។.jpg)
នៅថ្ងៃដដែល (ថ្ងៃទី២០ ខែកក្កដា) ក្នុងបណ្តាញសង្គមថៃបានចែកចាយរូបភាពពលរដ្ឋថៃសរសេរអក្សរថា «ពលរដ្ឋថៃពាក់អាវថៃ ស្វាគមន៍ភ្ញៀវទេសចរខ្មែរដោយស្នាមញញឹម និងមិត្តភាពពីម្ចាស់ទឹកដីពិតប្រាកដ» ។ ការសរសេរបែបនេះ គឺពលរដ្ឋថៃចង់បញ្ជាក់ថា ប្រាសាទទាំង២នេះស្ថិតនៅលើទឹកដីថៃ ហើយពលរដ្ឋខ្មែរដែលទៅលេងប្រាសាទ គឺទៅលេងប្រទេសថៃ ។

កងទ័ព និងពលរដ្ឋថៃបានតាំងខ្លួនឯងជាម្ចាស់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ដែលជាប្រាសាទរបស់បុព្វបុរសខ្មែរ ស្ថិតនៅលើទឹកដីខ្មែរ និងថែមទាំងឱ្យពលរដ្ឋខ្មែរទៅលេងប្រាសាទបុរាណគោរពច្បាប់ថៃទៅវិញ ។ កាលពីថ្ងៃទី២០ ខែកក្កដា មានភ្ញៀវទេសចរថៃ និងខ្មែរជាច្រើនបានទៅលេងប្រាសាទតាមាន់ធំ ហើយភ្ញៀវទេសចរថៃខ្លះនិយាយមកកាន់ភ្ញៀវទេសចរខ្មែរថា «អរគុណដែលមកលេងប្រាសាទរបស់ថៃ» ប៉ុន្តែត្រូវបានយុវតីខ្មែរម្នាក់ឆ្លើយតបវិញថា «តើប្រាកដចិត្តមែនទេថា នេះជាប្រាសាទរបស់ថៃ» ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា មានភ្ញៀវទេសចរខ្មែរយ៉ាងច្រើនជិះរថយន្តក្រុងទៅលេងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ព្រមទាំងសួរសុខទុក្ខកងទ័ពខ្មែរ ដោយភ្ញៀវទេសចរខ្មែរពាក់អាវពណ៌ស មានព្យញ្ជនៈខ្មែរនៅលើអាវដើម្បីបញ្ជាក់ថា ខ្មែរជាម្ចាស់ប្រាសាទពិតប្រាកដ ពុំមែនថៃ ។ នេះជាទឹកចិត្តស្នេហាជាតិ ស្រឡាញ់ទឹកដី និងសាមគ្គីគ្នាជាធ្លុងមួយរបស់ពលរដ្ឋខ្មែរដើម្បីកុំឱ្យបរទេសឈ្លានពាន ៕










