ប្រិយមិត្តមួយចំនួនបានជ្រាបមកហើយថា វណ្ណដា វណ្ណថាន ហ្សាណា នរិទ្ធ និង យូហៃ មានការសម្តែងរួមគ្នានៅឯសហរដ្ឋអាម៉េរិក។ តាមរយៈវីដេអូដែលបានចែករំលែកនៅលើ បណ្តាញសង្គមគេបានឃើញ រ៉េត ស៊ូហ្សាណា មានភាពរំជួលចិត្តយ៉ាងខ្លាំងពេលបក ស្រាយបទចម្រៀង «ស្រ្តីសេរី»។
នៅថ្ងៃទី២០ កក្កដា កញ្ញា រ៉េត ស៊ូហ្សាណា គ្រាប់ពេជ្ររបស់ផលិតកម្មបារមីក្នុងនាមជាតារាចម្រៀងស្រីតែម្នាក់បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមរបស់នាងសម្រាប់ការសម្តែងនៅឯ Asian Art Museum ទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ។ ក្នុងវីដេអូ ហ្សាណា បានបង្ហាញអារម្មណ៍រំជើបរំជួលរបស់ខ្លួន បន្ទាប់ពីបកស្រាយបទចម្រៀង«ស្រ្តីសេរី» ដែលបទនេះបានចេញកាលពីខែកញ្ញា ឆ្នាំ២០២៤ ហើយ MV នេះបានថតនៅតំបន់ប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និង ប្រាសាទតាព្រហ្ម ។
បើតាមសម្តីរបស់ រ៉េត ស៊ូហ្សាណា រាល់ពេលដែលនាងបកស្រាយបទចម្រៀងនេះ នាងមានអារម្មណ៍រំជើបរំជួលដោយសារតែវាប៉ះពាល់ដល់ចិត្ត ខណៈបទនេះបានមកសម្តែងនៅអាម៉េរិកវាជាក្តីសុបិន។ ហ្សាណា ថាបទ ស្រ្តីសេរី ជាបទពិសេសសម្រាប់នាង ពេលដែលនាងសរសេរបទនេះនាងបានប្រើបទពិសោធន៍ក្នុងនាមជាស្រ្តីម្នាក់ចូលទៅក្នុងនោះហើយចង់ឱ្យស្រ្តីទាំងអស់នៅទូទាំងពិភពលោកជាពិសេសម្តាយរបស់នាងធ្វើជាស្រ្តីដែលមានសេរីភាពធ្វើអ្វីដែលខ្លួនឯងស្រលាញ់និងបង្ហាញពីខ្លួនឯង។
ការបកស្រាយដោយផ្ទាល់របស់ ហ្សាណា រួមបញ្ចូលជាមួយនឹងសំឡេងទ្រខ្មែរដែលប្រគំដោយ វណ្ណថាន បានធ្វើឱ្យទស្សនិកជនជាច្រើនសរសើរពីតារាចម្រៀងរូបនេះ។

យ៉ាងណាមិញ ក្រៅពីទស្សនិកជនមានការចាប់អារម្មណ៍ភាពរំជើបរំជួលរបស់ ហ្សាណា នៅក្នុងវីដេអូខ្លីនេះអ្នកគាំទ្រគឺបានចាប់អារម្មណ៍កែវភ្នែករបស់ យូហៃ សម្លឹងទៅកាន់ ហ្សាណា ជាពិសេសផងដែរ។ អ្នកមានចំនួនបានបញ្ចេញមតិស្រដៀងៗគ្នាថា ភ្នែករបស់យូហៃគឺភ្ជាប់ទៅហ្សាណា, នេះជារូបភាពនៃក្តីស្រលាញ់ភ្នែកមិនដែលកុហកនោះទេ៕










