ប៊ី សុធារី runner up Miss Cosmo Cambodia 2025 បានបញ្ជាក់ច្បាស់ៗនៅក្នុង កម្មវិធីមួយថានាងមិនខកចិត្តសូម្បីតែបន្តិចដែលមិនបានគ្រងមកុដ Miss Cosmo Cambodia 2025។ ផ្ទុយមកវិញ សុធារី ថាការមិនបានគ្រងមកុដនេះគឺនាងស្រាលខ្លួន អស់សម្ពាធ។
កាលពីពេលថ្មីៗនេះកម្មវិធី 3Fun បានចាក់ផ្សាយកម្មវិធីដោយនាំមកនូវវត្តមាន TOP5 Miss Cosmo Cambodia 2025 ជាតារាកិត្តិយសប្រចាំសប្តាហ៍។ នៅក្នុងនោះពិធីករ បានជីកសួរទៅកាន់ ប៊ី សុធារី ម្តងទៀតថានាងមានការខកចិត្តឬទេ ព្រោះ នាងជាជើងខ្លាំងនៅក្នុងវិស័យបវរកញ្ញាហើយមានការរំពឹងថានាងនឹងបានមកុដប៉ុន្តែបែរជាមិនបានទៅវិញ។
ប៊ី សុធារី បានឆ្លើយដោយមិនស្ទាក់ស្ទើរថានាងមិនខកចិត្តសូម្បីតែបន្តិចដែលមិនបានគ្រងមកុដ Miss Cosmo Cambodia 2025 ។ សុធារី ថាបើមើលសកម្មភាពនាងនៅឆាកពេលនោះនាងមិនដឹងថាមានអ្នកគិតថានាងក្លែងក្លាយសម្តែងឬយ៉ាងណានោះទេ ប៉ុន្តែធាតុពិតជាក់ស្តែងពេលនាងឮគេប្រកាសថាជា ស្រីពី ភ្លាមគឺពេលនឹងនាងមានអារម្មណ៍ថាស្រាលខ្លួន អស់សម្ពាធ។ runner up Miss Cosmo Cambodia 2025 ថានាងចាំបានកាលដែលខ្លួនសម្រេចចិត្តចូលប្រកួតគឺដោយសារតែមានអ្នកជំរុញពីកម្មវិធីនេះមានអ្នកនៅពីក្រោយធំ ត្រៀមរៀបចំកម្មវិធីធំដើម្បីប្រូម៉ូតពីបេក្ខភាព និងប្រទេសខ្មែរ ហើយនាងឃើញពីសក្កានុពលក្រុមហ៊ុននិងការរៀបចំកម្មវិធីនេះឡើង ជាកម្មវិធីថ្មីស្តង់ដារខ្លាំង អ្នករៀបចំកម្មវិធីគឺជាអ្នករៀបចំកម្មវិធីបវរកញ្ញាចក្រវាលវៀតណាមពីមុន។
ប៊ី សុធារី ថាចំណុចមួយទៀតដែលនាងសម្រេចចិត្តចូលរួមប្រកួតគឺតបទៅអ្នកគាំទ្ររបស់ខ្លួនហើយនាងមកប្រកួតមិនមែនដើម្បីខ្លួនឯងគឺចង់ឱ្យហ្វេនអស់ចិត្តហើយមួយទៀតគឺនាងចង់ពេលដែលនាងចេញទៅក្រៅឱ្យគេហៅ Title ថ្មីដោយមិនខ្វល់ថាជា Winner ឬ runner up ព្រោះនាងមិនចង់ឱ្យគេហៅ Title មួយនោះហើយនាងមិនត្រូវការ Title នោះទៀតទេ៕










