សារព័ត៌មានជាច្រើននៅក្នុងប្រទេសថៃ បានផ្សព្វផ្សាយខុសការពិត ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-ថៃ ដែលនាំឱ្យមហាជនមានការភាន់ច្រឡំ។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឯកឧត្តម នេត្រា ភក្ត្រា បានស្នើឱ្យសារព័ត៌មានថៃទាំងអស់ មិនត្រូវបំប៉ោងព័ត៌មានខុសពីការពិត កុំប្រើប្រាស់យុទ្ធសាស្ត្រទុច្ចរិតផ្សាយព័ត៌មាន ដោយបញ្ចេញបញ្ជូលនូវនិន្នាការនយោបាយ។

ឯកឧត្តម បានសង្កត់កធ្ងន់ថា៖” ជាពិសេសកាសែត Khaosod ដែលធ្លាប់បានផ្សាយខុសពីការពិត ដោយកាលនោះ កម្ពុជា-ថៃ ឯកភាពគ្នាសម្រួលកងទ័ព តែបែរជាផ្សាយថាកម្ពុជាដកទ័ពទៅវិញ។

រដ្ឋមន្ត្រីព័ត៌មានរូបនេះ បានលើកឡើងទៀតថា៖”លោកមិនបង្រៀនអ្នកសារព័ត៌មានថៃអំពីក្រមសីលធម៌អ្នកសារព័ត៌មានទេ ប៉ុន្តែអ្នកសារព័ត៌មានថៃកន្លងមកបានធ្វើយុទ្ធសាស្ត្រដ៏អាក្រក់ ប្រាសចាកក្រមសីលធម៌។

ថ្វីបើថៃខំផ្សាយព័ត៌មានមិនពិតជាច្រើន តែឯកឧត្តម នេត្រា ភក្ត្រា យល់ឃើញថា ពលរដ្ឋកម្ពុជា បានទទួលព័ត៌មានច្បាស់លាស់អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ តាមរយៈការផ្សព្វផ្សាយព័ត៌មានជាច្រើនដែលមានក្រមសីលធម៌៕