អ្នកនាង Jimmy Meng បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបានបង្ហោះ Trend បែបខ្មែរពីរឿងព្រេង ពុទ្ធិសែននាងកង្រី។ ត្រឹមតែរយៈពេល២ម៉ោងអ្នកនាង Jimmy បានបង្ហាញថាមានការទស្សនា១លានដងនៅលើហ្វេកប៊ុក។
រាល់ការថត Trend មួយៗវាមិនមែនជារឿងងាយស្រួលនោះទេដោយត្រូវការចំណាយពេលជាច្រើនម៉ោង ហើយវីដេអូផ្លូវការពេលខ្លះមិនដល់១នាទីផង។ កន្លងមកនេះមានសិល្បករ សិល្បការិនីមួយចំនួនបានបង្ហាញពីការលេង Trend បែបបរទេស ហើយការលេង Trend បែបខ្មែរគឺមានការចូលរួមលេងមួយៗដូចជា Trend ផាត់មុខអប្សរា, Trend ទឹកដីខ្មែរសុវណ្ណភូមិ ជាដើម…។

យ៉ាងណាមិញ នៅថ្ងៃទី១៨ ខែកក្កដា អ្នកនាង Jimmy Meng បានបង្ហាញវីដេអូថ្មីមួយពី ការលេង Trend ចេញពីរឿងព្រេង ពុទ្ធិសែននាងកង្រី ដោយមានស្វាមីរបស់អ្នកនាង ផេនខេក និងអ្នកផ្សេងទៀតចូលរួម។ ដ្បិតត្រឹមតែរយៈពេល១នាទី ២៤វិនាទីក្តី ប៉ុន្តែបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះប្រៀបដូចជាបង្ហាញខ្សែភាពយន្តមួយបាត់ទៅហើយ។
ក្នុងវីដេអូនេះមានទាំងតួអង្គនាងទាំង១២ នាងកង្រី យក្ខិនី ពុទ្ធិសែន រួមទាំងតាឥសី ជាដើម។ នៅចុងបញ្ចប់វីដេអូក៏បានបង្ហាញរូបភាពភ្នំកង្រី នៅខេត្តកំពង់ឆ្នាំងផងដែរ។
ទម្រាំនឹងចេញសមិទ្ធផល Trend ពុទ្ធិសែននាងកង្រី អ្នកនាង Jimmy បានបង្ហាញថាចំណាយពេល៣៦ម៉ោងទាំងថតទាំងកាត់បូករួមជាមួយនឹងក្រុមការងារជិត ៤០ជីវិតមកធ្វើការងារនេះរួមគ្នា។
ការចំណាយពេលជាច្រើនម៉ោង ទៅលើ Trend ពុទ្ធិសែននាងកង្រី ក៏ហុចលទ្ធផលប្រសើរមកកាន់អ្នកជំនួញអនឡាញរូបនេះដូចគ្នាពោលគឺត្រឹមតែរយៈពេល២ម៉ោងមានការទស្សនាខ្ទង់លានដងនៅលើបណ្តាញសង្គមហ្វេកប៊ុក មានការចុច like រាប់ម៉ឺននាក់ រួមទាំងមតិសរសើរនិងការចែករំលែកបន្តយ៉ាងច្រើន៕










