ស្ថាបនិក ឬ អ្នកបង្កើតរូបិយប័ណ្ណ Bitcoin បានក្លាយជាមហាសេដ្ឋីលំដាប់ទី11របស់ពិភពលោក ជាមួយនឹងការកាន់កាប់ទឹកប្រាក់ប្រមាណ 129ពាន់លានដុល្លារក្នុងទ្រព្យសម្បត្តិ Bitcoin។ ប៉ុន្តែទោះជាយ៉ាងណា រហូតមកទល់ពេលនេះមិនទាន់មានអ្នកដឹងថាស្ថាបនិករូបិយប័ណ្ណអេឡិចត្រូនិចរូបនេះជានរណាឡើយ ពោលគឺអត្តសញ្ញាណរបស់បុគ្គលរូបនេះនៅតែគ្មានអ្នកណាស្គាល់។
.jpg)
យោងតាមប្រភពពីសារព័ត៌មាន Times of India និង Financial Express បានរាយការណ៍ថា បុគ្គលឈ្មោះ Satoshi Nakamoto អ្នកបង្កើតរូបិយប័ណ្ណ Bitcoin ដែលបានបាត់ខ្លួនពីចុងឆ្នាំ2011 និងពេលនេះកំពុងកាន់កាប់ទ្រព្យសម្បត្តិ Bitcoin ដ៏មហាសាលដែលគិតជាទឹកប្រាក់ គឺចន្លោះពី 128.9 ទៅ១២៩ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី 11 ឬ 12 លើពិភពលោក។ ប៉ុន្តែបុគ្គលរូបនេះបានបាត់ខ្លួនពីភ្នែកសាធារណៈជនចាប់ពីឆ្នាំ2011មកម្ល៉េះ។
ថ្មីៗនេះ ការរាប់ចំណាត់ថ្នាក់អ្នកមានបំផុតលើពិភពលោក តាមរយៈការរាប់ចំនួនទ្រព្យសម្បត្តិ គឺលោកបានឈរនៅលំដាប់ទី11 ដោយផ្ដួលបុគ្គលល្បីៗមួយចំនួនដូចជា Michael Bloomberg, Rob Walton និង Zhang Yiming។ ទោះជាយ៉ាងណា គាត់នៅតែត្រូវស្ថិតនៅក្រោម Elon Musk, Bernard Arnault, Jeff Bezos និង Mark Zuckerberg។
.jpg)
គួរជម្រាបថា Bitcoin ត្រូវបានគេបង្កើតឡើង កាលពីឆ្នាំ2008 ក្រោមការផ្តួចផ្តើមគំនិតរបស់មនុស្សម្នាក់ (ឬក៏អាចជាមនុស្សមួយក្រុម) ដែលប្រើរហស្សនាមថា “Satoshi Nakamoto” ដែលមកទល់នឹងពេលបច្ចុប្បន្ននេះ គេនៅតែមិនទាន់ស្គាល់ច្បាស់នៅឡើយពីអត្តសញ្ញាណពិតប្រាកដនៃបុគ្គល ឬក្រុមបុគ្គលនៅពីក្រោយរហស្សនាមនេះ។
វាជាប្រភេទរូបិយវត្ថុមួយដែរ គ្រាន់តែវាជារូបិយវត្ថុដែលអរូបិយ ហើយដែលមិនមែនចេញដោយធនាគារកណ្តាលនៃប្រទេសណាមួយ ប៉ុន្តែអាចត្រូវគេយកទៅប្រើជាមធ្យោបាយដោះដូរនៅតាមប្រព័ន្ធអ៊ីនធ័រនែត ដូចជារូបិយវត្ថុធម្មតាដែរ។ វាមានតម្លៃឡើងចុះអាស្រ័យទៅតាមតម្រូវការទីផ្សារ។ គេអាចយកលុយធម្មតា ដូចជា ដុល្លារ ឬអឺរ៉ូ ជាដើម ទៅទិញ Bitcoin ហើយនៅពេលដែលមានអ្នកស្វែងរកទិញកាន់តែច្រើន តម្លៃ Bitcoin នឹងកើនឡើងកាន់តែខ្លាំង។
ជាមួយចំនួននៃអ្នកកាន់កាប់ Bitcoin ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទ្រព្យសម្បត្តិនៃស្ថាបនិករបស់វាក៏ចាប់ផ្ដើមហក់ឡើងខ្ពស់ទៅៗរហូតពេលនេះបានឈរក្នុងតារាងចំណាត់ថ្នាក់នៃមហាសេដ្ឋីកំពូលៗនៅលើពិភពលោក។ ប៉ុន្តែអត្តសញ្ញាណពិតប្រាកដនៃបុគ្គលរូបនោះ នៅតែស្ថិតក្នុងភាពអាថ៌កំបាំង៕










